ស្ទឹងត្រែងៈ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹង​ត្រែង​ ពីម្សិលមិញ​បានអំពាវនាវ​សុំឲ្យ​ម្ចាស់​រថយន្ត​ដឹក​ផលិតផល​ព្រៃឈើ​ល្មើស​ច្បាប់​ប្រញាប់​ចូលខ្លួន​មក​ដោះស្រាយ​នៅខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ជាបន្ទាន់​ បើ​ពុំ​នោះ​ទេ ​រដ្ឋបាល​ព្រៃឈើ​នឹង​កសាង​សំណុំរឿង​ដក​ហូត​សម្ភារៈ​និង​រថយន្ត​ទុកជា​សម្បត្តិ​រដ្ឋ។


ការអំពាវនាវនេះ​បានធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹង​ត្រែង​បាន​ចុះប្រតិបត្តិការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​នៅចំណុច​អូរច្រឡង់​ ស្ថិតក្នុង ​ភូមិ​-ឃុំ​ អូរឫស្សី​កណ្ដាល ​ស្រុក​សៀមបូក ​ខេត្ត​ស្ទឹង​ត្រែង ​ហើយ​បាន​ប្រទះឃើញ​រថយន្ត​ដ៏គួរឲ្យ​សង្ស័យ​មួយគ្រឿង​ ពាក់​ស្លាកលេខ ​កំពង់ចាម​ 2A-3067 ​ឈប់​ចត​នៅលើ​ចិញ្ចើម​ផ្លូវ ​តាមបណ្ដោយ​ផ្លូវជាតិ​៧a ​ដោយ​ពុំមានម្ចាស់​ឬ​អ្នក​បើកបរ​ណាម្នាក់​នៅក្បែរ​រថយន្ត​នោះ​ទេ។

លោក ​អន ច័ន្ទសុជាតិ ​មន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹង​ត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​ក្នុង​រថយន្ត​នោះ​ មានផ្ទុក​ពេញ​ដោយ​ធ្យូង​ ប៉ុន្តែ​ដោយ​មាន​​ការសង្ស័យ​ ក្រុម​សមត្ថកិច្ច​ចម្រុះ ​ក៏បាន​សម្រេច​ចិត្តធ្វើ​ការ​ត្រួតពិនិត្យ ​ដោយ​កាយធ្យូង​ខាងលើ​ចេញ​បានប៉ុន្មាន​ក៏ប្រទះ​ឃើញ​សុទ្ធតែ​ឈើ​ប្រណិត​ប្រភេទ​ធ្នុង ដែល​តាម​ការវាស់​វែង​មាន​ចំនួន​ជាង​មួយ​ម៉ែត្រ​គូប ​នៅពី​ក្រោម​គំនរ​ធ្យូងនោះ​។

លោក​បានបញ្ជាក់​ថា​៖ «​ក្រោយ​ការថ្លឺង ​ឈើ​ទាំងនោះ​មាន​ទម្ងន់​សរុប​ ១,៤០០ គីឡូក្រាម​ ហើយ​នៅពេលនេះ ​ទាំងឈើ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យើង​នាំយក​មករក្សាទុក​ជាបណ្ដោះ​អាសន្ន ​ដើម្បី​រង់​ចាំ​ម្ចាស់​របស់​វា​ចូល​ខ្លួន​មកដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​»។


បើតាម​សម្ដី​របស់​លោក​ អន ច័ន្ទសុជាតិ​ ក្រុមមន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​ស្ទឹង​ត្រែង បានទុករយៈ​ពេល​ប្រមាណ​មួយ​សប្ដាហ៍​ ដោយ​គិត​ត្រឹម​ពី​ថ្ងៃ​ចន្ទ​ទី​ ០៣ ខែ ធ្នូ​ ឆ្នាំ ២០១៨ ​នេះ​ទៅដល់​ម្ចាស់​ឈើ​និង​រថយន្ត​ទាំងនោះ ​ចូល​ខ្លួន​មកកាន់​ទីស្នាក់​ការ​កណ្ដាល​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹង​ត្រែង ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