កំពតៈ លំហាត់​នាគ​មាស​ឆ្នាំ ២​០​១​៩​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ រវាង​កង​យោធ​ព​លខេមរ​ភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ ​«ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​​ការ​ល្អ» រវាង​ប្រទេស​ទាំង ​២ បាន​ចាប់​ផ្តើមបើកជា​ផ្លូវ​ការ​ កាល​ពី​ម្សិល​មិញ​ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​​​ហ្វឺន ​«តេជោ​សែន​ជុំគិរី»​ របស់​កងព​ល​តូច​លេខ​ ៧០​ ​នៅ​ស្រុកជុំគិរី​ ដោយ​មា​ន​កង​ទ័ព​កម្ពុជា​-ចិន ​​ចូល​រួម​​ប្រមាណ​ ២ ៨​០០​ នាក់​ និង​​មាន​ប្រើប្រាស់​អាវុធ​​យុទ្ធ​ភណ្ឌ​ទំនើបៗ។


ការធ្វើ​សមយុទ្ធ​​នាគ​មាស​ទ្រង់ទ្រា​យ​​ធំ​លើ​ក​នេះ​ធ្វើឡើង​​បន្ទាប់​ពី​​ប្រទេស​ កម្ពុជា​ បាន​ផ្អាកការធ្វើ​សមយុទ្ធ​យោ​ធា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក​កា​ល​ពី​ឆ្នាំ ២០១៧ ជា​អ្វី​ដែល​​អ្នក​វិភា​គ​យល់ថា​ ​កម្ពុជា​កំពុង​បង្កើ​ន​ការពឹង​ផ្អែកលើ​ចិន​កាន់​តែ​ខ្លាំង​ឡើង និង​ជា​សញ្ញា​នៃ​ការ​ឃ្លាត​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក។

លោក​ ឈុំ សុជាតិ អ្នក​នាំពា​ក្យ​​ក្រសួង​ការ​ពារ​ជាតិ​​បាន​សរ​សេរ​​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាលពីម្សិល​មិញ​​ថា លំហាត់​​ហ្វឹ​កហ្វឺ​ន​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ចិន​នេះមិន មានការគំរាមកំហែងអ្នក​ណា​ទាំងអស់ ផ្ទុយ​ទៅ​វិញ សមយុទ្ធ​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​ចូល​រួម​ថែរក្សាសន្តិ​សុខ​ក្នុង​តំបន់ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោ​ធ​​គ្នា​តែ​ប៉ុណ្ណោះ ជាពិសេស​បទ​ពិសោធ​ប្រយុទ្ធប្រឆាំងអំពើ​ភេរវកម្ម ជួយ​សង្គ្រោះ​ប្រជា​​ពលរដ្ន ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។

លោក​បញ្ជាក់​ថា​៖ «លំហាត់​ហ្វឹ​កហ្វឺ​ន​នាគមាស​ ផ្តោត​សំខា​ន់​លើ​ប្រធាន​បទកិច្ច​ការ​មនុស្ស​​ធម៌ និង​ការ​ប្រឆាំង​ភេរវកម្ម​ដែ​ល​​ជា​ឱកាសសម្រាប់​កង​ទ័ព​ប្រទេ​ស​ទាំង​ ២ ត្រូវ​សិក្សា​រៀន​សូត្រ​ទៅវិញ​ទៅ​មកដើម្បី​បង្កើន​សមត្ថ​​ភាព​វិជ្ជា​ជីវៈ សម្រាប់​បំពេញ​ភារ​កិច្ច​ការពារ​ប្រទេស​ជាតិ កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ខ្លាំងក្លា​ថែម​ទៀត»។

លើស​ពី​នេះ​ លោក​​ថា មិនតែ​ប៉ុណ្ណោះ លំហា​​ត់​នាគ​មាស ឆ្នាំ២០១៩ គឺជា​ការ​ចូល​រួម​ចំណែកជំរុញ​ទំនាក់​ទំនង​មិត្ត​ភាពកម្ពុជា- ចិន ឱ្យ​កាន់​តែ​រឹង​មាំ​ខ្លាំង​ក្លា ជា​ពិសេសកិច្ច​សហ​ប្រតិបត្តិ​ការ រវាង​កង​យោធព​លខេមរ​ភូមិ​ន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។


