ឧត្តរមាន​ជ័យៈ ​សត្វ​ទន្សោង​ឈ្មោល ​១ ក្បាល​ ​ដែល​មាន​ទម្ងន់​ជាង ​៥០០ ​គីឡូក្រាម​ ​ត្រូវ​បាន​ប្រជាសហគមន៍​សង្ឃ​រុក្ខវ័ន ​និង​មន្ត្រី​បរិស្ថាន​នៃ​ស្នាក់ការ​ភ្នំរូង​ដែក​ ប្រទះ​ឃើញ​ងាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ និង​អភិរក្ស​ នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ ​ដោយ​សង្ស័យ​ថា​មាន​គេ​លួច​ប្រមាញ់​ ​ដោយ​ប្រើប្រាស់​អន្ទាក់​។​


ព្រះតេជ​ព្រះគុណ​ ​ប៊ុន​ ​សាលួត​ ​ប្រធាន​សហគមន៍​សង្ឃ​រុក្ខវ័ន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​​ថា​ ខ្មោច​សត្វ​ទន្សោង ​១ ក្បាល​​នោះ ​ទំនង​ជា​ត្រូវ​ពួក​ក្រុម​ប្រមាញ់​សត្វ​ព្រៃ ​លួច​ប្រមាញ់​ដោយ​ប្រើ​អន្ទាក់​ ព្រោះ​ជើង​ខាង​ឆ្វេង​របស់​វា​ ​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ​ និង​មាន​រឹត​ជាប់​ដោយ​ខ្សែ​អន្ទាក់​ហ្វ្រាំង​កង់​។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា​៖​ «​បើ​តាម​ការ​ពិនិត្យ​លើ​ស្នាម​របួស​របស់​វា​នោះ ​អាត្មា​យល់​ថា​ វា​មិនមែន​ងាប់​ដោយសារ​​តែ​វ័យ​ចំណាស់​​របស់​វា​នោះ​ទេ ​តែ​បណ្ដាល​មក​ពី​ការ​ឈឺ​ចាប់​នឹង​មុខ​របួស​របស់​វា​ខ្លាំង​ពេក​​​»​។​ ​

ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា​ ​ក្រៅ​ពី​ប្រភេទ​សត្វ​ដែល​នៅ​រស់​សេសសល់​មាន​ចំនួន​មធ្យម​ដូច​ជា ​ប្រើស ​រមាំង ​ទន្សង​ ត្រកួត​ ពស់​ និង​សត្វ​ស្លាប​ទឹក​ជា​ច្រើន​ប្រភេទ​ទៀត​នោះ​ ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​ ក៏​មាន​ប្រភេទ​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​រស់នៅ​ផង​ដែរ​ ក្នុង​នោះ​សត្វ​ទន្សោង​​មាន​ ​ចន្លោះ​ពី ​៧០ ​ក្បាល ​ទៅ ​១២០ ​ក្បាល ​និង​​សត្វ​ខ្ទីង​មាន​ជាង ​១០ ក្បាល។ ​ការ​នៅ​គង់វង្ស​នៃ​ប្រភេទ​សត្វ​កម្រ​ទាំង​នេះ​ គឺ​​អាស្រ័យ​ដោយ​មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ​និង​​ព្រះសង្ឃ​ ​ក្នុង​កិច្ច​ការពារ​ និង​អភិរក្ស​សត្វ​ព្រៃ ​និង​ព្រៃឈើ ​ដែល​ជា​ទី​ជម្រក​របស់​វា។​ ​


នៅ​កម្ពុជា​ ​សត្វ​ទន្សោង​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ក្រហម នៃ​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ​។​ ​ ​យោង​តាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ប្រមូល​បាន​ពី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​ និង​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ​ដែល​ធ្វើ​ការ​ទាក់ទង​ការងារ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ ​នៅ​ទូទាំង​ប្រទេស ​កម្ពុជា​​​​ មាន​នៅ​សេសសល់​សត្វ​ទន្សោង​ក្នុង​ចន្លោះ​ពី​ ​៣៥០ ​ក្បាល ​ទៅ ​៥០០ ​ក្បាល​។​​​ ​


លោក​ ​បេត​ ​គឹមហេង ​ប្រធាន​ស្នាក់ការ​បរិស្ថាន​ភ្នំ​រូងដែក​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​បទល្មើស​សត្វ​ព្រៃ ​និង​ព្រៃឈើ ​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ ​បើ​ទោះ​ជា​មាន​ការ​បង្ក្រាប​ ​ចាប់​ផាក​ពិន័យ​ ​និង​បញ្ជូន​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ទៅ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​ក្ដី។​ ​ជាក់​ស្ដែង​ កាល​ពី​ថ្ងៃ​សៅរ៍​ក្រុម​ល្បាត​បាន​ប្រទះ​ឃើញ​សត្វ​ទន្សោង ​១ ​ក្បាល​ងាប់ ​ដោយ​មាន​ស្នាម​របួស​ជើង​យ៉ាង​ធ្ងន់ធ្ងរ​សង្ស័យ​ជាប់​អន្ទាក់​របស់​ក្រុម​ជន​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​។

លោក​បាន​ថ្លែង​ថា​៖​ «​យើង​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ នៅ​ពេល​ចុះ​ល្បាត​ហើយ​ប្រទះ​ឃើញ​ខ្មោច​សត្វ​ទន្សោង ​១ ​ក្បាល​​នោះ ​កំពុង​ដេក​ងាប់​នៅ​ក្នុង​ព្រៃ​ ​ដោយ​មាន​ស្នាម​របួស​ជើង​ធ្ងន់ធ្ងរ។ ​បទ​ល្មើស​ដាក់​អន្ទាក់​សត្វ​ព្រៃ ​គឺ​ជា​វិនាសកម្ម​សត្វ​ព្រៃ​ដ៏​ស្ងៀមស្ងាត់​បំផុត​»​។​

បើ​តាម​លោក​ ​គឹម​ហេង​ ​ចាប់​តាំង​ពី​ដើម​ខែ​មករា​ រហូត​មក​ទល់​ថ្ងៃ​អាទិត្យ​ម្សិលម្ង៉ៃ​នេះ ​ក្រុម​ការងារ​ចុះ​ល្បាត​នៃ​ស្នាក់ការ​បរិស្ថាន​ភ្នំ​រូងដែក​ ​បាន​រុះរើ ​និង​ប្រមូល​អន្ទាក់​សត្វ​ព្រៃ​បាន​ជាង ​២០០ ​ខ្សែ​ និង​បាន​បង្ក្រាប​ចាប់​គោយន្ត​ដឹក​ជញ្ជូន​បទល្មើស​​ព្រៃឈើ​​បាន​ចំនួន ​៣ ​គ្រឿង​។​ ​​

លោក​​បាន​ថ្លែង​​បន្ត​ថា​ ​នៅ​ពេល​នេះ​ក្រុម​ការងារ​ចុះ​ល្បាត​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​ទៀត​នៃ​ព្រៃ​សង្ឃ​រុក្ខវ័ន​៕​​​