មណ្ឌលគិរីៈ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច​ក្រែង​ជនពាក់ព័ន្ធ​ទាំងនេះ​អាច​នឹង​ត្រូវបាន​ដោះលែង។


យោង​តាម​ព័ត៌មាន​ Fresh News ​ពី​ម្សិលមិញ ​នាយ​ឧត្តមសេនីយ៍​សៅ សុខា ​អគ្គ​មេ​បញ្ជា​ការ​រង​កងយោធពល​ខេមរភូមិន្ទ ​និង​ជាមេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដែល​ជាប្រធាន​គណៈ​កម្មការ​ជាតិ ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​បាន​បញ្ជា​​ឲ្យធ្វើ​ការកម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង​នូវ​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់​ចំនួន ​៤ គ្រឿង ​ដែលត្រូវ​បានរក​ឃើញ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ ដែលពិបាក​ក្នុងការនាំចេញ​មក​ក្រៅ។

លោក សៅ​ សុខា ​បាន​ថ្លែងកាលពីថ្ងៃ​ម្សិលមិញ​ថា កម្ពុជាជា​ប្រទេស​នីតិរដ្ឋ អ្វី​ដែលសមត្ថកិច្ច​បានធ្វើ​ គឺធ្វើ​តាម​ច្បាប់។ លោកបន្ថែមថា៖ «​បទល្មើសព្រៃឈើ គឺជាឧក្រិដ្ឋកម្ម ដូច្នេះប​ទល្មើសមួយ​ដែលបាន​កើត​ឡើង​ដោយ​មនុស្ស​ម្នាក់​ឬច្រើន​នាក់ វាអាស្រ័យ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ធ្វើ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ»។

អ្នកនាំ​ពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​លោក​ អេង ហ៊ី ​ប្រាប់ Fresh News ថា​ រថយន្ត​ដឹកឈើ​ក្នុងព្រៃ​ចំនួន ​៤ គ្រឿង ​ដែលរក​ឃើញ​ក្នុង​ព្រៃ ​ត្រូវធ្វើ​ការបំផ្លាញ​ចោល​តែម្តង ​ដោយប្រើ​ម្សៅ ​TNT។ សម្រាប់​រថ​យន្ត​ល្មើស​ជាង ​៤០ គ្រឿង​ទៀត ​ដែលត្រូវបាន​បង្ក្រាប ​និង​រឹប​អូស​ដែរនោះ ​រង់ចាំ​ការកាត់ចោល ​និងបំផ្លាញ​ចោល​នៅ​ពេល​​ក្រោយ។ ដោយ​ឡែក ​សំណុំរឿង​នៃការ​ចាប់​ខ្លួន​ឧកញ៉ា​ ស៊ឹង សំអុល ​និង​បក្ខពួក​ ៣ នាក់ ​ផ្សេងទៀត​នោះ ​លោក ​អេង ហ៊ី ​បញ្ជាក់ថា ​អាចនឹង​ផ្ទេរ​មកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​បន្ត។


លោក​អះអាងថា ​ដើម្បី​ថែរក្សា​បាន​ព្រៃ​ឈើ​គង់វង្ស ​គណៈកម្មការជាតិ ​ដើម្បី​ទប់ស្កាត់​ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ ​នឹង​អនុវត្ត​វិធានការ​តឹងរ៉ឹង​ចំពោះ​បុគ្គល​ ឬ​ក្រុមហ៊ុន ​ដែលពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ។ ចំពោះ​មធ្យោបាយ ​«រថយន្ត ​គោយន្ត ​ម៉ូតូ​» ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះត្រូវ​ស្នើសុំ​ទៅ​អាជ្ញាធរ​មានសមត្ថកិច្ច ​ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង។


ពាក់ព័ន្ធ​នឹង​ការបញ្ជូន​សំណុំ​រឿង​ខាងលើ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​គុជ គឹម​ឡុង ​អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​និយាយថា ​ជនសង្ស័យ​នៅ​មិនទាន់​បញ្ជូន​មកដល់​ដៃ​អយ្យការ​នៅ​ឡើយទេ ​ដោយស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច។

ទោះយ៉ាង​ណា ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ បាន​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​សំណុំរឿង​ឧកញ៉ា​ ស៊ឹង សំអុល ​និង​បក្ខពួក ​៣ នាក់​ផ្សេង​ទៀត​ អាច​នឹង​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ ដោយ​និយាយថា​ កន្លង​មក​តុលាការ​ធ្លាប់​កោះហៅ​ជាច្រើន​លើក​ប៉ុន្ដែ​មិនត្រូវ​បាន​ផ្ដន្ទា​ទោស ​ខណៈ​មន្ត្រី​អះអាងថា ​កំពុង​ធ្វើតាម​នីតិវិធី​ច្បាប់ ​និង​ត្រៀម​ដុត​កម្ទេច​រថយន្ត​ជាង​៤០គ្រឿង​ចោល​នៅ​នឹង​កន្លែង។

