ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ដោយ​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​លុប​ចោល​ថ្ងៃ​ឈប់​សង និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​គឺ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម​គន្លឹះ និង​ធានាថា​ពលរដ្ឋ​កម្ពុជា​នឹងមិន​ប្រឈម​ការអត់​ការងារ​ធ្វើ​ដូច​ប្រទេស​ខ្លះ​ទេ​។ ប៉ុន្តែ​សហជីព​ខ្លះ​ថា​រដ្ឋាភិបាល​គួរ​ទាក់ទាញ​ការវិនិយោគ​ប្រភេទ​នេះ​តាម​វិធីសាស្ដ្រ​ផ្សេង​វិញ​។


លោក អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​លើកឡើង​ថា កម្ពុជា​ដែល​ពឹងផ្អែក​​លើ​តម្លៃ​ពលកម្ម​ទាប​សម្រាប់​​ដណ្ដើម​វិនិយោគទុន​បរទេស​ និង​ទីផ្សារ​ពិភពលោក គឺ​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាល់​ឡើង​។

លោក​ថា ការកើនឡើង​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់រហ័ស និង​ការវិវឌ្ឍ​បច្ចេកវិទ្យា​ដ៏ជឿនលឿន​​រួមទាំង​បញ្ហា​ខាងក្រៅ​ដូចជា​ភាព​តានតឹង​សង្គ្រាម​ពាណិជ្ជកម្ម ជម្លោះ​ភូមិសាស្ដ្រ​នយោបាយ ចលាចល​ក្នុងប្រទេស​មួយចំនួន​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ​ធម្មជាតិ​ជាដើម​បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ជា​បណ្ដើរៗ​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ដណ្ដើម​យក​ការវិនិយោគ និង​ទីផ្សារ​ពិភពលោក​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​ការងារ​។

លោក​ថា​៖ «​ទោះបី​ពេលនេះ​កម្ពុជា​កំពុងតែ​ផ្ដល់​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក៏​បាន​ឈានដល់​ការប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដែលមាន​ភាពខុសគ្នា​ខ្លះទៅ​អតីតកាល​ដែល​តម្រូវឱ្យ​យើង​ត្រូវខិតខំ​ជម្នះ​ដើម្បី​បត់បែន​ទៅតាម​​សំដៅ​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បង្កើត​ការងារ និង​មុខរបរ​ឱ្យបាន​ច្រើន​...​ព្រមទាំង​ធានាថា យុវជន​​ជំនាន់​ក្រោយ​របស់​យើង​នឹងមិន​ក្លាយជា​អ្នក​រង​ហានិភ័យ​ធ្ងន់ធ្ងរ​ដោយសារ​អត់​ការងារ​ធ្វើ​...»​។


ការលើកឡើង​របស់​លោក អ៊ិត សំហេង នេះ​ធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នៅ​សណ្ឋាគារ​សាន់វ៉េ​​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែល​មាន​អ្នកចូលរួម​ពី​ភាគី​រដ្ឋាភិបាល និយោជក កម្មករ និង​ដៃគូ​ពាក់ព័ន្ធ​ដូចជា អង្គការ​ ILO ​ជាដើម​។ ​នេះ​គឺជា​សិក្ខាសាលា​លើក​ទី​ ១ បន្ទាប់ពី​ក្រសួង​ការងារ​ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នេះ​។


លោក អ៊ិត សំហេង បន្តថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នេះ​គឺ​ដើម្បីឱ្យ​ស្របតាម​បរិបទ​សេដ្ឋកិច្ចសង្គម និង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម​គន្លឹះ ខណៈ​ការវិនិយោគ​ទាំងនោះ​គឺ​ភាគច្រើន​ត្រូវការ​កម្លាំង​ពលកម្ម​ធ្វើការ​លើសពី ១ ​វេន​។

