ភ្នំពេញៈ ដំណើរការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្នមិនទាន់ចាប់ផ្ដើមជាផ្លូវការទេ ហើយនឹងត្រូវការចំណាយពេល ១២ ខែ ខណៈការយកពន្ធលើទំនិញនាំចូលទៅទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុបអាចកើតមានក្នុងរយៈពេល ១៨ ខែក្រោយពេលដំណើរការដកចាប់ផ្ដើមជាផ្លូវការ។ នេះបើយោងតាមការពន្យល់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប។
កាលពីថ្ងៃទី ៥ ខែតុលាកន្លងទៅលោកស្រី Cecilia Malmstrom តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានថ្លែងថា សហភាពអឺរ៉ុបបានជូនដំណឹងដល់ភាគីកម្ពុជាថា ខ្លួនកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធទៅលើទំនិញគ្រប់មុខដែលនាំចូលទៅទីផ្សារអឺរ៉ុបលើកលែងសព្វាវុធ (Everything But Arms, EBA)។
ការជូនដំណឹងផ្លូវការមករដ្ឋាភិបាលលោក ហ៊ុន សែន អំពីចំណាត់ការដកប្រព័ន្ធអនុគ្រោះពន្ធនេះដោយសាររដ្ឋាភិបាលហាក់ព្រងើយកន្តើយនូវការស្នើឲ្យមានការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានល្អប្រសើរឡើងវិញ ក្រោយពីគេមើលឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ទោះជាយ៉ាងណាអ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុបលោក Daniel Rosario ប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសារអេឡិចត្រូនិកពីម្សិលមិញថា គិតត្រឹមថ្ងៃពុធម្សិលមិញនេះគណៈកម្មការអឺរ៉ុបមិនទាន់ប្រកាសជាផ្លូវការអំពីការចាប់ផ្តើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយ គឺគណៈកម្មការកំពុងរៀបចំឯកសារនេះ។
អ្នកនាំពាក្យរូបនេះថ្លែងថាដំណាក់កាលចាប់ផ្ដើមនៃដំណើរការដកនេះគិតចាប់ពីពេលដែលឯកសារច្បាប់ស្តីពីការសម្រេចចិត្តនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់សហភាពអឺរ៉ុប។
លោកបញ្ជាក់ថា និយតកម្មអនុគ្រោះពន្ធចែងថា ផលប្រយោជន៍ដែលទទួលបានពីប្រព័ន្ធនេះនឹងត្រូវផ្អាកក្នុងករណីមាន «ការរំលោភជាប្រព័ន្ធ និងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្ស» ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារដូចមានចែងក្នុងឧបសម្ព័ន្ធទី ៨ នៃនិយតកម្មដែលសហភាពអឺរ៉ុប បានអនុម័តកាលពីឆ្នាំ ២០១២។
លោកថ្លែងថា៖ «ក្នុងករណីគណៈកម្មការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះបណ្ដោះអាសន្ន ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងតាមរយៈការធ្វើប្រតិភូកម្មអំណាចដោយមានការចូលរួមពីសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប។ ក្នុងករណីដែលគណៈកម្មការអឺរ៉ុបសម្រេចមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះទេ ការសម្រេចចិត្តចុងក្រោយគឺធ្វើឡើងដោយការអនុវត្តតាមការសម្រេចនេះ ដែលរដ្ឋសមាជិកត្រូវពិគ្រោះយោបល់តាមគោលការណ៍របស់សភា»។
