មណ្ឌលគិរី: សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​អតីត​សង្ឃ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅថ្ងៃនេះ ក្រោម​បទ​ចោទ​ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ចាក់​សម្លាប់​ព្រះសង្ឃ​ ១ ​អង្គ ប្រពឹត្ត​កាលពី​ថ្ងៃ​ ២៤ ​មីនា​នៅ​វត្ត​ដេអេ​ក្នុង​ភូមិ​ចុងផាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ដោយសារ​ទំនាស់​ពាក្យសម្ដី​គ្នា​។


លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ករណី​នេះ​សមត្ថកិច្ច​ជំនាញ​បាន​សាកសួរ​ជនសង្ស័យ​​រួចរាល់​ហើយ ដោយ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ត្រៀម​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែមីនា​នេះ​ដើម្បី​ឲ្យ​តុលាការ​ចាត់វិធានការ​បន្ត​។

លោក​បាន​បញ្ជក់​ថា​៖ «​អតីត​ព្រះសង្ឃ​អង្គ​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ ហើយ​ជាប់គុក​យ៉ាង​ហោចណាស់​ក៏​ ១០ ឬ​ ២០ ​ឆ្នាំ​​ដែរ ព្រោះ​ករណី​មនុស្សឃាត ហើយ​យើង​បាន​ចោទប្រកាន់​គាត់​ថា ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន ប៉ុន្ដែ​តុលាការ​លោក​ចោទ​យ៉ាងណា​ទៀត ខ្ញុំ​អត់​ដឹង​ទេ​។ ​អ៊ីចឹង​ប្រហែល​នៅ​ថ្ងៃទី​ ២៦ ខែ​មីនា​ពេលព្រឹក​នេះ​យើង​បញ្ជូន​ទៅ​ដល់​តុលាការ​តែម្ដង ព្រោះ​ការរៀបចំ​នីតិវិធី​ផ្សេងៗ​គឺ​ធ្វើ​រួចរាល់​ហើយ​»​។

អតីត​ព្រះសង្ឃ​ឈ្មោះ ធឿននី អាយុ​ ៣៩ ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ពេជ្រាដា ចាប់បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​គណៈសង្ឃ​ខេត្តមណ្ឌលគិរី​ចាប់​ផ្សឹក​ករណី​ចាក់​សម្លាប់​ព្រះសង្ឃ​ ១ ​អង្គ​ព្រះនាម ថ្លាង វុធ ព្រះជន្ម​ ២៤ ​ព្រះវស្សា​គង់នៅ​វត្ត​ដេអេ​ជាមួយ​គ្នា​ក្នុង​ភូមិ​ចុងផាង ឃុំ​ពូជ្រៃ កាល​ព្រឹក​ថ្ងៃ​ ២៤ មីនា​។

នេះ​បើតាម​លោក តាក់ យ៉េន ​អធិការ​នគរបាល​ស្រុក​ពេជ្រាដា​កាលពី​ថ្ងៃ​អង្គារ​។


លោក តាក់ យ៉េន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា មុនពេល​រងរបួស​ព្រះសង្ឃ​រងគ្រោះ​ព្រះនាម ថ្លាង វុធ បាន​ទាស់​ពាក្យសម្ដី​គ្នា​តិចតួច​ជាមួយ​អតីត​ព្រះសង្ឃ ឈ្មោះ ធឿន នី ដែល​ផ្ដើម​ពី​ការ​ចំអន់​គ្នា​លេង​ដោយ​ព្រះសង្ឃ​រងគ្រោះ​បាន​ហៅ​ព្រះសង្ឃ​ដៃដល់​ថា មុខ​ដូច​មនុស្ស​ញៀនថ្នាំ​។ ក្រោយមក ព្រះសង្ឃ​ដៃដល់​បាន​ខឹង​ខ្លាំង​ទើប​ឈានដល់​ការចាក់សម្លាប់​គ្នា​បែបនេះ​។

លោក តាក់ យ៉េន បញ្ជាក់ថា​៖ «​នៅ​មុនពេល​បញ្ជូន​ទៅ​ស្នងការដ្ឋាន មន្ត្រីជំនាញ​ខាង​ខ្ញុំ​នេះ​បាន​សាកសួរ​ចម្លើយ​រួច​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដែរ តែ​គាត់​គ្មាន​ជាតិ​ញៀន​ក្នុង​ខ្លួន​ទេ​»​។