ការបង្ហាញ​ក្ដីបារម្ភ​នេះ ​បន្ទាប់​ពី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ឃាត់ខ្លួន​លោក​ឧកញ៉ា ​ស៊ឹង សំអុល ​ម្ចាស់​ក្រុម​ហ៊ុន ​ម៉ា​ស្ទ័​រ​ខេសាន់ ​មេការ​ក្រុមហ៊ុន ២ នាក់ ​និង​អ្នកបើកបរ​រថយន្ត​ម្នាក់​សរុប​ ៤ នាក់ ​នៅ​ថ្ងៃទី ៩ កក្កដា​ ​ដោយ​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ​ខណៈ​រថយន្ត​ដែល​បម្រើ​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជាង ៤០ គ្រឿង ​គ្រោង​នឹង​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង។

លោក ​ហេង ស្រស់​ សកម្មជន​ការពារ​ព្រៃឈើ​នៅតំប​ន់ភូមិភាគ​ឦសាន ​​ថ្លែងថា ​លោក​មិនទាន់​ជឿ​ទុកចិត្ត​ថា ​តុលា​ការ​ហ៊ាន​ផ្តន្ទា​ទោស​ឧកញ៉ា ​ស៊ឹង សំអុល ​និង​បក្ខពួក​ទេ ដោយ​កន្លងមក​តុលាការ​កោះហៅ​បុគ្គល​ទាំងនេះ​ជាច្រើនលើក​មក​ហើ​យ ព្រមទាំង​មាន​ជាប់​បណ្ដឹង​ជាច្រើន​ជុំវិញ​ករណី​កាប់បំផ្លាញ​ព្រៃឈើ ​ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់។ ក្រោ​យ​ពេល​ត្រឡប់​មកពី​តុលាការ​វិញ ​ឧកញ៉ា ស៊ឹង សំអុល ​បន្ថែម​សកម្មភាព​កាប់​ឈើ​លើស​ដើម គ្មាន​ខ្វល់​ពី​ច្បាប់​អ្វី​ទេ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គិតថា អាជ្ញាធរ​នៅ​តំបន់​ហ្នឹង ​មិនមែន​មិនដឹង​រឿង​ហ្នឹង​ទេ គាត់​ដឹង​ច្បាស់​​ជាង​នរណាៗ​ទាំងអស់ ​ប៉ុន្ដែ​ពួកគាត់​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។ ខ្ញុំ​ថា បើ​ចាប់​ឧកញ៉ា​ម្នាក់​ហ្នឹង​ហើយ ​ក៏ត្រូវ​ចាប់​អ្នក​ពាក់ព័ន្ធ​រួមមាន​អាជ្ញាធរ​មូល​ដ្ឋាន និង​ថ្នាក់ជាតិ​ដែរ ​ហើយ​បើ​ចាប់​តែ​គាត់​ម្នាក់ គឺ​ពិតជា​អយុត្តិ​ធម៌​ខ្លាំងណាស់​សម្រាប់​លោក​ឧកញ៉ា ស៊ឹង សំអុល»។

លោក​ គ្រើង តុលា​ សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​ថ្លែងថា​ ប្រជាពលរដ្ឋ​តែង​តែ​លើកឡើង​ពី​ឈ្មួញ​ឈើធំៗ​ដែល​កំពុង​ប្រកបមុខរបរ​រកស៊ី​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​យ៉ាងសកម្ម ​រួម​មាន​ឧកញ៉ា​ ស៊ឹង សំអុល ​និង​ឧកញ៉ា​ផ្សេង​ទៀត ​ព្រមទាំង​មាន​​ឈ្មួញ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ ការឃាត់ខ្លួន​ឧកញ៉ា ​ស៊ឹង សំអុល ​លោក​ចាត់​ទុកថា ​ជា​ករណី​ដំបូង​គេ​បង្អស់ និង​ជា​ករណី​​​ចម្លែក​ដោយមាន​ការ​លាក់បាំង​ច្រើន​ទាំង​លទ្ធផល និង​រូប​ថត ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​សាធារណជន​បាន​ដឹង​ទេ។