លោក​ សុជាតិ ​គូស​បញ្ជាក់​ថា​​៖ «បច្ចុប្បន្ន​នេះ ទំនាក់​ទំនង​ចិន-កម្ពុជា បាន​ឈាន​ដល់​ចំណុច​កំពូល និង​ល្អ​ជាង​ពេល​ណាៗ​ទាំង​អស់ ដែលមិ​ត្តភាព​ជាដែក​ថែប​នេះ បាន​កើត​ឡើង ក្នុង​ដំណាក់​កាល​ដឹក​នាំរ​បស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង ឯក​ឧត្ត​ម ស៊ី ជីន​ភីង ប្រធានា​ធិបតី​ចិន។ ប្រទេស​ កម្ពុជា និង​ប្រទេស​ ចិ​ន នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏រឹង​មាំនេះ​បន្ថែម​ទៀតដើម្បី​អភិវឌ្ឍ​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ»។

កងទ័ព​កម្ពុជា-ចិន បាន​ធ្វើ​លំហាត់​នាគមាសនៅ​ក្នុង​ប្រទេស ​កម្ពុជា ​ចំនួន​ ២ លើ​ក​រួច​មក​ហើយ​ ដោយ​លើក​ទី១ នៅ​ឆ្នាំ ២០១៦ និង​លើក​ទី២ នៅឆ្នាំ ២០១៨។ ភាគី​ទាំង​២ បាន​ឯកភាព​គ្នា​​បង្កើត​ឱ្យ​មាន​លំហាត់​ហ្វឹក​ហ្វឺន​នេះ រៀង​រាល់ ១ ​ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​យោធា។

នាយ​ឧត្តម​សេនី​យ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង និង​ជា​នាយ​សេនា​ធិការ​ចម្រុះ នៃ​កង​យោធព​ល​ខេមរ​ភូមិន្ទ បាន​ថ្លែង​នៅ​ក្នុង​ពេល​បើកកាល​ពី​ម្សិល​មិញ​ថា៖ «ការ​ធ្វើ​លំហា​ត់​សម​យុទ្ធ​នាគ​មាស​នេះ គឺមិន​មែន​ជាការ​គំរាម​កំហែង​ដល់​ប្រទេស​ណា ឬ​បុគ្គល​ណា​ឡើយ ​ខណៈ​ដែល​ប្រទេស​ជិតខាង ក៏មាន​ការ​ធ្វើ​សម​យុទ្ធ​ដូច​គ្នា​ដែរ​ ដូច​ជា​ការ​ធ្វើ​រវាង​អាមេរិក-ថៃ ជា​ដើម»។

លោក​ ឥត សារ៉ាត់ បន្ថែម​ថា សម​យុទ្ធ​​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ចិន​នេះ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​មាន​លក្ខ​ណៈ​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ដើ​ម្បី​ពង្រឹង​សមត្ថ​ភាព​ដល់​កង​ទ័ព​កម្ពុជា​ ដែល​នេះ​​នឹង​ធ្វើ​ឲ្យកង​ទ័ព​កម្ពុជាចំណេញ​ដោយ​ទទួល​បាន​បទ​ពិសោធជា​ច្រើនពីខា​ង​ភាគី​ចិន​ទាក់​ទង​នឹង​ការ​ប្រឆាំ​ង​អំពើ​ភេរវកម្ម ការ​សង្គ្រោះ​គ្រោះ​ម​ហន្ត​រាយ និង​របៀបវារៈ​ជា​ច្រើន​ទៀត។