លោក យ៉ាន សាណី នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា បាន​ថ្លែង​ថា ព្រះសង្ឃ​រងគ្រោះ​បាន​សុគត​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​រងរបួស​ធ្ងន់​ដោយសារ​ការចាក់​នឹង​កាំបិត​ចិតបន្លែ​ចំនួន​ ៣ ​កាំបិត​ដោយ​ត្រូវ​ត្រង់​ពោះ​ ១ ​កាំបិត ដើមទ្រូង​ ១ ​កាំបិត និង​កៀន​ក្លៀក​ ១ ​កាំបិត​ទៀត​។

លោក​បន្តថា ព្រះសង្ឃ​បង្ក​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្របែក ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្តកំពង់ចាម​។ រីឯ​ព្រះសង្ឃ​រងគ្រោះ​មាន​ទីកន្លែង​កំណើត​ភូមិ​ទឹកជ្រៅ ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​កំពង់ចាម ហើយ​បាន​មក​គង់នៅ​វត្ត​ដេអេ ជាមួយ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​កើតហេតុ​ព្រះសង្ឃ​រងគ្រោះ​ត្រូវ​ព្រះសង្ឃ​ដូចគ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​សុគត​នៅ​ពាក់​កណ្តាលផ្លូវ​»​។

ព្រះសង្ឃ​ ១ ​អង្គ​គង់នៅ​វត្ត​ដេអេ​ដែលមាន​ព្រះជន្ម ២៤ ​ព្រះវស្សា សុំ​មិន​បញ្ចេញ​ព្រះនាម​មាន​ថេរដីកា​ថា នៅ​ល្ងាច​ថ្ងៃទី​ ២៣ ខែមីនា មុនពេល​កើតហេតុ​ព្រះសង្ឃ​រងគ្រោះ និង​ព្រះសង្ឃ​ដៃដល់​បាន​ចំអន់​គ្នា​លេង​ដោយ​ព្រះសង្ឃ​រងគ្រោះ​បាន​ហៅ​ព្រះសង្ឃ​ដៃដល់​ថា មុខ​ដូច​មនុស្ស​ញៀន​ថ្នាំ​។ ពេលនោះ​ក៏​មាន​ការទាស់សម្ដី​គ្នា​ឮៗ ប៉ុន្ដែ​មាន​ព្រះសង្ឃ​ ១ ​អង្គ​ផ្សេង​ទៀត​មកឃាត់​ក៏​ស្ងាត់​រៀងៗ​ខ្លួន​វិញ​។

ព្រះអង្គ​មាន​ថេរដីកា​បន្តថា លុះដល់​ម៉ោង​ជាង​ ៩ ​ព្រឹក​ថ្ងៃទី​ ២៤ ខែ​មីនា ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឲ្យ​គេ​ជួយ ហើយ​​ក៏មាន​ការភ្ញាក់ផ្អើល និង​ឃើញ​ព្រះសង្ឃ​រងគ្រោះ​ដួល​ហូរឈាម​ទើប​នាំគ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​បាន​​សុគត​តាមផ្លូវ​។ រីឯ​ព្រះសង្ឃ​ដៃដល់​មិន​បាន​រត់គេចខ្លួន​ទេ​។

ព្រះអង្គ​បញ្ជាក់ថា​៖ «​ក្រោយមក​មាន​សមត្ថកិច្ច និង​គណៈសង្ឃ​ខេត្ត​មណ្ឌល​គិរី​ចុះមក ដើម្បី​ស៊ើបអង្កេត​ដោយ​គណៈសង្ឃ​ខេត្ត​បាន​ផ្សិក​ព្រះសង្ឃ​ដែល​ចាក់​សម្លាប់​គេ​ហ្នឹង​រួច​ក៏​ប្រគល់​ជូន​សមត្ថកិច្ច​តែម្ដង​។ ពេល​គេ​ជជែក​គ្នា​ឮៗ​ហ្នឹង​អាត្មា​នៅ​ក្បែរ​ហ្នឹង​ដែរ តែ​អាត្មា​មិន​ហ៊ាន​ឃាត់​គេ​ទេ​»៕