សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​ឈើ និង​ម្ចាស់​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង ​ដឹក​ធ្យូង​លួច​បង្កប់​ឈើ​ខុសច្បាប់

Content image - Phnom Penh Post
ឈើ​ដែល​ឆែក​ឃើញ​ក្រោយ​ចាប់​រថយន្ត​ដឹក​ធ្យូង​ថ្ងៃទី​ ២២ ​មីនា​នៅ​កំពង់ធំ​។ រូប សហការី

កំពង់ធំៈ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ និង​ម្ចាស់​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​ដែល​បាន​ដឹក​ធ្យូង​លួច​បង្កប់​ឈើ​ខុសច្បាប់​ប្រភេទ​លេខ​ ២ ​ប្រមាណ​ពី ៥ ​ទៅ​ ៦ ​ម៉ែត្រគុប បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក​កាលពី​ថ្ងៃទី​ ២២ ​ខែមីនា​ដែល​ខណៈនោះ​អ្នក​បើកបរ​រថយន្ត​បាន​រត់គេចខ្លួន​។

លោក​ ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង បាននិង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​ឈើ​ និង​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​ចំណុះ​ ៥ ​តោន​ម៉ាក​ Hyundai ដែល​បាន​ដឹក​ធ្យូង ហើយ​លួច​បង្កប់​ឈើ​ពីក្រោម​ធ្យូង​ប្រមាណ​ពី​ ៥ ​ទៅ​ ៦ ម៉ែត្រគុប​។ រថយន្ត​នេះ​បាន​ចេញ​ដំណើរ​ពី​ខេត្តព្រះវិហារ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។ ខណៈ​មកដល់​ភូមិ​កកោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់ផ្លូវ​ឃាត់ ក្រោយពី​ភ្នាក់ងារ​សម្ងាត់​របស់​សមត្ថកិច្ច​រាយការណ៍​ជុំវិញ​ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

លោក​បន្ថែមថា ការស្ទាក់ចាប់​រថយន្ត​នេះ​មាន​ការស្នើសុំ​ការសម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ទើប​ធ្វើការ​ឃាត់​ឆែកឆេរ​ឃើញ​មាន​ធ្យូង​ដាក់​ពីលើ​។ ពេលនោះ​សមត្ថកិច្ច​បន្ត​បើកទ្វារ​រថយន្ត​ហើយ​រើ​ទម្លាក់​ធ្យូង​មួយចំនួន​ក៏​ប្រទះ​ឃើញ​ឈើ​ប្រភេទ​លេខ​ ២ (​ឃ្នាប និង​ក្តារ​) ​គឺជា​គ្រឿង​ឈើ​សម្រាប់​សាងសង់​ផ្ទះ​។ បន្ទាប់មក​សមត្ថកិច្ច​បាន​យក​វត្ថុតាង​ពី​កន្លែង​ឃាត់​ទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​។

លោក​ សុធី បញ្ជាក់​ថា​៖ «​ពេលនេះ​យើង​កំពុង​ស្រាវជ្រាវ​រកម្ចាស់​ឈើ និង​អ្នកបើកបរ​មក​ទទួល​ខុសត្រូវ​តាមច្បាប់ ហើយ​មន្ត្រី​យើង​កំពុង​រើ​ធ្យូង​ និង​ឈើ​ចេញពី​ឡាន​។ ប៉ុន្ដែ​ចំនួន​ធ្យូង ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ទេ ហើយ​ចំនួន​ឈើ​ក៏​មិនទាន់​រាប់​អស់​ដែរ តែបើ​តាម​ការ​ស្មាន​របស់ខ្ញុំ​គឺអាច​ប្រមាណ​ជា​ ៥ ​ទៅ​ ៦ ​ម៉ែត្រគុប​។ ពេល​ឃើញ​សមត្ថកិច្ច​ឈរ​ចាំ​នៅ​ខាងមុខ​ស្រាប់តែ​អ្នកបើកបរ​ឈប់​ឡាន​បើកទ្វារ​រត់គេចខ្លួន​បាត់​»​។

លោក​ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ពី​ម្សិលមិញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​ប្រជុំ​មិនអាច​និយាយ​ទូរស័ព្ទ​បានទេ​។

ចំណែក​លោក​ ម៉ៅ ចាន់ធី អធិការនគរបាល​ស្រុក​សន្ទុក​ពី​ម្សិលមិញ​ក៏​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះដែរ ដោយ​លោក​ថា​កំពុង​ជាប់​រវល់​ប្រជុំ ប៉ុន្តែ​លោក​បញ្ជាក់​ថា​មិនទាន់​បានដឹង​ករណីនេះ​ទេ​។

លោកស្រី សំណាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ឃើញ​ព័ត៌មាន​គេ​ចុះផ្សាយ​រឿង​ហ្នឹង​ដែរ​ប៉ុន្ដែ​ខាង​មន្ត្រី​ជំនាញ​មិនបាន​ស្នើសុំ​ខាង​កម្លាំង​ខ្ញុំ​ឲ្យ​ជួយ​ផង​។ អ៊ីចឹង​របាយការណ៍​នានា​ទាក់ទង​រឿងនេះ​ខ្ញុំ​អត់​ដឹង​ទេ​ទាល់តែ​ទៅ​ខាង​មន្ត្រី​ជំនាញ​យើង​បានដឹង​»​។

លោក​ ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ពី​ម្សិលមិញ​ថា ម្ចាស់​ឈើ​ឈ្មោះ ឌី ដែល​តែងតែ​អះអាង​ថា ខ្លួន​គឺជា​ក្មួយ​អ្នកធំ​ម្នាក់​ដែល​មាន​ងារ​ជា​ឯកឧត្តម​។ កន្លងមក​បុគ្គល​រូបនោះ​បាន​អន្តរាគមន៍​ឲ្យ​ដោះលែង​ឡាន​ដឹកឈើ​ខុសច្បាប់​ជាច្រើន​លើក​ច្រើនសា​មកហើយ ដែល​ធ្វើឲ្យ​បុគ្គល​រូបនេះ​កាន់តែ​គឃ្លើន​មិន​ខ្លាចញញើត​សមត្ថកិច្ច​នោះទេ​៕