នៅ​​ក្នុង​ពិធី​នេះ​ ភាគី​ចិន ឧត្តម​សេនីយ៍ ហ្វឹង​ ស៊ាន នាយ​រង​សេនា​ធិការ​កង​ទ័ព​ជើង​គោ​ក តំបន់​ខាង​ត្បូង ក៏​បាន​ថ្លែង​ដែរ​​​ថា លំហាត់​សម​យុទ្ធ​រួម​គ្នានៃ​កង​ទ័ពទាំង​ ២ កម្ពុជា​ចិន នាគមាស​ឆ្នាំ ​២០១៩​ គឺជាយន្ត​ការ ជាក់​ស្តែង​មួយ​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប្រទេស​ទាំង​ ២ ក្នុង​ការ​ជំរុញ​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ហ្វឹក​​ហ្វឺន​យោធា និង​ចូល​រួម​លើក​កម្ពស់​សមត្ថ​ភាពកង​ទ័ព​នៃ​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់​តែរីក​​ចម្រើន​ឆ្ពោះទៅ​មុខ​ ប្រកប​ដោយ​​អត្ថន័យ​ជាយុទ្ធ​សាស្រ្ត។

បើ​តាម​មន្ត្រី​យោធាកម្ពុជា​ សម​យុទ្ធ​ឆ្នាំ​ ២០១៩ ​នេះ បាន​​កំណត់​​យក​ប្រធាន​បទ​ការ​ប្រឆាំង​ភេរវកម្ម​ និង​មនុស្ស​ធម៌​ ដែល​មាន​ខ្លឹម​សារ និង​វិធី​សា​ស្ត្រ រួម​មាន៖ ទី១ លំហាត់​ទីបញ្ជា​កា​រ​ចាត់​តាំង​ក្នុង​រូបភា​ព​វរសេ​នា​តូច​ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មរួម​គ្នា ការ​ធ្វើផែន​ការ​ថ្នាក់​វរសេ​នាតូច ការ​ដាក់​ចេញ​នូវ​សេច​ក្តីប្តេជ្ញាចិត្ត​ប្រយុទ្ធ ការ​រៀបចំ​ប្រព័ន្ធ​បញ្ជា ការ​បញ្ជា​សមយុទ្ធ​ នៅ​លើតុ និង​ការ​បញ្ជា​ប្រតិ​បត្តិការ​ប្រឆាំង​ភេរ​កម្ម។

កង​កម្លាំង​កំពុង​ត្រៀម ​នៅ​មុន​ពេល​បើក​ធ្វើសម​យុទ្ធ​ កាល​ពី​ម្សិល​មិញ​។ Yousos Apdoulrashim

ទី​២ លំហាត់​លើ​ទីលាន រួម​មាន ការឃ្លាំមើល​ ស​ង្កេត​ស៊ើប​ការណ៍ ការឡោម​ព័ទ្ធ ការ​សហ​ការ​វាយ​​​លុក ការ​វាយ​កម្ទេច​ជា​ដំណា​ក់​កាល ការ​រំដោះ​ចំណាប់​ខ្មាំង កា​រ​បោស​សម្អាត ​កម្ទេច​ជំរំ​ភេរ​វករ និង​ការងារ​មនុស្ស​ធម៌ ការ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ពី​គ្រោះ​​​​ធម្មជា​តិ ការ​បំពេញ​ភារ​កិច្ច​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​ និង​វិស្វកម្ម​ជាដើម។

សម​យុទ្ធ​នេះ​មានការ​ចូល​រួម​ពី​កម្លាំង​​របស់​ភាគី​ចិន មាន​ចំនួ​ន ​២៥​២ នា​ក់ និង​ភាគី​កម្ពុជា​​ចំនួន​ ២ ៥៤២ នា​ក់។ ចំពោះ​ អាវុធ​យុទ្ធ​ភណ្ឌ ដែល​ត្រូវ​ប្រើប្រាស់​នៅក្នុង​លំហាត់ នាគ​មា​ស​ឆ្នាំនេះ​ រួម​មាន​ដូច​ជា​ រថ​ពាស​ដែក រថ​ក្រោះ កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ ឧទ្ធម្ភាគ​ចក្រ អាវុធ​​គាំទ្រ​ពីលើ​អាកាស និង​មា​ន​បន្ថែម ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជា​ទំនើបគឺ ដ្រូន ដើម្បី​ធ្វើ​ការ​​ឲ្យ​ទាន់​សភាព​ការណ៍។

