កំពង់ធំ: ក្រុម​បណ្ដាញ​សកម្មជន​ការពារ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​អះអាង​ថា​ព្រៃឡង់​នៅ​តែ​រង​ការកាប់​ទន្ទ្រាន​​ និង​លួច​ដឹកឈើ​ចេញ​ពី​សំណាក់​ជនល្មើស​អនាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្ដែ​មន្ត្រី​ថា​សកម្មភាព​ទាំងនោះ​មិន​មាន​ជា​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ​ទេ​ដោយ​ក្រសួង​កំពុង​មាន​វិធានការ​បន្ថែម​។


សកម្មជន​ក្រុម​ស្នូល​នៃ​បណ្ដាញ​​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​លោក សុខ ប្លោក ថ្លែង​ថា​លោក​បាន​ប្រទះឃើញ​ភ័ស្តុតាង​មួយ​ចំនួន​ដែល​បញ្ជាក់ថា សកម្មភាព​​កាប់បំផ្លាញ​ព្រៃឡង់​នៅ​តែ​បន្ត​កើត​ខណៈ​ក្រុម​លោក​ល្បាត​​ឃើញ​ក្នុង​ព្រៃឡង់​ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៥ ខែ​តុលា​ឆ្នាំ​នេះ​។

លោក​បន្ត​ថា​៖ «​យើង​បាន​ឃើញ​សកម្មភាព​នេះ​កើនឡើង​ខ្លាំង​មែនទែន ដោយសារ​ទី​ ១ យើង​ឃើញ​មាន​ឧបករណ៍​ដឹកឈើ​ខុសច្បាប់​គឺ​គោយន្ត​។ គោយន្ត​រាប់រយ​គ្រឿង​តែ​ម្ដង​នៅ​ពេល​យើង​ដេក​ជិត​ផ្លូវ​នោះ គឺ​​មាន​គោយន្ត​ជាច្រើន​បាន​ដឹកឈើ​ជា​ហូរហែ ហើយ​មួយ​ទៀត​គឺ​យើង​បាន​ឃើញ​គល់ឈើ​ដែល​គេ​កាប់​រួច ប៉ុន្ដែ​នៅ​សល់​តែ​ចម្រៀក​ប្រើការ​មិន​បាន ចំណែក​ឈើ​ល្អៗ​ត្រូវ​លួច​ដឹកជញ្ជូន​ចេញ​បាត់​ទៅ​ហើយ​»​។

លោក​ថា​ភ័ស្តុតាង​ទាំងនេះ​ស្ដែង​​ឲ្យ​ឃើញ​ពី​កំណើន​នៃ​ការកាប់បំផ្លាញ​ព្រៃឡង់ ក្រោយ​មាន​ការប្រកាស​ដាក់​ជា​ព្រៃ​អភិរក្ស​។

លោក សុខ ប្លោក បាន​រិះគន់​មន្ត្រី​ការពារ​ព្រៃឈើ​ដែល​មិន​បង្ក្រាប​ និង​ហាក់​មិន​អើពើ​ចំពោះ​​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ​។ លោក​ថា ទីតាំង​កាប់​ឈើ​ខ្លះ​​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​របស់​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃឈើ​ឡើយ​។


តំណាង​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​លោក​ ហឿន សុភាព ​បាន​ឱ្យ​ដឹង​ថា ក្រុម​សហគមន៍​នៅ​តែ​សង្កេត​ឃើញ​ថា មាន​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់មូលដ្ឋាន​ខ្លះ​នៅ​លួច​ប្រព្រឹត្ត​ពុករលួយ​ជាមួយ​ឈ្មួញ​ធ្វើឲ្យ​ការកាប់​ទន្ទ្រាន​​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​។

លោក​បន្ត​ថា​៖ «​ការពិត​ទៅ​អ្វី​ដែល​យើង​និយាយ​មិនមែន​ជះ​ទឹក​ដាក់​គ្នា មិនមែន​ជា​រឿង​ចង់​បំបាក់​ម្ខាងៗ​ទេ ប៉ុន្តែ​...​ គឺ​​ជា​រឿង​ពិត​ដែល​កើតឡើង​នៅ​មូលដ្ឋាន​នីមួយៗ ការពិត​ទៅ​គឺ​មន្ត្រី​មួយ​ចំនួន​មិនមែន​ទាំងអស់​ទេ គឺ​យើង​និយាយ​តែ​មន្ត្រី​មួយ​ចំនួន​ដែល​ខិលខូច​។ រឿង​នេះ​ខ្ញុំ​គិត​ថា​ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព ឬ​ការងារ​របស់​ក្រុម​យើង​ផង​ដែរ ដោយសារ​ព្រៃឈើ វា​ទាក់ទង​រឿង​នយោបាយ​គឺ​វា​ពិបាក​នៅ​ក្នុង​ការវិនិច្ឆ័យ ការគ្រប់គ្រង ឬ​ក៏​ការនិយាយ​ស្តី វា​លំបាក​មែនទែន​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​​ទេ ព្រោះ​តំបន់​ព្រៃឡង់​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ជា​អ្នក​កាន់កាប់​គ្រប់គ្រង​ហើយ​។

