សៀមរាបៈ សន្និ​សីទ​កំពូល​សារ​ព័ត៌​មាន​អាស៊ី​លើក​ទី​​ ១៦ ​ឆ្នាំ ២០១៩ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះរ​យៈ​ពេល​ ៤ ​ថ្ងៃ នៅ​ខេត្ត​សៀម​រាប​ បាន​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​ ៤​ ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌​មាន​ក្លែង​បន្លំ​ក្នុង​យុគ​សម័យ​ឌីជី​ថល​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ ៤០ ​ប្រទេស​ ជុំវិញ​ពិភព​លោក​ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​នេះ។


តាម​គេហ​ទំព័រ​របស់​ក្រសួង​ព័ត៌​មាន​កា​លពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា គណៈ​ប្រតិភូ​​និង​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម ​បាន​មក​ដល់​កម្ពុជា​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​អស់​ហើយ ដូច​អ្វី​ដែល​បានរំពឹ​ងទុ​ក​ដែល​មាន​ប្រមា​ណ ជាង ៤០ ប្រទេស និង​មាន​វាគ្មិន​ជា​ថ្នាក់​រដ្ឋ​មន្ត្រី​ព័ត៌មាន​ចំនួន​ ៥ រូបមកពី​ប្រទេស​ចំនួន​ ៥ រួមមានរ​ដ្ឋ​មន្ត្រីក្រ​សួង​ព័ត៌​មាន​កម្ពុជា រដ្ឋ​មន្ត្រី​ព័ត៌មាន​ឡាវ មី​យ៉ាន់​ម៉ា ហ្វីលី​ពីន កូរ៉េខា​ង​ត្បូង និង​អនុ​រដ្ឋ​មន្ត្រី​ព័ត៌មាន​ប្រទេស​សាម័រ។

លោក ជា​ ច័ន្ទ​បរិបូរណ៍ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌​មាន​បាន​ថ្លែងថា ក្នុង​រយៈពេល​នៃ​ការស្នាក់នៅ​កម្ពុជា​របស់​ភ្ញៀវនៃកិច្ច​ប្រជុំ​នេះ ​ក្រសួង​ព័ត៌មាន​បាន​រៀប​ចំ​ក្រុម​មន្ត្រី​ដើម្បី​ជួយ​សម្រួល​ទាំង​ការ​ស្នាក់​នៅ អាហារ ពេល​ចូលរួម​ប្រជុំ និង​ការដើរ​ទស្សន​កិច្ច​នៅ​សារ​មន្ទីរ​សន្តិភាព​នៃ​សកម្ម​ភាព​កម្ចាត់​មីន​រប​ស់​ស៊ីម៉ាក់ និង​ប្រា​សាទ​អង្គរ​វត្ត​ រហូត​ដល់​គណៈ​ប្រតិភូ​ត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ។

លោក​បាន​បញ្ជាក់​ថា៖​ «តាម​ពិធី​ការឯកឧត្តម ខៀវ កាញា​រីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មា​ននឹងទទួល​បដិ​សណ្ឋារ​កិច្ច​នៅ​សណ្ឋាគារ​ភ្ញៀវ​ស្នាក់នៅ មុន​នឹង​ភ្ញៀវចូលរួមសន្និ​សីទ​កំពូល​សារ​ព័ត៌មាន​អាស៊ី លើក​ទី ១៦ ដែល​នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន​ សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជានៅ​ថ្ងៃទី ១២ ខែ​មិថុនា​ នេះ»។