លោក មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម​​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សមយុទ្ធ​​នាគ​មាស​នេះ បង្ហាញ​កាន់តែច្បាស់​ថា​ ប្រទេស​កម្ពុជា​បាន​និង​កំពុង​ពឹងផ្អែក​​ប្រទេស​ចិន​កាន់តែ​ខ្លាំ​ង​ឡើងដើម្បី​ការពារ​ផល​ប្រយោ​​ជ​ន៍​ និង​អំណាច ខណៈ​ពេល​ដែល​កម្ពុជា​បោះបង់​ចោល​បស្ចិម​ប្រទេស ហើយ​ថា​ ចិន​បាន​និង​កំពុង​ប្រើប្រាស់​កម្ពុជា​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​​​ភូមិសាស្ត្រ​នយោបាយ។

លោកបន្ត​ថា​៖ «សមយុទ្ធ​លំហាត់​នាគ​មាស​នេះ​​វា​នឹងធ្វើ​ឲ្យ មាន​ការយក​ចិត្ត​ទុកដាក់​កាន់​តែខ្លាំង​ឡើង​ថែ​មទៀត​ពី​មហា​អំណា​ច​បស្ចិ​ម​ប្រទេស ហើយ​​ថា ​កម្ពុជា​មិនគួរ​រុញ​​ប្រទេស​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​សង្គ្រាម​ត្រជាក់»។

ប៉ុន្តែលោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជានៃ​រាជបណ្ឌិត្យសភា ចាត់ទុក​ការលើកឡើង​ដែលថា ប្រទេស​ កម្ពុជា ​បាន​និង​កំពុង​ពឹងពាក់​ប្រទេស​ ចិន ហើយ​បោះចោល​​​សហរដ្ឋអាមេរិក​ថា​ ជាការ​យល់ច្រឡំ ដោយសារ តែ​​សហរដ្ឋ​អាមេរិក​​គឺជា​អ្នកដែល​បានធ្វើព្រ​​ងើយ​កន្តើយ​ចំពោះ​ប្រទេស​ កម្ពុជា។

លោក​បញ្ជាក់ថា៖ «ឥឡូវ​យើង​មាន​ភាព​ជិតស្និទ្ធស៊ី​ចង្វា​​ក់ និង​ស៊ីជម្រៅ​ខ្លាំងជាមួយ​ចិន ហើយ​តិច​ឬ​ច្រើន​ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ ដោយ​គេ​វាយ​តម្លៃ យើង​ថា​ ទោរ​ទន់​ទៅ​រក​ប្រទេស ​ចិន»។

លោក​ថា ​ប្រទេស​ កម្ពុជា​ ត្រូវការ​ជំនួយ​ពី​ប្រទេស​ ចិន ​ទាំង​បច្ចេកទេស សម្ភារ បទ​ពិសោធ និង​យុទ្ធសាស្ត្រ​កង​​ទ័​ពដើម្បី​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​កង​ទ័​ពរបស់ខ្លួន​ ក្នុង​ការការ​ពារជាតិ​ និង​អធិប​តេយ្យ​ភាព ហើយ​ប្រទេ​ស​ កម្ពុ​ជា មិនអាច​រង់ចាំ សហរដ្ឋ​អាមេរិក​បាន​ទេ​ដោយ​សារ​អាមេរិក​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​កម្ពុជា។

លោក​​ថា៖ «សមយុទ្ធ​នឹង​ជួយ​ផ្លាស់ប្តូរ​បទពិសោធ ហើយ​និង​ទទួលបាន​នូវ​ចំណេះដឹងថ្មីៗ យុទ្ធសាស្ត្រ​ថ្មីក្នុងវិស័យ​កង​ទ័​ព​ហើយ​ធ្វើ​ឲ្យ​យើង​ត្រៀម​លក្ខ​ណៈ​​សម្រាប់​យុទ្ធ​សាស្ត្រ​ការពារ​ជាតិ​របស់​យើង»៕

វីដេអូ៖