យោងតាមច្បាប់របស់សហភាពអឺរ៉ុប ការសម្រេចរបស់គណៈកម្មការអឺរ៉ុបត្រូវមានការយល់ព្រមដោយក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប។ ការសម្រេចរបស់ក្រុមប្រឹក្សាអឺរ៉ុបមានរដ្ឋមន្ត្រីតំណាងពីប្រទេសសមាជិក ២៧ ត្រូវបោះឆ្នោតយល់ព្រមដោយសំឡេងភាគច្រើន គឺ ៥៥ ភាគរយ ឬស្មើ ១៦ ប្រទេស ហើយប្រទេសទាំងនេះត្រូវមានប្រជាជនសរុប ៦៥ ភាគរយនៃប្រជាជនក្នុងសហភាពអឺរ៉ុបទាំងមូល។
យោងតាមគណៈកម្មការអឺរ៉ុប ការប្រកាសចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គឺដោយសារតែមានការរំលោភបំពានជាប្រព័ន្ធ និងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្សដូចមានចែងក្នុងមាត្រា ១៩ នៃច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធដែលអនុម័តនៅឆ្នាំ ២០១២។
លោក Daniel Rosario បន្ថែមថា គណៈកម្មការអឺរ៉ុបអាចចាប់ផ្ដើមស៊ើបអង្កេត ប្រសិនបើខ្លួនគិតថាមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដកប្រព័ន្ធនេះជាបណ្ដោះអាសន្ន។ ប្រភពព័ត៌មានជាមូលដ្ឋានដើម្បីពិចារណាគឺបានពីរបាយការណ៍ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ អង្គការពលកម្មអន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងទៀតរួមទាំងរបាយការណ៍ពីសង្គមស៊ីវិល អង្គការអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងព័ត៌មានដែលទទួលបានពីភាគីប្រទេសដែលទទួលផលផងដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ក៏បានប្រាប់កាលពីថ្ងៃអង្គារដែរថាគណៈកម្មការសហភាពអឺរ៉ុបនឹងប្រើពេល ៦ ខែដើម្បីពិនិត្យតាមដាន និងប្រមូលព័ត៌មាន។ ក្នុងរយៈពេលនេះវាគឺជាឱកាសសម្រាប់ប្រទេសដែលពាក់ព័ន្ធក្នុងការសហការផ្តល់ព័ត៌មានចាំបាច់ដែលពាក់ព័ន្ធ។
លោកថា បន្ទាប់ពីរយៈពេល ៦ ខែនេះបានបញ្ចប់ គណៈកម្មការអឺរ៉ុបនឹងប្រើពេល ៦ ខែទៀត ដើម្បីវាយតម្លៃ និងសម្រេចថា តើត្រូវដក ឬមិនដក។ ប្រសិនបើគណៈកម្មការសម្រេចដកក្នុងរយៈពេល ១២ ខែនេះសេចក្តីសម្រេចនឹងចូលជាធរមានក្នុងរយៈពេល ៦ ខែទៀតសរុបទៅអាចមានរយៈពេល ១៨ ខែ គិតចាប់ពីថ្ងៃប្រកាសដំណើរការដកជាផ្លូវការ។
លោកសរសេរថា៖ «នេះមានន័យថាការសម្រេចចិត្តជាផ្លូវការក្នុងការដកការអនុគ្រោះពន្ធលើអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ទាំងស្រុង ឬដោយផ្នែកនឹងកើតមានបន្ទាប់ពីដំណើរការរយៈពេល ១២ ខែ ដូចពន្យល់ខាងលើបានបញ្ចប់។ បើសិនជាការសម្រេចត្រូវបានធ្វើឡើងដើម្បីព្យួរការអនុគ្រោះដោយផ្នែកខ្លះ ឬទាំងអស់សម្រាប់កម្ពុជារយៈពេល ៦ ខែទៀតដែលហៅថា «រយៈពេលអនុគ្រោះ» នឹងត្រូវផ្ដល់ឲ្យមុនពេលការយកពន្ធចាប់ផ្ដើមដំណើរការលើទំនិញដែលពាក់ព័ន្ធ»។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៩ ផ្សេងទៀតដែលទទួលបានការអនុញ្ញាតឲ្យនាំចូលទំនិញដោយមិនជាប់ពន្ធ និងមិនមានកូតាកំណត់ចូលទៅទីផ្សារសហភាពអឺរ៉ុប សម្រាប់ទំនិញគ្រប់យ៉ាងក្រៅពីគ្រឿងសព្វាវុធ។ ការទទួលបានការអនុគ្រោះពន្ធនេះ ដោយសារតែកម្ពុជា និងប្រទេសទាំង ៤៨ ស្ថិតក្នុងកម្រិតអភិវឌ្ឍន៍តិចតួច (LDC)។
ប៉ុន្តែប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានដូចមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ។ ការទទួលបាន EBA នេះធ្វើឲ្យកម្ពុជាចំណេញពន្ធបានប្រមាណ ៦៧៦ លានដុល្លារក្នុង ១ ឆ្នាំៗ៕