ភ្នំពេញៈ វេទិកា​អនាគត និង​មូលនិធិ​ខុនរ៉ាត់​អាដេណៅអ័រ របស់​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​សម្ពោធ​សៀវភៅ «​កម្ពុជា​ឆ្នាំ​ ២០៤០» ផ្នែក​ទី​ ២ ដែល​ផ្ដោតលើ​វប្បធម៌ និង សង្គម​ប្រព្រឹត្ត​ទៅ​នៅ​ភោជនីយដ្ឋាន La Croisette ក្នុង​ទីក្រុង​ភ្នំពេញ​។


សៀវភៅ «​កម្ពុជា​ឆ្នាំ​ ២០៤០» រៀបរាប់​អំពី​ថា​តើ​ប្រទេស​កម្ពុជា ​នឹង​វិវត្ត​ទៅជា​បែប​ណា​នៅក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ខាងមុខ​។ សៀវភៅ​នេះ​លើកឡើង​នូវ​កត្តា​សំខាន់ៗ​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ដែល​នឹង​នាំទៅដល់​សេណារីយោ​ទាំងនោះ ដែល​ចងក្រង​ឡើង​ដោយ​អ្នកជំនាញ​ជាច្រើន​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វេទិកា​អនាគត និង​មូលនិធិ​ខុនរ៉ាត់​អាដេណៅអ័រ សរសេរ​ថា​៖ «​សំណួរ​ថា​តើ​យើង​នឹង​អាច​សម្រេច​បាន​នូវ​សេណារីយោ​ទាំង​​នោះ​យ៉ាង​ដូចម្ដេច​នោះ គឺជា​ផ្នែក​មួយ​មាន​សរសេរ​នៅក្នុង​ការបោះពុម្ពផ្សាយ​នេះ ហើយ​វា​ក៏​រួមបញ្ចូល​ទាំង​ស្ថានភាព​នៅ​ឆ្នាំ​ ២០៤០ ​ដូច​មាន​នៅក្នុង​ទស្សនៈ​នានា​ចេញពី​ការវិភាគ​។ វា​បញ្ជាក់​ពី​លទ្ធផល​ចេញពី​សម្មតិកម្ម​ដែល​លើកឡើង ប្រសិន​បើ​ការអនុវត្ត​ដូច​សព្វថ្ងៃ​នៅតែ​បន្ត​»​។

លោក Robert Hör ប្រធាន​កម្មវិធី​ផ្នែក​ឌីជីថល និង​គោលនយោបាយ​បរទេស​នៃ​មូលនិធិ​ខុនរ៉ាត់​អាដេណៅអ័រ ​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​ថា​ជំពូក​នានា​ក្នុង​ការបោះពុម្ពផ្សាយ​ផ្នែក​ទី​ ២ ​នេះ​ផ្ដោត​ជាពិសេស​ទៅលើ​វប្បធម៌ និង​សង្គម​ដែល​រួមមាន អត្តសញ្ញាណ វប្បធម៌ មរតក សមភាព​ផ្នែក​យែនឌ័រ សុខភាព​បន្ត​ពូជ ការអប់រំ សុខភាព ចំណីអាហារ ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​គ្មាន​ប្រាក់ និង​ទេសចរណ៍​នៅ​កម្ពុជា​។


ទាំងអស់​នេះ​មាន ២៤០ ទំព័រ​សរសេរ​ដោយ​អ្នកនិពន្ធ ១០ រូប​នៅ​កម្ពុជា​។ លោក​បាន​បន្តថា សៀវភៅ​នេះ​បាន​បញ្ចូល​គ្នា​នូវ​ទស្សនវិស័យ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ក្មេងៗ​ទៅក្នុង​ការពិភាក្សា​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​។


«​កម្ពុជា ២០៤០» ត្រូវ​បាន​បែងចែក​ជា​ ៣ ​ផ្នែក​ដោយ​ផ្នែក​ទី​ ១ ផ្ដោត​លើ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ផ្នែក​ទី​ ២ ​ដែល​សម្ពោធ​ពី​ម្សិលមិញ​ផ្ដោត​លើ​វប្បធម៌​និង​សង្គម ចំណែក​ផ្នែក​ទី​ ៣ ​ដែល​នឹង​សម្ពោធ​នៅ​ចុង​ឆ្នាំនេះ​ផ្ដោតលើ​អភិបាលកិច្ច​។

លោក Robert Hör ថ្លែងថា​៖ «​សៀវភៅ​នេះ​បង្ហាញ​ពី​សេណារីយោ​ថា​តើ​កម្ពុជា​អាច​មាន​សភាព​ដូចម្ដេច​នៅ​ឆ្នាំ​ ២០៤០?»​។

លោក​បន្ថែមថា ផ្នែក​ទី​ ២ ​នេះ​ជា​ផ្នែក​ពិសេស​ពីព្រោះ​វា​បង្ហាញ​ពី​ការតស៊ូ​របស់​ពលរដ្ឋ​កម្ពុជា​ក្មេងៗ ជាពិសេស​ទាក់ទិន​នឹង​ទម្លាប់​ផ្នែក​យែនឌ័រ និង​អយុត្តិធម៌​ផ្នែក​យែនឌ័រ វិធីសាស្ត្រ​នៅក្នុង​ការអប់រំ​តាម​បែប​ប្រពៃណី​ដែល​ហួស​សម័យ​។ វា​ក៏​រៀបរាប់​ពី​ការតស៊ូ​របស់​យុវជន​កម្ពុជា​ក្នុង​ការកំណត់​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​សម័យ​ឌីជីថល និង​សម័យ​សកលភាវូបនីយកម្ម ក៏ដូចជា​ប្រពៃណី​របស់​កម្ពុជា​។

លោក​បន្តថា​៖ «​សៀវភៅ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងក្មេង​ទាំងចាស់​ឲ្យ​ដោះស្រាយ​បញ្ហា​នានា ដើម្បី​បង្កើត​នូវ​ប្រទេស​កម្ពុជា​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​។ ស្របពេល​ជាមួយ​គ្នា​នេះ សៀវភៅ​នេះ​ក៏​បង្ហាញ​ពី​សក្ដានុពល និង​អ្វីដែល​អាច​សម្រេច​បាន នៅពេល​ដែល​មនុស្ស​គ្រប់​ជំនាន់ ទាំង​កម្ពុជា ទាំង​អន្តរជាតិ​ចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ និង​ការធ្វើឲ្យ​ប្រសើរ​ឡើង​»៕