សត្វព្រៃ ៣០ ក្បាល ត្រូវ​បាន​រឹប​អូស​ពី​ឈ្មួញ​ប្រគល់​ឲ្យ​អង្គការ

Content image - Phnom Penh Post
សត្វព្រៃដែលត្រូវបានឃាត់ទុក និងប្រគល់ជូនអង្គការអភិរក្សបន្ត។ សហការី

ក្រចេះ: មន្ត្រី​បាននិយាយថា ​សត្វព្រៃ​រស់​ ៣០ ក្បាល ​ដែល​រួមទាំង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​ផង​នោះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ក្រៀងក្នុងស្រុកសំបូរ នៃ​ខេត្តក្រចេះ​​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិ​សុខ ​៧១០ ​ប្រគល់​ទៅ​ឲ្យអង្គការ​ Wildlife Alliance ដើម្បី​នាំយកទៅ​លែង​នៅក្នុង​ព្រៃ​ធម្ម​ជាតិ​វិញ ​ក្រោយពី​បង្ក្រាប ​និង​ចាប់​រឹបអូស​បាន​ពី​បទល្មើស​កាល​ពី​ថ្ងៃ​អង្គារ។

លោក​ ជួប សាវុធ ​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ ៧១០ ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅវេលា​ម៉ោង ៩:៣០ នាទី​ព្រឹក​ថ្ងៃ​ទី ១០ ​មេសា​ ក្រុមការងារ​របស់​លោក​បានទទួល​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាលព្រៃ​​ឈើ​អូរក្រៀង ​ដែលស្នើសុំ​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ដែលសង្ស័យ​មាន​ដឹក​ជញ្ជូន​បទល្មើស​សត្វ​ព្រៃ។

លោក​ សាវុធ បានបន្តថា​ ១៥ ​នាទី​ក្រោយ​ពីទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​ក្រុម​ការងារ​របស់​លោក​ បាន​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ ​ប្រភេទ​កាមរី​ឆ្លាម​ពណ៌​ស្ករ​១​គ្រឿងពាក់​ស្លាកលេខ​ព្រះសី​ហនុ ​2A-2647 បើក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ ៧A។

លោកបញ្ជាក់​ថា​៖ «ក្រោយ​ឃើញ​កម្លាំង​សមត្ថកិច្ច​យើង​ដាក់​ពង្រាយ​តាម​ដងផ្លូវដើម្បី​ត្រួតពិនិត្យ​នៅលើ​ដង​ផ្លូវ ​អ្នក​បើក​បរ​រថយន្ត ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បានចុះ​ពី​រថយន្ត ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​ភូមិ​គេច​ខ្លួន​បាត់​តែម្ដង»។

លោក​បន្តថា​៖ «ក្រោយ​ការត្រួត​ពិនិត្យ​ និង​ឆែកឆេរ​ដោយមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ក្នុង​រថយន្ត​សង្ស័យ​នោះបានរក​ឃើញ​សត្វព្រៃ​រស់​សរុប ​៣០ ​ក្បាល ​ក្នុង​នោះ​មានសត្វ​សំពោច​ក្រអូប ​(Common Palm Civet) ចំនួន ​៨ ក្បាល​ទម្ងន់​ ១៧ ​គីឡូក្រាម ​និង​សត្វ​ស្លាប​មិន​ស្គាល់​ឈ្មោះ​ចំនួន​ ២២ ក្បាល»។

ជាមួយ​គ្នានេះ ​លោក ​កែវ ចំណាន ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​អូរក្រៀង ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​សត្វស្លាប​ទាំង ២២​ ក្បាល​នោះ​ មាន ២០ ក្បាល​ ជាសត្វ​អកព្រៃ​ច្រើន​ពណ៌​ និង​ ២ ក្បាល​ទៀត​ជាសត្វ​អក​ព្រៃ​ខ្មៅ។

លោក​បញ្ជាក់ថា​៖ «សត្វ​ស្លាប​ទាំងនេះ​ ជាប្រភេទ​សត្វ​ស្លាប​ដែលមាន​ដោយ​កម្រ ​និង​រងការ​គំរាម​កំហែង​ ស្ទើរឈាន​ទៅ​រក​ភាពជិត​ផុត​ពូជ ​និង​ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​ចំណាត់​ថ្នាក់​ទី II​ នៃ​ឧបសម្ព័ន្ធ​របស់​អនុសញ្ញា​សាយ​តេស»។

លោក​​បន្តថា​ កាលពី​​ថ្ងៃពុធ ​សត្វទាំង​នោះ​ត្រូវបាន​ប្រគល់​ទៅឲ្យ​ខាងអង្គការ ​Wildlife Alliance ដើម្បី​នាំយក​ទៅ​ដោះ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ក្នុង​តំបន់​ភ្នំ​គូលេន ​ខេត្ត​សៀមរាប។ ឯ​រថយន្ត​ដឹក​បទ​ល្មើស​ត្រូវ​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