កោះកុងៈ នគរបាល​ស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​អះអាង​ពី​ម្សិលមិញ​ថា ករណី​ក្មេងប្រុស-ស្រី​ ៣ ​នាក់ ដែល​រកឃើញ​ស្លាប់​ក្នុង​ទឹកអូរ​កាលពី​ថ្ងៃ​ ១៨ ​វិច្ឆិកា នៅ​ភូមិ-ឃុំ​បឹងព្រាវ​ពុំមែន​ជា​អំពើ​ឃាតកម្ម​ទេ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច​។


លោក​ តេង ឃាន ប្រធាន​ផ្នែក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​បាន​ប្រាប់ថា ក្មេង​ទាំង​ ៣ ​នាក់​ ដែល​លង់ទឹក​ស្លាប់​នោះ​ទី​១ ឈ្មោះ ជឿន រក្សា ​ភេទ​ប្រុស អាយុ​ ៧ ​ឆ្នាំ​,​ ទី​២- ​ឈ្មោះ ចិត្ត វិរិន ភេទ​ប្រុស អាយុ​ ៥ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឆៃ សៀវវើ ភេទ​ស្រី អាយុ​ ៣ ​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ-ឃុំ​ខាងលើ​។

លោក​ថា​៖ «​ក្មេងរងគ្រោះ​ទាំង​ ៣ ​នាក់​ ខាង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​គ្រូពេទ្យ​បាន​ធ្វើ​កោសល្យវិច័យ​មិន​រកឃើញ​ថា​ជា​អំពើ​ឃាតកម្ម​អី​ទេ​»​។

ដោយឡែក​លោក ស៊ិន វណ្ឌិន នាយប៉ុស្តិ៍​នគរបាល​ឃុំ​បឹងព្រាវ​ប្រាប់​ឲ្យ​ដឹង​តាម​សម្ដី​សាក្សី​ថា​ ក្មេងរងគ្រោះ​ម្នាក់ ឈ្មោះ​ ជឿន រក្សា រៀន​ថ្នាក់​ទី​ ២ ​នៃ​សាលាបឋមសិក្សា​បឹងព្រាវ​ជា​កូន​គ្រួសារ​ក្រីក្រ​ដែល​ឪពុកម្តាយ​ចេញ​ទៅ​ធ្វើ​សំណង់​រហូត​ល្ងាច​ទើប​វិល​មក​ផ្ទះ​វិញ​។ ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​ក្មេង​រងគ្រោះ​ទាំង​ ៣ ​នាក់ ​ដើរលេង​ក្នុងភូមិ​។ ​លុះ​ថ្ងៃត្រង់​ស្រាប់តែ​បាត់​ពួកគេ ប៉ុន្តែ​គ្មាន​អ្នក​ចាប់​អារម្មណ៍​ថា​ពួកគេ​ជួប​បញ្ហា​ទេ​។

លោក​បន្តថា លុះដល់​ម៉ោង​ប្រមាណ​ ២ ​រសៀល បុរស​ម្នាក់​ឈ្មោះ រ៉ា សំ ដែល​ជា​ឪពុកមា​របស់​ក្មេង​ឈ្មោះ ជឿន រក្សា បាន​បាត់​ក្មួយ​មិនឃើញ​ទៅផ្ទះ​ក៏​ឲ្យ​អ្នកភូមិ​ជួយ​រក​។ ដោយ​រក​ក្នុងភូមិ​មិន​ឃើញ​ក្រុម​អ្នកភូមិ​ក៏​នាំគ្នា​ដើរ​ទៅរក​តាម​អូរ​ជា​កន្លែង​កើតហេតុ​ដែលមាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​ ២០០ ​ម៉ែត្រ ហើយ​បាននាំគ្នា​ចុះ​រាវរក​ក៏​ប្រទះ​ឃើញ​ពួកគេ​ទាំង​ ៣ ​នាក់​នៅក្នុង​ទឹកអូរ​នោះ​តែម្ដង​។


លោក​ថា៖ «​ពេល​រកឃើញ​ក្មេងរងគ្រោះ​ខ្លួន​ពួកគេ​នៅ​ទន់​ និង​ខ្លួនប្រាណ​នៅ​ក្តៅ​នឹកថា អាច​នៅ​មាន​ជីវិត ហើយ​នាំគ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក តែ​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ថា ពួកគេ​ដាច់ខ្យល់​​ស្លាប់​អស់ហើយ​»​។

លោក​បញ្ជាក់ថា ទឹកអូរ​នោះ​មាន​ជម្រៅ​ប្រហែល​ ១ ​ម៉ែត្រកន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ពួកគេ​នៅ​ក្មេង​ពេក​ទើប​គ្មាន​លទ្ធភាព​ការពារ​ខ្លួនឯងបាន​។ ចំពោះ​ការស្លាប់​ម្តង​ទាំង​ ៣ ​នាក់​បែបនេះ ក្រុម​អ្នកភូមិ​គិតថា​ប្រហែល​ជា​មុនដំបូង​លង់​តែ​ម្នាក់​ទេ ប៉ុន្តែ​ដល់​ឃើញ​ដូច្នោះ​ក៏​នាំគ្នា​ចុះជួយ​ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​ ៣ ​នាក់​តែម្ដង​យ៉ាងនេះ​៕