ភ្នំពេញៈ វ៉ាក់សាំង​កូវីដ​ ១៩ របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​ចំនួន​ ៥០ ​ម៉ឺនដូស​បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែឧសភា​ហើយ​វ៉ាក់សាំង​ដែល​បាន​ដឹក​មកដល់​កម្ពុជា​នេះ គឺជា​វ៉ាក់សាំង​លើក​ទី​៤ ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ថា៖ «​វ៉ាក់សាំង​កូវីដ​ ១៩​ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​បន្ថែមទៀត​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស​ពី​ការវាយប្រហារ​ដោយ​ជំងឺ​នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​»​។

មកដល់​ពេល​នេះ កម្ពុជា​បាន​ទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សរុប​បាន​ចំនួន​ ៣ ​លាន​ដូស​ហើយ ដែល​លើក​ទី​១ មាន​ចំនួន ១,៥ ​លានដូស​ត្រូវ​បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែមីនា លើក​ទី​២ មាន​ចំនួន​ ៥០ ​ម៉ឺនដូស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៧ ខែមេសា លើក​ទី​៣ មាន​ចំនួន​ ៥០ ​ម៉ឺនដូស​ដឹក​មកដល់​កម្ពុជា​ថ្ងៃទី​ ១១ ខែឧសភា និង​លើក​ទី​៤ ​នេះ ចំនួន ​៥០ ​ម៉ឺន​ដូស​បាន​ដឹក​មកដល់​ថ្ងៃទី​ ១៦ ខែឧសភា ម្សិលមិញ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុងពេល​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៦ ឧសភា​ថា វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​ស៊ីណូវ៉ាក់ (Sinovac)​ចំនួន​ ៥០ ​ម៉ឺនដូស ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​នេះ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ដែល​កំពុង​ប្រឈម​ខ្លាំង​។


«​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩​ នៅ​ទូទាំង​ប្រទេស​កំពុង​តែ​មមាញឹក​នៅក្នុង​ការរៀបចំ​ផែនការ​ចាក់​ឱ្យមាន​ល្បឿន​លឿន​ហើយ​ខាង​កងកម្លាំង​កងទ័ព​ក៏បាន​សម្រុក​ធ្វើការ​ចាក់​ជាមួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផងដែរ​»​។


បើតាម​លោកស្រី យក់ សម្បត្តិ គណៈកម្មការ​ចំពោះ​កិច្ច​ក៏ដូចជា​គណៈកម្មការ​លទ្ធកម្ម​វ៉ាក់សាំង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក​នាយករដ្ឋមន្ត្រី​គឺ​ធ្វើយ៉ាងណា​ចាក់ឱ្យ​បាន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ដែល​កំពុងតែ​ប្រឈម​មួយចំនួន​ឱ្យបាន​គ្រប់ៗ​គ្នា​ចាប់ពី​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​។

វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​១៩ ដែល​ដឹក​មកដល់​នៅ​ថ្ងៃទី​ ១៦ ​ឧសភា​។ហេង ជីវ័ន

លោកស្រី​បញ្ជាក់ថា៖ «​ដូចនេះ សម្រាប់​ឆ្នាំ​ ២០២១ ​នេះ យ៉ាងហោច​ណាស់​យើង​ត្រូវ​ចាក់​ឱ្យបាន​គ្រប់គ្នា​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​បណ្តា​ខេត្ត​ដែល​កំពុងតែ​ប្រឈម​ផ្សេងៗ​ទៀត ហើយ​បន្ទាប់​ទៀត​យើង​នឹង​ធ្វើការ​រាយបណ្តាញ​ទៅតាម​បណ្តា​ខេត្ត​ទាំងអស់ និង​គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​។ យើង​ឃើញ​ហើយ​ថា រាជរដ្ឋាភិបាល​បាន​កំពុងតែ​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ទៅដល់​ក្រុមហ៊ុន​ស៊ីណូហ្វាម ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ជំនួយ​ផ្សេងៗ​ទៀត​ដែល​យើង​កំពុង​តែ​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​របស់​យើង​ផងដែរ​»​។

