ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​​មហាផ្ទៃ​បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​អ៊ីនធឺណិត បន្ទាប់ពី​អង្កេត​ឃើញ​ថា មាន​ជនអនាមិក​ជាច្រើន​បាន​ប្រើ​រូបភាព និង​វីដេអូ​អាសអាភាស​ដើម្បី​គំរាម​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។


លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​នានា​ដូចជា ហ្វេសប៊ុក​របស់​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​ធ្វើឲ្យ​ជនអនាមិក​អាច​ជ្រៀត​ចូល​លួច​យក​ទិន្នន័យ​ទៅ​ប្រើប្រាស់​ និង​បោក​បញ្ឆោត​បាន​។

លោក​ថា​៖ «​ដូចជា​ការប្រើប្រាស់​ហ្វេសប៊ុក​ពលរដ្ឋ​យើង​ទើប​តែ​ចេះ​ប្រើ ដូច្នេះ​ការ​ការពារ​របស់​គាត់​នៅ​មាន​កម្រិត ធ្វើ​ឲ្យ​ជនល្មើស​ឆ្លៀត​ឱកាស​ចូល​យកបាន​។ ពលរដ្ឋ​យើង​ទៅ​ទីណា​ចូលចិត្ដ​ថតរូប​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ដោយ​មិន​បាន​គិត​ប្រយ័ត្នប្រយែង ទើប​អាច​ឲ្យ​ជនអនាមិក​ចូល​យក​ទៅ​ក្លែងបន្លំ​កាត់ត បង្ក​ជា​បញ្ហា​រឿង​ឆបោក​គំរាមកំហែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​»​។

លោក ជា ពៅ បាន​ថ្លែង​ថា​បច្ចេកវិទ្យា​មាន​ទំហំ​ធំ​ទូលាយ​ណាស់ ហើយ​ចំណេះដឹង​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការថតរូប​បង្ហោះ​លើ​ហ្វេសប៊ុក​ និង​បណ្ដាញ​សង្គម​ផ្សេងទៀត​។ ​រីឯ​ការចែករំលែក​វីដេអូ​ ឬ​រូបភាព​ក៏​ដូច​លក់​ទំនិញ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ផងដែរ​។


លោក​បញ្ជាក់ថា​៖ «​ចំពោះ​ការទិញ​ទំនិញ​តាម​បណ្ដាញ​អនឡាញ​ត្រូវ​បញ្ជាក់​ប្រភព​​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ផ្ទេរប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត និង​ស្វែងយល់​ឲ្យ​ច្បាស់លាស់​ពី​ប្រភព​នៃ​ធនាគារ​ដែល​ត្រូវ​ផ្ទេរប្រាក់​ទៅ​នោះ ព្រោះ​ជនអនាមិក​អាច​បន្លំ​ចំពោះ​ការផ្ទេរ​ប្រាក់​នេះ​ផងដែរ​»​។


ទោះជា​យ៉ាងណា​លោក ជា ពៅ មិន​បាន​បញ្ជាក់​ពី​ទិន្នន័យ​បទល្មើស និង​ជនអនាមិក​ទេ​ដោយ​លោក​អះអាង​ថា មិន​ស្ថិត​នៅ​ការិយាល័យ និង​មិន​ចងចាំ​ទិន្នន័យ​នេះ​។ ប៉ុន្ដែ​លោក​ថា​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​បាន​ច្រើន​​ករណី និង​បញ្ជូន​ទៅ​តុលាការ​ក៏បាន​ច្រើន​ហើយ​ដែរ​។

នៅមុន​ពេលចេញ​សេចក្ដី​ជូន​ដំណឹង​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​​ធ្លាប់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ករណី​ថតរូបភាព​ ឬ​វីដេអូ​អាសអាភាស​គំរាម​ទារប្រាក់​ (Sex Extortion) ​កំពុង​កើត​មាន​នៅ​កម្ពុជា​ដោយ​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​មួយ​ចំនួន​ដូចជា រូប​នារី​​ស្អាតៗ​,​ គេហទំព័រ​អាសអាភាស និង​មធ្យោបាយ​ផ្សេងៗ​ក្នុងការ​ចម្លង​មេរោគ​ទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ​ ឬ​ទូរស័ព្ទដៃ​ដោយ​ប្រើប្រាស់​កាមេរ៉ា​ Webcam ​ថត​សកម្មភាព​ផ្សេងៗ​រួច​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​តែម្ដង​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា​ការ​គំរាម​ទារប្រាក់​ដោយ​ប្រើប្រាស់​នារី​ស្អាតៗ​ដើម្បី​ទាក់ទាញ​ជនរងគ្រោះ​គឺ​ជនល្មើស​បាន​សន្ទនា​តាម​អនឡាញ​,​ ប្រើប្រាស់​សកម្មភាព​ស្រើបស្រាល អូសទាញ​ជនរងគ្រោះ​ឲ្យ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ​នៅ​មុខ​កុំព្យូទ័រ​ ឬ​ទូរស័ព្ទដៃ រួច​ជនល្មើស​ថត​សកម្មភាព​ទាំងនោះ​ដើម្បី​គំរាម​ទារប្រាក់​។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ប្រសិន​ពលរដ្ឋ​ជួប​ករណី​បែប​​នេះ ត្រូវ​ទៅ​ជួប​មន្ត្រី​ជំនាញ​ដើម្បី​ប្រឹក្សា​ដាក់ពាក្យ​បណ្តឹង​ស្វែងរក​ជនល្មើស​។ ​ការបង់ប្រាក់​ដល់​ជនល្មើស​មិនមែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​បាន​ឡើយ​។ ​ព្រោះ​បង់ប្រាក់​ទៅ​ជនល្មើស​នឹង​ទាមទារ​ឲ្យ​បង់​បន្តបន្ទាប់​មិន​ខាន​។

ជាមួយ​គ្នា​នេះ​សេចក្ដី​ជូន​ដំណឹង​ក៏បាន​រំឭក​ដែរ​ថា​៖ «​ប្រសិន​មាន​ការគំរាម​តាម​បណ្ដាញ​អ៊ីនធឺណិត ពលរដ្ឋ​ត្រូវ​បិទ​គណនី​បណ្តាញ​សង្គម​បណ្តោះអាសន្ន​សិន​។ ត្រូវ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ ស្គែន និង​សម្អាត​មេរោគ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ និង​ត្រូវ​ប្រើប្រាស់ Sticker បិទ​កាមេរ៉ា Webcam នៅ​ពេល​មិន​ប្រើប្រាស់​»​។

នៅពេល​សួរ​តាម​បណ្ដាញ​សង្គម​ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​ករណីនេះ លោក ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លើយតប​ទេ​កាលពី​ថ្ងៃ​ចន្ទ​៕