សមាជិក​រដ្ឋសភា​ ១០៥ ​រូប​ អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម

Content image - Phnom Penh Post
សមាជិក​រដ្ឋសភា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​មាន ១១ ជំពូក និង ១០៧ មាត្រា​។ ច្បាប់​នេះ​ធ្វើ​ក្នុង​គោលបំណង​ដើម្បី​ធានា​ឲ្យ​មាន​សមធម៌​សាគ្គីធម៌​សង្គម និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ត្រូវ​បាន​អនុម័ត​ដោយ​មាន​សំឡេងគាំទ្រ​ពី​សមាជិក​រដ្ឋសភា​ចំនួន​ ១០៥ លើ ១០៥ ​សំឡេង​កាលពី​ព្រឹក​ម្សិលមិញ​។

លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នៅមុន​ពេល​ដែល​រដ្ឋសភា​ធ្វើការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​ឯកជន និង​បុគ្គល​ស្វ័យនិយោជន៍​ទទួល​បាន​នូវ​របប​សន្តិសុខ​ផ្នែក​ប្រាក់សោធន​ផ្នែក​ថែទាំ​សុខភាព​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ​ចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់​ជីវភាព ភាពថ្លៃថ្នូរ និង​ភាពសុខដុមរមនា​ក្នុង​សង្គម​។

លោក​បាន​ថ្លែងថា​៖ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ​មាន​គោលបំណង​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​គោលការណ៍​សាមគ្គីធម៌​ និង​សមធម៌​សង្គម​ដែល​រួមមាន​ ៤ ​ផ្នែក​គឺ​ផ្នែក​ប្រាក់​សោធន​ផ្នែក​ថែទាំ​សុខភាព​ផ្នែក​ហានិភ័យ​ការងារ និង ផ្នែក​និកម្មភាព​ការងារ​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ សាធារណៈ បុគ្គល​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ គិត​រួម​ទាំង​បុគ្គលិក​ផ្លូវអាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​តាម​ផ្ទះ ព្រម​ទាំង​បុគ្គល​ស្វ័យនិយោជន៍​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ​ត្រូវបាន​ដាក់​ឆ្លង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ដូចជា កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​របស់​ក្រសួង សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​ជាពិសេស ភាគី និយោជក​ និង​សហជីព និង កិច្ចប្រជុំ​អន្តរក្រសួង​ដោយ​បាន​ពិនិត្យ​និង ពិភាក្សា​យ៉ាង​ល្អិតល្អន់​មុននឹង​ដាក់ចូល​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។

លោក​ សំហេង ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ផ្នែក​ថែទាំ សុខភាព​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯកជន និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ​ និង​អតីតយុទ្ធជន​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជា​ជាង​ ២ ​លាន​នាក់​ព្រម​ទាំង​បាន​ផ្តល់​សេវា​ថែទាំ​សុខភាព​តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ជា​អាទិ៍​កម្មករ​ស៊ីក្លូ កម្មករ​ម៉ូតូ​កង់បី កីឡាករ កីឡាការិនី មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ភូមិ ប្រមាណ​ជា​ជាង ៧ ម៉ឺន​នាក់​។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា​បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​រដ្ឋសភា​ថា​៖ «​ច្បាប់​របស់​យើង​នេះ​គឺជា​ច្បាប់​ដ៏សែន​មាន​សារៈសំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម ប្រទេស​ទាំងអស់​ដែល​គេ​គិត​ពី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​ដែល​ជីវភាព​មាន​កម្រិត​តែងតែ​ធ្វើ​ច្បាប់​មួយចំនួន​ការពារ​ការងារ​រស់នៅ​របស់គាត់ ការពារ​និង​ដោះស្រាយ​បញ្ហា ភាពក្រីក្រ​នៃ​ជីវភាព​របស់​គាត់​»​។

លោក​ វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​វិញ​បាន​ថ្លែង​ថា ​រាជរដ្ឋាភិបាល​មិនបាន​បើក​ទូលាយ​ឲ្យ​មានការ​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មុន​រដ្ឋសភា​អនុម័ត​នោះទេ​៕