លោក​ថា​៖ «​ការកែប្រែ​នេះ​គឺ​ទី​ ១ ​ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​គន្លឹះ ដូចជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ការកែច្នៃ​ម្ហូបអាហារ​ជាដើម​។ ​ទី​ ២ បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ជម្រើស និង​តម្រូវការ​ជាក់ស្ដែង​របស់​ពួកគេ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរឡើង​។ សូមបញ្ជាក់ថា រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ដែល​ធ្វើការ​លើស​ពី​ ១ ​វេន​ម្ដងម្កាល​ត្រូវ​បន្ត​អនុវត្ត​បទប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន​»​។

លោក​បញ្ជាក់ថា​៖ «​ការលុបចោល​ថ្ងៃ​ឈប់​សង​ចំ​ថ្ងៃអាទិត្យ ដូច​អនុវត្ត​ចំពោះ​មន្ត្រី​សាធារណៈ​ទូទៅ​ក៏ដូចជា ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា សំដៅ​លើកកម្ពស់​ផលិតភាព​ការងារ និង​ពង្រីក​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកល​។ ក្រសួង​នឹង​ពិនិត្យ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធានាថា ផលប្រយោជន៍​កម្មករ​នឹងមិន​ត្រូវបាន​កាត់បន្ថយ​ឡើយ​»​។

លោក​បាន​បន្ថែមថា ចំពោះ​ការកែប្រែ​ច្បាប់​ដើម្បី​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​បុគ្គល​ដោយ​មូល​ហេតុថា នេះ​ជា​ក្រុមការងារ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​ទទួល​បាន​ការទុកចិត្ត​ពី​គ្រប់ភាគី​។

លោក​បាន​បញ្ជាក់ថា ចំនួន​វិវាទ​បុគ្គល​ដែល​ក្រសួង​ការងារ​ទទួល​បាន​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ​មាន​ចំនួន​ ៩៨៥ សំណុំរឿង​ដែល​ភាគច្រើន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​មិនមាន​ភាគី​ណា​ប្ដឹង​ទៅ​តុលាការ​ឡើយ​។

ចំណែក​លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ចំនួន​ ៣ ​មាត្រា​នេះ​នឹងធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​សម្រាប់​កម្មករ​។ ​លោក​ថា ខណៈ​រដ្ឋាភិបាល​ចាត់ទុក​ការធ្វើ​វិសោធនកម្ម​នេះ​គឺជា​កំណែទម្រង់​មួយ​ដើម្បី​ទាក់ទាញ​វិនិយោគ គឺ​នឹង​ត្រូវ​បានអនុម័ត​ក្នុង​រយៈពេល​ដ៏ខ្លី​បំផុត​ប្រសិនបើ​គ្មាន​ការប្រឆាំង​ពី​មហាជន​ ឬ​កម្មករ​នោះ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​ច្បាប់​នេះ​នឹង​ត្រូវ​ចេញ​ហើយ ព្រោះ​ស្ថានភាព​នេះ​គឺ​ខាង​រដ្ឋាភិបាល​បាន​បញ្ជាក់​ហើយ​គឺជា​កំណែទម្រង់​ដ៏មុតស្រួច និង​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ហើយ​សូម្បី​ថ្ងៃ​ឈប់​បុណ្យ​ ៦ ​ថ្ងៃ ត្រូវ​បាន​កាត់​ហើយ ការងារ​វេន​យប់ និង​ថ្ងៃ​ឈប់​ចំ​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ទៀត អ៊ីចឹង​ខ្ញុំ​គិត​វា​ប្រាកដ​ជា​ប៉ះពាល់​ហើយ ហើយ​ពួកយើង​ជា​​សហជីព​អត់​នឹកឃើញ​ការជជែក​គ្នា​មួយ​ដែល​ធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​កម្មករ​ទេ​»​។

លោក អាត់ ធន់ បន្ត​ថា​ក្រុមកម្មករ​ដែល​ធ្វើ​ការងារ​ ២ ​វេន​គឺ​ស្មើនឹង​ ២៤ ​ម៉ោង​គឺជា​ក្រុមកម្មករ​ធ្វើការ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អ្នកបម្រើ​ការងារ​ខាង​ផ្នែក​អគ្គិសនី​ជាដើម ខណៈ​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​ដែល​ធ្វើការ​វេន​យប់​មាន​​ប្រហែល​ជាង​ ២ ​ភាគរយ​។

