ប៉ៃលិនៈ ​សព​របស់​លោក​ នួន​ ជា​ អតីត​បង​ធំ​ទី២​ នៃ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​បូជា​នា​វេលា​ម៉ោង​ ៧ ​យប់​ ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​វត្ត​ព្រំគិរី​មរកត​ ក្នុង​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ក្រោយ​តម្កល់​ទុក​អស់​រយៈពេល​ ៧ ​ថ្ងៃ ​កន្លង​ផុត​។


អ្នកស្រី​ ឡៅ ​ជាលីនដា ​កូន​ស្រី​ទី​៣​ របស់​​ នួន​ ជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ក្រោយ​ពេល​តម្កល់​សព​អស់​រយៈពេល ​៧ ​ថ្ងៃ សាច់​ញាតិ​ទាំង​អស់​លើក​សព​ នួន​ ជា​ ដាក់​លើ​ឈាបនដ្ឋាន​ (​មេរុ​) ​ដើម្បី​ធ្វើ​ការ​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា។​

ក្រោយ​កម្មវិធី​បុណ្យ​សព​បាន​បញ្ចប់​អ្នកស្រី​ ជាលីនដា​ បាន​ឲ្យ​ដឹង​ថា​ សាច់​ញាតិ​ និង​កូន​ចៅ​កំពុង​គិតគូរ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​គម្រប់​ ១០០ ​ថ្ងៃ​បន្ត​ទៀត​។​ ​

អ្នកស្រី ​ជាលីនដា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​មាន​​គម្រោង​ធ្វើ​ស្ដូប ​ឬ​ចេតិយ​សម្រាប់​តម្កល់​ធាតុ​លោក​ នួន​ ជា នៅ​ក្នុង​វត្ត​ ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​មិន​ទាន់​អាច​អះអាង​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ​


អ្នកស្រី​ ជាលីនដា ​ថ្លែង​ថា​៖ ​«​យើង​មិន​ទាន់​ដឹង​ច្បាស់ ចាំ​មើល​ពិគ្រោះ​គ្នា​មើល​ជាមួយ​បង​ប្អូន​សិន​។ ​យើង​នឹង​ធ្វើ​ខួប​ ​១០០ ​ថ្ងៃ​ទៀត។ ​ប៉ុន្ដែ​យើង​មិន​ទាន់​បាន​មើល​ពេលវេលា​ឲ្យ​បាន​​​ត្រឹមត្រូវ​នៅ​ឡើយ​ទេ​ ​ព្រោះ​ទើប​ចប់​រួច​រាល់​កម្មវិធី​បុណ្យ​សព​​​»​។​


អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​កម្មវិធី​បុណ្យ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃទី ៧ ​មាន​យាយ​តា ​ពុទ្ធបរិស័ទ​ នៅ​ជុំវិញ​វត្ដ​ព្រំគិរី​មរកត បាន​មក​ចូលរួម​ជា​ហូរហែ​ដល់​ថ្ងៃ​បូជា​។​

លោក​ រី​ ដារ៉ា ​អធិការ​ស្រុក​សាលា​ក្រៅ ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ ពិធី​បុណ្យ​សព​លោក ​នួន​ ជា​ រយៈពេល ​៧ ថ្ងៃ​ មិន​មាន​ហេតុការណ៍​អ្វី​គួរ​ជា​ការ​កត់​សម្គាល់​កើត​មាន​ឡើង​ទេ​ គ្រាន់​តែ​មិន​មាន​អ្នក​ចូលរួម​ច្រើន​។​

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដំណឹង​ចំពោះ​កម្មវិធី​បុណ្យ​ ១០០ ​ថ្ងៃ​បន្ត​ទៀត ​របស់​គាត់​ទេ​ (​នួន​ ជា​)​។​ ​ប៉ុន្ដែ​បើ​គាត់​ធ្វើ​បុណ្យ​កម្លាំង​សមត្ថកិច្ច​យើង​នឹង​នៅ​តែ​ទៅ​ជួយ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពួក​គាត់​ដដែល​»​។​ ​

