មណ្ឌលគិរីៈ សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ ដើម្បី​ប្ដឹង​ក្រុម​អាជ្ញាធរ​នៅ​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យមាន​ករណី​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ បន្ទាប់ពី​សមាជិក​របស់​គេ​ ១៥ ​នាក់​ ចុះ​ល្បាត​ព្រៃ​កាលពី​ថ្ងៃទី​ ១២ កញ្ញា ហើយ​បាន​រកឃើញ​សកម្មភាព​លួច​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នៅ​ចំ​ដែនជម្រក​សត្វព្រៃ​នៅ​ទីតាំង​ខាងលើ​នោះ​។


លោក​ គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ ឃុំ​ប៊ូស្រា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី ១៦ កញ្ញា​ ថា ​នៅក្នុង​ពាក្យបណ្ដឹង​នោះ​គឺ​ប្ដឹង​មេឃុំ​ដាក់ដាំ នគរបាល​ប៉ុស្ដិ៍​ដាក់ដាំ ពី​បទ​បណ្ដែតបណ្ដោយ​ធ្វើឱ្យ​មាន​បទល្មើស​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​។ ​ជាមួយ​គ្នា​នេះ​ក៏​មាន​ការប្ដឹង​ជនសង្ស័យ​ជា​អ្នកភូមិ​ម្នាក់ ឈ្មោះ​ កាំ គឹមវ៉ី និង​បក្ខពួក​ផង​ដែរ ដែល​ជា​អ្នក​ជួល​ ឬ​បញ្ជា​ឱ្យ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ស្ថិត​ក្នុង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ណាមលៀរ​។ លោក​ថា​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​ជូន​តុលាការ​រួច​អស់ហើយ ។

លោក​ គ្រើង តុលា អះអាង​ថា​៖ «​ពាក្យបណ្ដឹង​ហ្នឹង​គឺ​មាន​ផ្ដិតមេដៃ​ដោយ​តំណាង​សហគមន៍​នៅ​ភូមិ​ពូលុ​ចំនួន​ ២ ​នាក់​»​។

កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ​ចំនួន​ ១៥ ​នាក់​បាន​ចុះ​ល្បាត​ព្រៃ និង​បាន​ប្រទះឃើញ​បុរស​ចំនួន​ ៣ ​នាក់​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ផ្ដួល​រលំ​ដើម្បី​ទន្ទ្រាន​យក​ដី​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ពូរលេះ ឃុំ​ដាក់ដាំ​។


លោក​ ក្លាង ថូល ប្រធាន​សហគមន៍​ភូមិ​ពូលុ​បាន​លើក​ឡើង​ថា​ក្នុង​ការចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ គឺ​រឹបអូស​បាន​ម៉ាស៊ីន​អារឈើ​ចំនួន​​ ២ ​គ្រឿង​ ហើយ​បាន​ប្រគល់​ឱ្យ​មន្ត្រី​បរិស្ថាន​នៅ​ឃុំ​ប៊ូស្រា​។ ចំណែក​ជនល្មើស​ ៣ ​នាក់ គឺ​ ២ ​នាក់​រត់គេច​រួច និង​ម្នាក់ទៀត​ដែល​សហគមន៍​ឃាត់ខ្លួន​បាន ជន​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា គឺជា​កម្មករ​ដែល​ឈ្មោះ កាំ គឹមវ៉ី ជួល​ឱ្យ​អារ​ឈើ​ដើម្បី​ទន្ទ្រាន​យក​ដី​នោះ​។


លោក​បញ្ជាក់ថា​៖ «​ម្នាក់​ដែល​យើង​ឃាត់​បាន​ឆ្លើយថា គឺជា​អ្នកស៊ីឈ្នួល​គេ ហើយ​ក្នុង​ ១ [​ហិកតា​] ​ទទួល​បាន​ប្រាក់​ ១ ​លាន​រៀល​។ តាម​អ្វីដែល​យើង​បានឃើញ​គឺ​បាន​កាប់​ឈើ​ផ្ដួលរំលំ​ហ្នឹង​អស់​ប្រហែល​ ២ [​ហិកតា​]​។ ដោយសារ​យើង​មិនមែន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ អ៊ីចឹង​គ្មាន​សិទ្ធិ​ចាប់​ខ្លួន​ជនល្មើស​អារឈើ​នោះ​ទេ ប៉ុន្តែ​បើ​ចម្លើយ​សារភាព​គឺ​ពួកគេ​ទាំង​ ៣ ​នាក់​គ្រោង​នឹង​កាប់​ព្រៃ​ទាំងអស់​ចំនួន​ ៧ ​ហិកតា​»​។

ប្រធាន​សហគមន៍​រូប​នេះ​បន្ថែម​ថា ទីតាំង​មាន​ការអារឈើ​ទន្ទ្រាន​នេះ​គឺជា​តំបន់​ព្រៃ​ក្រាស់​សម្រាប់​កប់ខ្មោច ហើយ​ឈើ​ដែល​គេ​បាន​អារ​ផ្ដួល​រលំ គឺ​មាន​ទាំង​ប្រភេទ​ដើមឈើ​តូច និង​ឈើ​ធំ​ដែល​ខ្លះ​មាន​ទំហំ​រហូត​ដល់​ ២ ​ឱប​មនុស្ស​។