គិត​ត្រឹម​ថ្ងៃទី​ ១៦ ​ឧសភា​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៥ ​លានដូស​ហើយ​ក្នុងនោះ​រួមមាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១,៧ ​លានដូស វ៉ាក់សាំង​ស៊ីណូវ៉ាក់ ទិញ​ពី​ចិន​ចំនួន​ ៣ ​លានដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ចំនួន​ ៣២៤ ០០០ ​ដូស​ ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​ខូវ៉ាក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​។

កម្ពុជា​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ ដែល​មកដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជាង​ ២ ​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​។ ជាមួយគ្នានេះដែរ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​កម្មករ​នៅ​តំបន់​ក្រហម​សម្រាប់​ដូស​ទី​២ ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​នៅ​តំបន់​ក្រហម ដែល​មកដល់​ពេលនេះ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​បាន​កើន​ដល់​ចំនួន​ ៨ ​ខណ្ឌ​ហើយ ក្នុង​រាជធានី​ភ្នំពេញ​។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ​១៩​ ដូស​ទី​ ១ បានសម្រេច​ស្ទើរតែ​ទាំងស្រុង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​រយៈពេល​ ១៥ ​ថ្ងៃ​កន្លងមកនេះ ដែល​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រើ​កម្លាំង​កងទ័ព​សរុប​ ៣ ៤៤២ ​នាក់ មកពី ៣១ ​អង្គភាព​។

លោក​ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិយុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ និង​រៀបចំ​ផែនការ​សម្រាប់​ការចាក់​ដូស​ទី​ ២ នា​ព្រឹក​ថ្ងៃទី​ ១៥ ខែឧសភា ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រយៈពេល​ ១៥ ​ថ្ងៃ​មកនេះ ចាក់​សរុប​បាន​ជាង ៦៥ ​ម៉ឺន​នាក់ ហើយ​កងកម្លាំង​ក៏បាន​បន្ត​ចាក់​ដូស​ទី​ ២ ​ទៀត​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​មិនទាន់​បាន​ចាក់​ដូស​ទី​១ ​ក៏​នៅតែ​អាចមក​ចាក់​បានដែរ​។

លោក​មានប្រសាសន៍​ថា៖ «​តំបន់​ក្រហម​គឺជា​តំបន់​មួយ​មាន​ភាពស្មុគស្មាញ និង​ប្រឈម​ខ្លាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តែ​ស្មារតី និង​ឆន្ទៈ​សម្រេច​បទបញ្ជា​សម្តេចតេជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​ នោះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ដែល​សុទ្ធសឹង​ជា​កងទ័ព​បាន​ប្រឹងប្រែង​ជម្នះ​រាល់​ការលំបាក​ទាំងឡាយ​ក្នុង​យុទ្ធនាការ​ដ៏ចាំបាច់​នេះ​»​។

លោក ឥត សារ៉ាត់ បញ្ជាក់​ផងដែរ​ថា ការចាក់​ដូស​ទី​១ ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ក្នុង​សង្កាត់​ចោមចៅ​ ១ ចោមចៅ​ ២ ចោមចៅ​ ៣ សង្កាត់​កាកាប​ ១ និង​សង្កាត់​ស្ទឹងមានជ័យ​។

រាជរដ្ឋាភិបាល​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង និង​ខណ្ឌ​សែនសុខ សម្រាប់​ដូស​ទី​១ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែ ឧសភា ឆ្នាំ​ ២០២១ តទៅ​។

ដោយឡែក អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បានចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​ ១៥ ខែឧសភាថា ក្នុងនាម​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​បានសម្រេច​នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង និង​ខណ្ឌ​សែនសុខ​សម្រាប់​ដូស​ទី​១ ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែឧសភា ដល់​ថ្ងៃទី​ ៣១ ខែឧសភា និង​សម្រាប់​ដូស​ទី២ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែមិថុនា ដល់​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២១​។

បើតាម​លោក ឃួង ស្រេង ផ្អែក​តាម​ផែនការមេ ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​ទៅតាម​ជំហាន​កម្មវិធី​ការងារ​យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ខាងមុខនេះ​៕