លោក ​ញ៉ឹត​ ថុល អតីត​អធិការ​ស្រុក​សាលា​ក្រៅ ​បាន​លើក​ឡើង​ពី​ប្រវត្ដិ​តស៊ូ​កាល​ពី​ឆ្នាំ ​១៩៧៥​ ដែល​កាល​នោះ​លោក​​ទើប​មាន​អាយុ ​១៥​ ឆ្នាំ​ ដោយ​ត្រូវ​រត់​ភៀស​​ខ្លួន​ពី​សង្គ្រាម​ស៊ីវិល​នា​ពេល​នោះ​​។​

លោក​ ថុល​ បាន​ថ្លែង​ដោយ​​បដិសេធ​មិន​បក​ស្រាយ​ជុំវិញ​ប្រវត្ដិ​លោក​ នួន​ ជា​។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នួន​ ជា​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​ក្នុង​សំណុំ​រឿង ​២ ​ដោយ​ឡែក​ពី​គ្នា​បាន​រួម​បញ្ចូល​ទោស​ជាប់​ពន្ធ​នាគារ​អស់ ​១ ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ប្រល័យ​ពូជ​សាសន៍​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ ​១៩៤៩។

លោក ថុល​ ថ្លែង​ថា​៖ ​«​ត្រូវ​សួរ​អង្គការ​សហប្រជាជាតិ​វិញ សួរ​អាមេរិក​វិញ​ថា ហេតុ​អ្វី​បាន​ឲ្យ​ខ្មែរ​ក្រហម​ទៅ​អង្គុយ​កៅអី កាល​ឆ្នាំ ​១៩៧៩​»​។​

លោក ​ឆាំង ​យុ ​​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ​បាន​លើក​ឡើង​ថា​ ប្រជាជន​កម្ពុជា ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ​(​ចិត្ដ​ជ្រះថ្លា)​ ហើយ​ពួក​គេ​បាន​ចូលរួម​ពិធី​បុណ្យ​សព​របស់​ នួន ​ជា។​ ប៉ុន្ដែ​ នួន​ ជា​ បាន​ចាត់​ទុក​ពួក​គេ (​ប្រជាជន​កម្ពុជា​)​ ជា​សត្រូវ។​ អ្វី​ទៅ​ជា​កំហុស? ​វា​បាន​ផ្ដល់​ការ​អត់​ឱន​ច្រើន​ណាស់​ពី​ប្រជាជន​កម្ពុជា ​ចំពោះ​ការ​ថ្កោល​ទោស​​ នួន ជា​។​ ​

លោក ឆាំង​ យុ ​ថ្លែង​ថា​៖​ «​ពេល​អ្នក​រៀន​ពី​កំហុស​ បន្ទាប់​មក​អ្នក​នឹង​អាច​ស្វែងរក​ភាព​ជោគជ័យ​ផ្ទាល់​របស់​អ្នក​បាន​។​ ពី​ព្រោះ​ អ្នក​មិន​អាច​ចម្លង​ភាព​ជោគជ័យ​ពី​អ្នក​ដទៃ​បាន​ទេ​»​។​

សព​លោក​ នួន​ ជា ​អតីត​មេ​ដឹកនាំ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​តម្កល់​ទុក​រយៈពេល​ ៧ ​ថ្ងៃ​ នៅ​វត្ដ​ព្រំ​គិរី​មរកត​មុន​បូជា ​ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ ​ខេត្ដ​ប៉ៃលិន ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា។

តុលាការ​បាន​ប្រកាស​ជូន​ដំណឹង​​ថា​ នួន​ ជា​ បាន​ទទួល​មរណ​ភាព​នៅ​ល្ងាច​ថ្ងៃទី ​៤ ​ខែ ​សីហា ​ឆ្នាំ ​២០១៩ ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ក្នុង​​អាយុ​ ៩៣ ​ឆ្នាំ៕