លោក​ថា ​កាលពី​ឆ្នាំ ២០១៧-២០១៨ ​ព្រៃឈើ​នៅ​តំបន់​ស្រែ​ពក​ ត្រូវបាន​កាប់បំផ្លាញ​ស្ទើរ​រលាយ​អស់​ ដោយ​នៅ​សល់តែ​កូន​ឈើ​តូចៗ​ ខណៈ​បច្ចុប្បន្ន​ តំបន់​ភ្នំ​ព្រិច​ កំពុង​រង​ការកាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ​ក៏​នៅ​សេ​សសល់​កូន​ឈើ​បន្ដិច​បន្តួច​ដែរ។

លោក​បញ្ជាក់ថា​៖ «ជនខិល​ខូច​តែងតែ​ប្រើ​លេស​ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច។ ក្រោយ​ពេល​កាប់​ឈើ​អស់ហើយ ​ពួក​គេ​ប្រគល់​ដី​ឲ្យ​រដ្ឋាភិបាល​វិញ ​ហើយ​ម្យ៉ាង​ទៀត​ពួកគេ​ជួល​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ឲ្យ​ចូល​កាប់​ឈើ​ពី​កន្លែង​ផ្សេង​ ហើ​យ​ដឹក​យក​ទៅ​លក់​ឲ្យ​ពួក​គេ។ ជាការ​ពិត ​ខ្ញុំ​គ្មាន​សង្ឃឹម​អ្វី​បន្ដិច​ណា​ឡើយ​ថា​ ឧកញ៉ា ​ស៊ឹង សំអុល ​មាន​ទោស​នោះ»។

លោក ស្វាយ សំ​អ៊ាង​ អភិ​បាល​ខេត្ត​មណ្ឌលគិរី ​ម្សិល​មិញ ​មិនអាចទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល ​ខណៈ ​លោក ​ឡោ សុខា ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គិរី ​ថ្លែង ​ពី​ម្សិល​មិញថា​ លោក​មិនបាន​ដឹង​ច្បាស់​ បើទោះបី​លោកថា ​កម្លាំង​របស់​លោក​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​ផងដែរ​ក៏​ដោយ។

លោក​មេធាវី សុក សំអឿន​ ថ្លែងថា ​សមត្ថកិច្ច​អាច​បំផ្លាញ​វត្ថុតាង​បទល្មើស ​ឬ​ម​ធ្យោ​បា​យ​បម្រើ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​បាន ​លុះត្រាតែ​តុលាការ​បានចេញ​សាលក្រម​ស្ថាពរ។ មានន័យថា ​បន្ទាប់ពី​តុលាការ​បាន​ចេ​ញ​សាល​ក្រម​សម្រេច​ថា ​បុគ្គល​ម្នាក់​​នោះ​មានទោស​ និង​ត្រូវ​ជាប់ទោស​រយៈពេល​ប៉ុន្មាន​ឆ្នាំ ក៏​ដូចជា​ចោទ​ក្នុង​បទ​អ្វី​មួយ​នោះ ​តុលាការ​មាន​សិទ្ធិ​ចេញ​ដីកា​បង្គាប់​ឲ្យ​បំផ្លាញ​វត្ថុតាង ​ឬ​ត្រូវ​រឹបអូស​ចាត់​ចូល​ជា​សម្បត្តិ​រដ្ឋ។

លោក​បន្តថា៖​ «យើង​ជា​មេព្រៃ ឬ​សមត្ថកិច្ច​ហ្នឹង មិនអាច​សម្រេចចិត្តភ្លាមៗបានទេ ប្រយ័ត្ន​ជន​ល្មើស​ប្ដឹង​បក​វិញ ព្រោះ​គ្មាន​ភ័ស្ដុតាង​ដាក់​ឡើង​តុលាការ គឺ​ត្រូវតែ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​សិន»។

គួរ​បញ្ជាក់ថា ឧកញ៉ា ស៊ឹង សំអុល ​ត្រូវបាន​លោក ស៊ុយ សុភា ​ចៅ​ក្រម​សាលាដំបូង​ខេត្ត​មណ្ឌល​គិរី ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​កាលពី​ខែ តុលា ឆ្នាំ ​២០១៧​ ម្តង​រួច​មកហើយ​ ដោយយោង​ទៅតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៣៧ ​ចុះ​ថ្ងៃទី ២៥ ​ខែ មីនា ​ឆ្នាំ ២០១៦​ «ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើរ​រឿង​កាប់ ​ប្រមូល និង​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រ​ភេ​ទ​» ដែល​ប្រព្រឹត្ត​នៅ​ស្រុក​កែវ​សីមា ​ក្នុង​ក្រុមហ៊ុន​ដាយ​ថាន់​​ថ្ងៃទី ១៦ ​មករា ឆ្នាំ​ ២០១៦៕​ កន្លង​ទៅ​នេះ»៕