ព្រះវិហារ: លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញកំពុងសាកសួរម្ចាស់គ្រឿងចក្រម្នាក់ឈ្មោះជា (មិនចាំនាមត្រកូល) បន្ទាប់ពីគណៈកម្មការចម្រុះខេត្តព្រះវិហារកាលពីថ្ងៃទី ៣ ខែមេសាកន្លងទៅបានចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងឃាត់គ្រឿងចក្រចំនួន ៥ គ្រឿង និងរថយន្តដឹកដីប្រមាណ ១០ គ្រឿង ទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោយពីកាយដីរបស់រដ្ឋមួយកន្លែងនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារដោយគ្មានច្បាប់អនុញ្ញាត។
លោក សុវណ្ណ បានថ្លែងថា៖ «ខ្ញុំកំពុងឲ្យមន្ត្រីជំនាញចាត់វិធានការតាមផ្លូវច្បាប់ប៉ុន្ដែពេលនេះនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេដោយមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារកំពុងបន្តសាកសួរគាត់នៅឡើយ។ ម្យ៉ាងទៀតខ្ញុំក៏មិនទាន់ទទួលបានព័ត៌មានអ្វីបន្ថែមពីមន្ត្រីជំនាញយើងដែរព្រោះខ្ញុំរវល់ប្រជុំនៅក្រសួងមហាផ្ទៃ តែយ៉ាងណាយើងនឹងចាត់វិធានការតាមផ្លូវច្បាប់»។
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញកំពុងតែសាកសួរបុរសម្នាក់ជាម្ចាស់គ្រឿងចក្រឈ្មោះ ជា ខណៈអ្នកបើកបរត្រាក់ទ័រ និងអ្នកបើកបររថយន្តត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះពួកគាត់ជាអ្នកស៊ីឈ្នួលបើកបរឲ្យគេដែរ។
នៅពេលសាកសួរម្ចាស់គ្រឿងចក្រនេះរួចរាល់ លោកនឹងត្រូវរាយការណ៍ទៅលោកអភិបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងតាមនីតិវិធីបន្តទៀត។ តាមចម្លើយដែលម្ចាស់គ្រឿងចក្របានសារភាពប្រាប់សមត្ថកិច្ចថា ម្ចាស់ដីឈ្មោះ សាយ សុភា បានជួលត្រាក់ទ័ររបស់គាត់មកកាយដីនេះដោយគាត់បានកាយតាមការចង្អុលបង្ហាញរបស់ម្ចាស់ដីប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ម្ចាស់ដីហ្នឹងឈ្មោះ សាយ សុភា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យដែលបានជួលត្រាក់ទ័រមកកាយដីនេះហើយឥឡូវនេះយើងបានសួរនាំដឹងម្ចាស់ដីហ្នឹងហើយ។ មន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅលោកអភិបាលខេត្តដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ប៉ុន្ដែរឿងសម្រេចយ៉ាងណាខ្ញុំអត់ដឹងទេ»។
លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យបានថ្លែងពីម្សិលមិញថា លោកបានចុះទៅចាត់វិធានការទៅលើគ្រឿងចក្រទាំងនោះជាមួយគណៈកម្មការចម្រុះខេត្តព្រះវិហារដែរ ដោយរកឃើញថា ម្ចាស់ដីបានជួលគ្រឿងចក្រមកឈូសឆាយដីចម្ការរបស់គាត់ ប៉ុន្ដែគ្រឿងចក្របានឈូសឆាយហួសព្រំដីចូលទៅដល់ដីរបស់រដ្ឋដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ទើបសមត្ថកិច្ចហាមឃាត់បែបនេះ។
លោកបន្តថា សមត្ថកិច្ចបានឃាត់គ្រឿងចក្ររបស់គាត់យកមករក្សាទុកនៅទីស្នាក់ការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបន្តការដោះស្រាយតាមនីតិវិធីច្បាប់។ ម្ចាស់គ្រឿងចក្រ និងអ្នកបើកបរគ្រឿងចក្រទាំងអស់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទេ។
លោកបញ្ជាក់ថា៖ «ម្ចាស់គ្រឿងចក្រ ម្ចាស់ដីទាំងនេះមិនជាប់ពាក់ព័ន្ធអ្វីជាមួយខ្ញុំទេ សារព័ត៌មានខ្លះផ្សាយវាយប្រហារខ្ញុំខ្លាំងណាស់ ដូច្នេះខ្ញុំសូមបញ្ជាក់ថា គ្មានពាក់ព័ន្ធអ្វីជាមួយខ្ញុំទេ។ នៅថ្ងៃចុះបង្ក្រាបហ្នឹង ខ្ញុំទៅដែរ ព្រោះខ្ញុំគ្មានទើសទាល់អ្វីសាច់ញាតិខ្ញុំទេ គឺសមត្ថកិច្ចបានឃាត់ខ្លួនទាំងអស់ ទាំងអ្នកបើកបរគ្រឿងចក្រ ម្ចាស់គ្រឿងចក្រ អ្នកបើករថយន្ត និងម្ចាស់ដី គឺឃាត់ទាំងអស់ ប៉ុន្ដែខ្ញុំអត់ដឹងចំនួនទេគឺគេយកទៅសាកសួរ»។
លោកបន្ថែមថា ដីដែលគ្រឿងចក្រកំពុងឈូសឆាយនេះជាដីទួលរបស់រដ្ឋ ត្រូវបានមន្ត្រីជំនាញកាត់ឆ្វៀលទុកតាំងពីឆ្នាំ ២០០៣ មក ប៉ុន្ដែប្រសិនម្ចាស់ដីកាយនៅក្នុងប្លង់ដីរបស់ខ្លួននឹងមិនមានការហាមឃាត់គ្រឿងចក្រទេ គ្រាន់តែជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានទៅជាការស្រេច។
លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយ៕