ដោយ​ឡែក ​លោកកឹម គុណ​វឌ្ឍន៍ រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន​បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សា​រព័ត៌​មាន​ក្នុង​អំឡុង​ស​ន្និសីទ​កាល​ពី​ម្សិល​ម្សិ​ញ​ថា សន្និ​សីទ​នេះ គឺ​បាន​លើក​យក​ប្រធាន​បទ​ចំនួន​ ៤ ​មក​ពិភា​ក្សា​ក្នុង​នោះ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌​មាន​ក្លែងបន្លំ របៀប​ដឹកនាំ​ក្នុង​យុគ​សម័យ​សារព័ត៌​មាន​នៃបដិ​វត្ត​ន៍​ឧស្សា​ហកម្ម​ជំនា​ន់ទី ៤ ការបង្កើត​កម្មវិធី​ដ៏​មាន​ ប្រសិទ្ធ​ភាព​ក្នុង​យុគ​សម័យ​ឌីជី​ថល និន្នាការ​នៃ​បច្ចេកវិទ្យា​ 4K និង​ឥទ្ធិពល​នៃ​ភាព​ពិត​កើន​និង​ការ​និម្មិត​នៅក្នុង​វិស័យ​សារ​ព័ត៌មាន។


លោក​បញ្ជា​ក់ថា៖ «អ្នក​ដែល​ចូលរួម​ក្នុង​សន្និ​សីទ​នេះ គឺ​សុទ្ធ​តែជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិស័យ​ព័ត៌​មាន ក្នុង​វិស័យ​ទូរទស្សន៍ វិទ្យុ សារ​ព័ត៌មាន ជា​ពិសេស​ក្នុង​យុគ​សម័យ​ថ្មី​នៃ​ព័ត៌មាន​បែប​ទំនើប ហើយ​និង​ព័ត៌មាន​បែប​សង្គម ។ ជារួម​ប្រធា​នបទ​ទាំង​នេះ​គឺ​ពូត​ផ្តុំ​លើ​ការ​ប្រមូល​ផ្តុំ​ទស្សនៈ​ទៅលើ​ការពិ​ភាក្សា​រវាង​អ្នកឯក​ទេស​ជំនាញ រវាង​មន្ត្រី​គ្រប់គ្រង​ក្នុង​វិស័យ​ព័ត៌មានដើម្បី​ធ្វើ​យ៉ាង​ណា​ក្នុង​កិច្ចប្រជុំ​នេះរក​ឲ្យ​ឃើញថា និន្នាការ​ថ្មី និង​គំហើញ​ថ្មី​សម្រាប់​ការ​អនុវត្ត​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវ​ការ​របស់​អ្នក​មើល អ្នក​អាន អ្នក​ស្តាប់ ដែល​យើង​ត្រូវ​បំពេញ​តួនាទី​របៀប​ណា?»។

បើតាម​គេហ​ទំព័រ​របស់ក្រសួង​ដដែលសន្និ​សីទ​កំពូល​សារ​ព័ត៌មាន​អាស៊ី​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មា​ន​មក​ពី​ ៥ ប្រ​ទេស នឹង​ធ្វើ​ជា​វាគ្មិន​ពាក់​ព័ន្ធ​ការ​វិវត្ត​បច្ចេកវិទ្យា​ ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​សោត​ទស្សន៍​ដើរទា​ន់​យុគ​សម័យ​សារ​ព័ត៌​មាននៃ​បដិវត្ត​ន៍​ឧស្សា​ហកម្ម​ជំនា​ន់ទី ៤ និង​ការប្រ​យុទ្ធប្រ​ឆាំង​ព័ត៌​មាន​ ក្លែង​ក្លាយ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ​៥០០​ នាក់។

បន្ទាប់​ពីបិទ​បញ្ច​ប់​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​ ១៣​ ខែមិថុនា​ កម្ពុជា​ដែលជាម្ចាស់ផ្ទះ នឹង​ចេញ​សេចក្តី​ប្រកាសរួម​មួយ​ស្តី​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន​នៅក្នុង​សន្និ​សីទ​កំពូល​សារ​ព័ត៌មា​ន​អាស៊ី​លើ​ក​ទី ​១៦ ក្នុងឆ្នាំ​ ២០១៩​ នេះ៕