ភ្នំពេញ: សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានទទួលបណ្តឹង និងជួយអន្តរាគមន៍ដោះស្រាយបណ្តឹងលើអ្នកកាសែតកម្ពុជាចំនួន ៣៣ ករណីក្នុងឆ្នាំ ២០២០ ដោយកត់សម្គាល់ថា បណ្តឹងទាំងនោះមិនសូវផ្អែកទៅលើច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែថាកម្ពុជាគ្មានចំណុចព្រួយបារម្ភពីសេរីភាពសារព័ត៌មានឡើយ។
របាយការណ៍ ស.ស.ស.ក ចុះថ្ងៃទី ១១ ខែមករា ឱ្យដឹងថាពេញ ១ ឆ្នាំកន្លងទៅ ស.ស.ស.ក បានទទួលបណ្តឹង និងបានជួយអន្តរាគមន៍ដោះស្រាយបណ្តឹងបានចំនួន ៣៣ ករណី (៣៣ នាក់) ដែលមានចំនួន ២៧ អង្គភាពក្នុងនោះនៅលើដែនសមត្ថកិច្ចចំនួន ៥ ករណី។ របាយការណ៍នេះ ឆ្លុះបញ្ចាំងតែករណីដែល ស.ស.ស.ក បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពីអ្នកសារព័ត៌មានឱ្យជួយអន្តរាគមន៍លើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ប៉ុន្ដែមិនរាប់បញ្ចូលករណីដទៃ ក្រៅពីកិច្ចអន្តរាគមន៍របស់ ស.ស.ស.ក ទេ។
ស.ស.ស.ក បានកត់សម្គាល់ឃើញថា នៅក្នុងបណ្តឹងទាំង ៣៣ ករណី គឺភាគច្រើនផ្តើមចេញពីមូលហេតុនៃការផ្សព្វផ្សាយពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស ប៉ុន្ដែមិនមានការប្តឹងលើការផ្សព្វផ្សាយពីទស្សនៈមតិ ឬការបរិយាយបញ្ហានយោបាយទេ។
របាយការណ៍បញ្ជាក់ថា៖ «កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌ ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ ដូច្នេះហាក់ដូចជាបង្ហាញពីការយកចិត្តទុកដាក់នៅកម្រិតទាបបំផុតលើច្បាប់ស្តីពីរបបសារព័ត៌មាន»។
លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ថ្លែងពីម្សិលមិញថា ច្បាប់ស្តីពីរបបសារព័ត៌មានត្រូវបានគេមើលរំលង ដោយមិនបានលើកយកមកអនុវត្តក្នុងវិស័យសារព័ត៌មានទេ។ ប្រសិនអ្នកសារព័ត៌មានណាម្នាក់បានរាយការណ៍ព័ត៌មាន ឬផ្ដល់ដំណឹងអ្វីមួយមិនទាន់បានគ្រប់ជ្រុងជ្រោយ គួរតែមានការជូនដំណឹង ឬសរសេរលិខិតជូនដំណឹងទៅអង្គភាពនោះដើម្បីធ្វើការកែតម្រូវ ឬបន្ថែមអត្ថន័យឱ្យបានគ្រប់លក្ខណៈជាសាច់រឿង។
លោកបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តបំពេញតួនាទី ដោយឈរលើគោលការណ៍វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិសាស្ត្រនយោបាយ និងចូលរួមចំណែកផ្សព្វផ្សាយសក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិ។
លោកបញ្ជាក់ថា៖ «ចំពោះប្រទេសយើង គឺបើកចំហលំហូរសេរីភាពសារព័ត៌មានច្រើនណាស់ ប៉ុន្ដែបុគ្គលមួយចំនួនមានការយល់ដឹងពីសិទ្ធិសេរីភាពរបស់ខ្លួនមានកម្រិត។ អ៊ីចឹង បើយើងដឹង ឬស្គាល់ពីសិទ្ធិរបស់យើងច្បាស់ គឺគ្មាននរណាហាមឃាត់យើង ឬបិទសិទ្ធិសេរីភាពយើងទេ ពោលគឺឱ្យតែយើងដឹងថា ធ្វើទៅវាត្រូវនឹងច្បាប់ និងមិនប៉ះពាល់សិទ្ធិរបស់អ្នកដទៃ»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងពីម្សិលមិញថា លោកមិនទាន់បានឃើញរបាយការណ៍នេះនៅឡើយ ប៉ុន្ដែក្នុងនាមជាតួអង្គរាជរដ្ឋាភិបាល មិនមែនសម្លឹងមើលតែបញ្ហាមួយជ្រុងនោះទេ គឺពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយថា តើវិសាលភាព ឬអង្គហេតុនៃបញ្ហានីមួយៗស្ថិតនៅចំណុចណាឱ្យពិតប្រាកដ ដើម្បីងាយស្រួលដោះស្រាយ។
លោកបញ្ជាក់ថា ពេលខ្លះ គឺអ្នកសារព័ត៌មានមួយចំនួន គាត់មានបំណងធ្វើឱ្យប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈពិតប្រាកដ អ៊ីចឹងបុគ្គលដែលត្រូវបានគេផ្សាយខ្លះ គាត់មិនចង់ប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មានទេ គឺគាត់ចង់ឈ្នះតែម្ដង។
លោកបញ្ជាក់ថា៖ «បើទោះបីជាសេរីភាពសារព័ត៌មានយើងបើកចំហច្រើនមែនប៉ុន្ដែអ្នកសារព័ត៌មានមួយចំនួនគួរតែទៅរៀនសូត្រពីវិជ្ជាជីវៈ ក្រមសីលធម៌ឱ្យបានច្រើនជាងនេះដើម្បីចៀសវាងកំហុសឆ្គងក្នុងពេលរាយការណ៍ព័ត៌មាន»។
លោក ស៊ុន ណារិន អ្នកយកព័ត៌មានវិទ្យុវីអូអេ (VOA) បានថ្លែងពីម្សិលមិញថា ចំពោះអ្នកសារព័ត៌មានមានវិជ្ជាជីវៈមិនគួរត្រូវបានប្ដឹងទៅតុលាការទេដោយគ្រាន់តែអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មានដើម្បីធ្វើការកែតម្រូវចំណុចដែលមិនទាន់ច្បាស់លាស់ ឬមិនត្រឹមត្រូវណាមួយ។ ស្ថាប័នតុលាការក៏មិនគួរចោទប្រកាន់ពួកគាត់ចូលក្នុងច្បាប់ព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋនានាដែរ។
លោកបញ្ជាក់ថា៖ «អ្នកដែលប្ដឹងអ្នកសារព័ត៌មាន គឺគាត់តែងតែដាក់ពាក្យបណ្ដឹងទៅតុលាការផ្ទាល់តែម្ដងអ៊ីចឹងបង្ហាញយ៉ាងច្បាស់ថា ភាគីទាំងអស់ហ្នឹង មិនទាន់បានយល់ដឹងពីច្បាប់ស្ដីពីរបបសារព័ត៌មានទេ។ ខ្ញុំគិតថា យើងមិនគួរប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មានបែបនេះទេ»៕