លោក​ថា​៖ «​មន្ទីរ​បរិស្ថាន​បាន​ចល័ត​មន្ត្រី​ឧទ្យានុរក្ស​ទៅ​តាម​គោលដៅ​នីមួយៗ​ហើយ ខ្ញុំ​ជា​រដ្ឋបាល​ព្រៃឈើ​ទេ អ៊ីចឹង​យើង​ចែក​ដែន​សមត្ថកិច្ច​គ្នា​គ្រប់គ្រង​វិញ​។ ​បង​អាច​ទាក់ទង​ទៅ​មន្ទីរ​​បរិស្ថាន​គេ​ដឹង​ច្បាស់​ជាង​ខ្ញុំ​»​។

លោក​ តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ​មិន​​អាច​សុំ​ការបញ្ជាក់​ពី​រឿង​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

យ៉ាង​ណា​ក្ដី​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ទី​ ៣ តុលា​កន្លង​ទៅ​ក្រុម​បណ្ដាញ​ការពារ​ព្រៃឡង់​បាន​ជួប​ពិភាក្សា​ និង​ផ្ដល់​របាយការណ៍​មួយ​ចំនួន​ឲ្យ​ទៅ​មន្ត្រី​ក្រសួង​បរិស្ថាន​រួច​ហើយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​ជាធម្មតា​យើង​ទទួល​ស្គាល់​ថា វា​កើតឡើង​ហើយ ប៉ុន្ដែ​កម្រិត​នៃ​បទល្មើស​នេះ​ទ្រង់ទ្រាយ​ធំ​វា​លែង​មាន​ហើយ វា​នៅ​មាន​តែ​ទ្រង់ទ្រាយ​តូចៗ​ហើយ​យើង​ក៏​ចាំបាច់​ចាត់​វិធានការ​បន្ថែម​ដើម្បី​កុំ​ឲ្យ​​បន្ដ​កាប់​ម្ដង​បន្ដិចៗ​បែប​នេះ​ទៀត ហើយ​ការចូលរួម​របស់​សហគមន៍​គឺជា​ផ្នែក​មួយ​ជួយ​ពង្រឹង​ការការពារ​បន្ថែម​ទៀត យើង​គាំទ្រ​...​ពួកគាត់​»​។

លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០១៦ បាន​ប្រកាស​ដាក់​ព្រៃឡង់​ជា​ព្រៃ​​អភិរក្ស​ដោយ​លោក​បាន​បញ្ជាក់​​ថា​៖ «​យើង​ដាក់​ព្រៃ​មួយ​ចំនួន​ជា​ព្រៃ​អភិរក្ស​តែ​ម្ដង​ដូច​ព្រៃឡង់​ហ្នឹងឯង​! ​ទុក​វា​ធ្វើ​អី​ទៀត ត្រូវ​​ដាក់​វា​ជា​ព្រៃ​ការពារ អ្នកណា​ដែល​ទៅ​បំបួស​អី ទាំង​សង្គម​ស៊ីវិល​ទាំង​អ្នកណា​ដែល​ទៅ​រុំ​ឈើ​ហ្នឹង​ឱ្យ​ចូលរួម​ក្នុង​ចលនា​ការពារ​ព្រៃឈើ​តែ​ម្ដង​»​។

ក្រៅពី​ត្អូញត្អែរ​ពី​ការលំបាក​ប្រជាសហគមន៍​ការពារ​ព្រៃឡង់​​ក៏​មាន​បំណង​ចង់​ជួប​ពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ការងារ​ពួកគេ​ផង​ដែរ​ចៀសវាង​ការ​លាប​ពណ៌​លើ​សហគមន៍​​ដែល​កំពុង​បំពេញ​ការងារ​ដែល​ប្រឈម​គ្រោះថ្នាក់​នេះ​។

កាលពី​ថ្ងៃ​ ៩ ឧសភា​ឆ្នាំ​ ២០១៦ ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​មាន​ផ្ទៃដី​ជាង ៤៣ ​ម៉ឺន​ហិកតា​ (៤៣១៦៨៣ ​ហិកតា​) ​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​។ ​ប៉ុន្តែ​សហគមន៍​​នៅ​តែ​រកឃើញ​បទល្មើស​៕