ភ្នំពេញៈ សម្ដេចសង្ឃទាំង ២ គណៈកាលពីថ្ងៃទី ៧ ខែមេសា បានចេញសារប្រគេនដល់ថ្នាក់ដឹកនាំសង្ឃ និងចៅអធិការគ្រប់វត្តនៅទូទាំង ២៥ រាជធានី-ខេត្តឲ្យផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងកម្មវិធីផ្សេងៗដែលតែងរៀបចំក្នុងពិធីនេះ និងហាមការជួបជុំនានាក្នុងវត្ត។
សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ប៊ួរ គ្រី បានឡាយនៅលើលិខិតរបស់ព្រះអង្គថា ការសម្រេចបែបនេះធ្វើឡើងដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់នូវហានិភ័យនានាពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាដែលបានសម្រេចបិទការប្រមូលផ្ដុំជួបជុំពិធីបែបសាសនានានា។ ការសម្រេចនេះក៏យោងលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី ៧ ខែមេសា ផងដែរ។
សារលិខិតរបស់ព្រះអង្គបានឡាយថា៖ «សម្រេចដាក់ចេញនូវព្រះរាជសង្ឃប្រកាសប្រគេនចំពោះមន្ត្រីសង្ឃ រាជធានីខេត្តផ្អាកកម្មវិធីផ្សេងៗដែលមានក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលសង្ក្រាន្តនឹងចូលមកដល់នៅថ្ងៃចន្ទ ទី ១៣ មេសា ២០២០ វេលាម៉ោង ២០ និង ៤៥ នាទី និងការជួបជុំនានាក្នុងវត្តទូទាំងប្រទេស»។
ចំណែកការប្រកាសរបស់សម្ដេចសង្ឃនាយក នន្ទ ង៉ែត ក៏មានខ្លឹមសារដូចគ្នាដែរនឹងបានបញ្ជាក់ថា វត្តអារាមទាំងអស់ត្រូវចៀសវាងកុំឲ្យមានការប្រមូលផ្ដុំមនុស្សច្រើន។ ទោះយ៉ាងណាព្រះអង្គស្នើឲ្យពុទ្ធបរិស័ទរៀបចំគ្រឿងសក្ការបូជា ដូចជា ទៀនធូប និងផ្កាភ្ញី នំចំណី ផ្លែឈើ និងគោរពជូនមាតាបិតាត្រកូលរៀងៗខ្លួន និងរៀបចំការទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួន។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានថ្លែងពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចមិនឲ្យមានការឈប់សម្រាកនាពេលបុណ្យចូលឆ្នាំថ្មី ហើយបញ្ជាក់ថា វត្តអារាម និងវិហារសាសនានានាក៏មិនមានការបិទដែរ។ ប៉ុន្តែពិធីសាសនានានាត្រូវធ្វើដោយតាមវិធានការការពារការចម្លងមេរោគនេះដែលក្រសួងសុខាភិបាលបានដាក់ចេញ។
លោកថ្លែងថា៖ «ការឲ្យព្រះសង្ឃគ្រប់វត្តទាំងអស់ផ្អាកពិធីចូលឆ្នាំបានន័យថា មិនឲ្យមានការជួបជុំគ្នានៅតាមវត្ត សូត្រមន្តទេសនាអី លេងអង្គញ់ លេងឈូង ទាញព្រ័ត្រ លោតអន្ទាក់អីហ្នឹងនៅតាមវត្ត គឺអត់ទេ»។
លោកបញ្ជាក់ថា ដើម្បីឲ្យការអំពាវនាវនេះមានប្រសិទ្ធភាព ព្រះសង្ឃ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើការសហការគ្នាផ្សព្វផ្សាយ អប់រំ ទប់ស្កាត់គ្រប់យន្តការទាំងអស់រួមគ្នា។
លោកថ្លែងបន្តថា៖ «កន្លងមកពេលចូលឆ្នាំម្ដងៗមានគេលេងអង្គញ់ ទាញព្រ័ត្រលេងឈូងលេងអីនោះគឺអាជ្ញាធរលោកជួយការពារសន្តិសុខសណ្ដាប់ធ្នាប់។ តែដល់ពេលយើងអត់មានអាជ្ញាធរក៏ជួយការពារសុវត្ថិភាព ថែរក្សាគោលការណ៍ហ្នឹងដែរ»។
លោកស្នើឲ្យពុទ្ធបរិស័ទរៀបចំពិធីនៅតាមគេហដ្ឋានរៀងៗខ្លួន តែមិនត្រូវមានមនុស្សចូលរួមច្រើនទេ ហើយក៏ត្រូវអង្គុយឆ្ងាយពីគ្នាដូចដែលក្រសួងបានប្រកាស។ សូម្បីការប្រោះព្រំស្រោចទឹកជាដើមក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នាដែរ៕