លោក​ ក្លាង ថូល អះអាង​ថា​ក្នុង​ការចុះ​ល្បាត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​មិន​បាន​សុំ​កិច្ចសហការ និង​ផ្ដល់ដំណឹង​ជា​មុន​ទៅ​ប៉ូលិស​ប៉ុស្ដិ៍​ ឬ​មន្ត្រី​បរិស្ថាន​ឡើយ​។ លោក​ថា​ការផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ ២-៣ ​ថ្ងៃ​មុន​ការចុះ​ល្បាត​គឺ​តែង​ធ្វើឱ្យ​ជនល្មើស​ដឹង​ខ្លួន​មុន​។

មេឃុំ​ដាក់​ដាំ​លោក​ ចាស់ ណា បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា​លោក​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​អភិរក្ស​នេះ​។

លោក​អះអាង​ថា រូបលោក និង​នគរបាល​ប៉ុស្ដិ៍​នឹង​ចុះ​ទៅ​ពិនិត្យ​ករណី​កាប់​ព្រៃ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ក្រុម​លោក​នឹង​ចុះ​ទៅ​ពេលណា​នៅ​ឡើយ​ទេ ដោយសារ​ទីតាំង​ដែល​សហគមន៍​រកឃើញ​មាន​បទល្មើស​ព្រៃឈើ គឺ​ស្ថិត​ក្នុង​ព្រៃជ្រៅ​មាន​ចម្ងាយ​ពី​សាលា​ឃុំ​ប្រហែល​ ៤០ ​គីឡូម៉ែត្រ​។

លោក​និយាយថា​៖ «​មិនបាន​បណ្ដែតបណ្ដោយ​អី​ទេ ហើយ​ខាង​សហគមន៍​ហ្នឹង​បាន​តេ​មក​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​នឹង​ចុះ​ទៅ​មើល​មើល៍ ទីតាំង​ហ្នឹង​»​។

ចំណែក​លោក​ សុក សុជាតិ ប្រធាន​ស្នាក់ការ​បរិស្ថាន​ទួលស្វាយ​នៅ​ភូមិ​ពូរលេះ​បាន​ឆ្លើយតប​ថា នៅ​ថ្ងៃ​ម្សិលមិញ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​សហគមន៍​បាន​រាយការណ៍​ប្រាប់​លោក​ថា មាន​ការ​ទន្ទ្រាន​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​នោះ ដើម្បី​រាយការណ៍​បន្ត​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់​។

លោក​និយាយថា​៖ «​ចាំមើល​រាយការណ៍​ទៅ​មន្ទីរ ហើយ​មន្ទីរ​គាត់​ថា​ម៉េច អាហ្នឹង​ចាំមើល​វិធានការ​របស់​មន្ទីរ​ [​បរិស្ថាន​]»​។

កាលពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោក​ កែវ សុភ័ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ខេត្ត​មណ្ឌលគិរី លើក​ឡើង​ថា សហគមន៍​តែង​អះអាង​ពី​ផល​លំបាក​នៅពេល​ពួកគេ​ចង់​សហការ​ក្នុង​ការចុះ​ល្បាត​ព្រៃ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ជាពិសេស​មន្ត្រី​ជំនាញ​បរិស្ថាន​ដូចជា​ការធ្វើឱ្យ​ជនល្មើស​ដឹងខ្លួន​មុន ការ​សួររក​លិខិតស្នាម​ផ្សេងៗ​ក្នុងការ​អនុញ្ញាត​ឱ្យ​ចុះ​ល្បាត និង​ការ​គេចវេះ​មិន​ព្រម​ចុះ​ល្បាត​ជាមួយ​សហគមន៍​ជាដើម​។

លោក​ថា​៖ «​ទាំងនេះ​ជា​រូបភាព​បង្ហាញថា ធ្វើឱ្យ​សហគមន៍​អស់​ជំនឿ​ទៅលើ​ការសហការ​ជាមួយ​អាជ្ញាធរ​។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ទាមទារ​ឱ្យ​អាជ្ញាធរ​សហការ​នោះ គឺ​នៅពេល​សហគមន៍​មាន​បញ្ហា ស្នើសុំ​ (​អាជ្ញាធរ​) ​ឱ្យ​មាន​ការចាត់​ការទាន់​ពេលវេលា និង​ទាន់​សភាពការណ៍​»​។

ពាក្យបណ្ដឹង​របស់​សហគមន៍​ដែល​ប្ដឹង​ទៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​សរសេរ​ថា មាត្រា​ ១០០ ច្បាប់​ស្ដីពី​ព្រៃឈើ​គឺ​មន្ត្រី​អាជ្ញាធរ​ដែនដី នគរបាល និង​កងយោធពល​ខេមរភូមិន្ទ​ដែល​ផ្ដល់​ការអនុញ្ញាត​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ​ខុសច្បាប់ គឺ​ត្រូវ​បាន​ចាត់ទុក​ជា​បទល្មើស​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០ ​ទៅ​ ១០០ ​លាន​រៀល​៕