ភ្នំពេញៈ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន រួមនឹងអតីតមន្ត្រីមួយចំនួនទៀតកំពុងប្រជុំគ្នារៀបចំឯកសារផ្លូវច្បាប់ កំណត់ឈ្មោះ និងស្លាកសញ្ញាគណបក្សថ្មី ដើម្បីដាក់ស្នើទៅក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែមករានេះ ដោយសារតែមិនអាចបន្តរង់ចាំថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបន្តទៅទៀតបាន។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការសម្រេចចិត្ដជារួមរបស់អ្នកនយោបាយនៃអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិគឺបានឯកភាពគ្នាបង្កើតគណបក្សថ្មី ដោយកំពុងបន្តប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំឯកសារដាក់ស្នើទៅក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «យើងកំពុងជជែកគ្នាបន្ត ទោះបីយ៉ាងម៉េចក៏ដោយមុនដំណាច់ខែមករានេះ យើងត្រូវតែដាក់ទៅក្រសួងមហាផ្ទៃជាផ្លូវការ។ យើងកំពុងពិនិត្យមើលឡូហ្គោ តើគួរប្ដូរទៅជារបៀបម៉េច? គឺយើងមានជម្រើស ២ ទៅ ៣ ដែលយើងធ្វើនេះ។ យើងអាចនឹងកែវាហើយឈ្មោះក៏យើងអាចនឹងកែវាដែរ ព្រោះយើងមានអ្នកផ្ដល់យោបល់រឿងឈ្មោះនេះ»។
បើតាមលោក ច័ន្ទរ័ត្ន បម្រាមសិទ្ធិនយោបាយដោយសាលដីកាតុលាការកំពូលក៏ជាឧបសគ្គក្នុងការបង្កើតគណបក្សថ្មីនេះដែរ។
លោកបានថ្លែងថា៖ «ការសម្រេចចិត្ដជាទូទៅ បុគ្គលមន្ដ្រីនយោបាយមួយចំនួន គឺគាំទ្រការបង្កើតគណបក្សថ្មីនេះ។ នៅពេលនេះគឺចាំមើលអ្នកណាចេញមកមុន អ្នកណាចេញមកក្រោយតែប៉ុណ្ណោះ។ អ្នកខ្លះនៅមានការខ្លាចការស្ដីបន្ទោសពីអ្នកគាំទ្រ ហើយអ្នកខ្លះទៀតនៅមានការស្ទាក់ស្ទើរ ដោយសារតែមានមនោសញ្ចេតនាជាមួយថ្នាក់ដឹកនាំចាស់ៗ»។
លោក ច័ន្ទរ័ត្ន បញ្ជាក់ថា ក្រុមអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ជាទូទៅគឺចង់ឱ្យមានការទម្លាក់ចោល បញ្ចប់ ឬព្យួរនូវសាលដីកា ការបិទសិទ្ធិនយោបាយ ព្រោះចំណុចនេះ គឺជាផលល្អសម្រាប់ដំណើរការបង្កើតគណបក្សថ្មី និងជាហេតុផលល្អធ្វើឱ្យបុគ្គលនយោបាយទាំងអស់មិនស្ទាក់ស្ទើរ។
លោកថា ការសម្រេចចិត្ដបង្កើតគណបក្សថ្មីពេលនេះ គឺដោយសារតែសមាជិកថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមិនអាចបន្តរង់ចាំថ្នាក់ដឹកនាំដែលនៅក្រៅប្រទេសទៀតបានទេខណៈការរង់ចាំអស់រយៈពេលជាង ៣ ឆ្នាំគ្មានលទ្ធផលណាមួយដែលអាចផ្សះផ្សាជម្លោះនយោបាយបានទាល់តែសោះ។
លោក ច័ន្ទរ័ត្ន បញ្ជាក់ថា៖ «យើងក៏បានរង់ចាំ ១ ទៅ ២ លើកហើយដែរ រហូតមកដល់ពេលនេះគឺឃើញថាមិនមានលទ្ធភាពចូលមកដោះស្រាយអ្វីទេ ហើយការប្រឈមដាក់គ្នាក៏នៅតែមានការប្រឈមគឺមិនមានការសម្របសម្រួលអ្វីទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានស្វាគមន៍ចំពោះ ការសម្រេចចិត្ដ និងការហ៊ានបញ្ចេញលទ្ធផលក្នុងការបង្កើតគណបក្សថ្មីរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង។
លោកថ្លែងថា៖ «ខ្ញុំលើកទឹកចិត្ដ និងគោរពសិទ្ធិនយោបាយរបស់ឯកឧត្ដម អ៊ូ ច័ន្ទរ័ត្ន ដែលគាត់មានឆន្ទៈមោះមុតនៅក្នុងការចង់ធ្វើនយោបាយប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ សកម្មភាពនេះក្នុងនាមគាត់ជាអតីតមន្ដ្រីជាន់ខ្ពស់នៅក្នុងអតីតគណបក្សប្រឆាំងគឺគាត់អស់ជំនឿលើការដឹកនាំរបស់ក្រុមប្រធានក្រៅច្បាប់នៅក្រៅប្រទេសហើយ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា អ្នកនយោបាយណាដែលទទួលបាននីតិសម្បទាក្នុងការធ្វើនយោបាយឡើងវិញ គឺពួកគាត់មានសិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយ ឬបង្កើតគណបក្សនយោបាយ។
លោកបញ្ជាក់ថា៖ «ការបើកគណបក្សថ្មីនេះគឺជាសិទ្ធិរបស់គាត់ ប៉ុន្ដែបើនិយាយពីដំណោះស្រាយសម្រាប់នយោបាយខ្មែរនាពេលបច្ចុប្បន្ន ខ្ញុំដូចជាមើលមិនឃើញច្រកណាមួយដែលអាចចេញរួចទេ»។
លោកបន្តថា លំនាំរបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះវាស្រដៀងគ្នាទៅនឹងអតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ដែលបានសុំសិទ្ធិធ្វើនយោបាយ និងបានទៅបើកគណបក្សថ្មីមួយចំនួន នាពេលកន្លងមកដែលជាលទ្ធផលមានតែបក្ស ប៉ុន្ដែរឿងពួតដៃគ្នាដើម្បីក្លាយជាកម្លាំងនយោបាយធំគឺមិនមានទេ។
បើតាមលោក ច័ន្ទរឿន តាមការសង្កេតរបស់លោកនយោបាយរបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្នមានប៉ូលនយោបាយ ២ ធំៗ គឺប៉ូលគណបក្សប្រជាជន និងប៉ូលគណបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកន្លងមក។ រហូតដល់បច្ចុប្បន្នក្នុងចំណោមមន្ត្រីគណបក្សប្រឆាំងទាំងអស់លោកមើលមិនទាន់ឃើញមានបុគ្គលណាមួយអាចជំនួស លោក សម រង្ស៊ី និងលោក កឹម សុខា បានឡើយ។
លោកថ្លែងថា៖ «ដូច្នេះកូនសោ ឬប្រទីបគឺស្ថិតនៅលើដៃនៃថ្នាក់ដឹកនាំទាំង ២ នេះ (សម រង្ស៊ី កឹម សុខា) នៅឡើយ សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២-២០២៣ ខាងមុខ។ បើសិនជាស្ថានភាពនយោបាយនៅតែមិនមានអ្វីផ្លាស់ប្ដូរ ខ្ញុំមើលមិនឃើញអ្នកនយោបាយណាមួយដែលអាចបាំងម្លប់របស់លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងគណបក្សប្រឆាំងបានទេ»៕
វីដេអូ៖