លោក​បន្ថែមថា ដើម្បី​ទាក់ទាញ​វិនិយោគ​មែនរដ្ឋាភិបាល​គួរ​ប្ដូរ​យុទ្ធសាស្ដ្រ​ផ្សេង​ជា​ជាង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​​ដែល​នាំឱ្យ​កម្មករ​ត្រូវ​បាត់បង់​ប្រយោជន៍​បែបនេះ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ផ្នែក​មួយ​នៃ​ការ​កំណែទម្រង់​ផ្នែក​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​របស់​រដ្ឋ​គឺ​វា​អត់​ខុស​ទេ ត្រូវ​ហើយ​។

ប៉ុន្តែ​ផ្នែក​ផ្សេងទៀត​ដូចជា ការកាត់បន្ថយ​ការិយាធិបតេយ្យ​ ឬ​អំពើពុករលួយ​នៅតាម​កន្លែង​ផ្សេងៗ​ក៏ត្រូវ​ពិនិត្យ​ដែរ ហើយ​ការរក្សាទុក EBA ឱ្យនៅ​គង់វង្ស​ក៏​ជា​វិធីសាស្ដ្រ​មួយ​ដើម្បី​ជួយ​ទៅ​ដល់​ការបង្កើត​ការងារ​ច្រើន​ដែរ​...»​។

លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​លើកឡើងថា ការកែប្រែ​ច្បាប់​ការងារ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​កម្មករ និង​និយោជក ប៉ុន្តែ​គាំទ្រ​ឱ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ព្រោះ​វា​នឹង​ជួយ​ឱ្យ​កម្ពុជា​ក្នុង​ការបង្កើន​លទ្ធភាព​ប្រកួតប្រជែង​ដណ្ដើម​យក​អ្នកវិនិយោគ​ថ្មី​។

លោក​ថា​៖ «​កែសម្រួល​ច្បាប់​នេះ​គឺ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ថ្មី​បង្កើន​ផលិតភាព និង​បង្កើន​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​នេះ គឺ​ប្រយោជន៍​រួម​របស់​រដ្ឋាភិបាល​របស់​យើង​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​បញ្ជាក់​ទៀតថា ក្រសួង​នឹង​បង្កើតឱ្យ​មាន​យន្តការ​ត្រីភាគី និង​យន្តការ​ត្រីភាគី​បូក​ដូចជា បូក​ជាមួយ​ ILO និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ពិភាក្សា​លើ​ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ចំនួន​ ៤ ​មាត្រា​រហូត​ឈាន​ដល់​ការឯកភាព​គ្នា ទើប​បញ្ជូន​បន្ត​ទៅឱ្យ​យន្តការ​រដ្ឋាភិបាល​អនុម័ត​សម្រេច​នាពេល​ខាង​មុខ​។

លោក​បញ្ជាក់ថា គោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កំណត់​យកសុខ​សន្ដិភាព​ និង​ស្ថិរភាព​ជា​មូលដ្ឋានគ្រឹះ​បានធ្វើ​ឱ្យ​កម្ពុជា​មាន​សក្ដានុពល​វិនិយោគ និង​ពាណិជ្ជកម្ម​។

លោក​បន្ថែម​ថា ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ​ ១៩៩៦ បាន​ធ្វើឱ្យ​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង រីកចម្រើន​ពី​​រោងចក្រ​ប្រហែល​ ៦០ និង​កម្មករ​ ​៨ ​ម៉ឺន​នាក់ កើន​ដល់​ជិត​ ១ ​ពាន់​រោងចក្រ និង​កម្មករ​ជិត​ ៨១ ​ម៉ឺន​នាក់​នាពេល​បច្ចុប្បន្ន​៕