ក្រចេះ: សាលាដំបូង​ខេត្ត ក្រចេះ​កាលពី​ម្សិលមិញ​បាន សម្រេច​ឲ្យ​មន្ត្រី​កងរាជ​អាវុធហត្ថ​នាំ​ជនសង្ស័យ​ ២ ​នាក់​​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​បង្កើត​ឡធ្យូង​ខុស​ច្បាប់​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​វិញ ដើម្បី​រង់ចាំ​ការសាកសួរ​ជាថ្មី​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។


លោក​ ជា សុភ័ក្រ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ គាំ សុបិន អាយុ​ ៣២ ​ឆ្នាំ ជា​ជនជាតិ​ខ្មែរ និង​គូកន​ម្នាក់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ហូ សឹងតឿង អាយុ​៣២ ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ស្រុក​ស្នួល​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់ពី​រកឃើញ​ថា​ពួកគេ​បាន​លួច​បង្កើត​ឡធ្យូង​ខុស​ច្បាប់​មួយ​កន្លែង​ក្នុង​ភូមិ​-​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដែល​ស្ថិត​ក្នុង​ផែនទី​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក សុភ័ក្ត្រ បាន​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​បញ្ជូន​ខ្លួន​មក​កាន់​តុលាការ​ខេត្ត​ក្រចេះ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ដើម្បី​ចាត់ការ​បន្ត​​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ដោយសារ​ពុំ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​សាកសួរ​តុលាការ​បាន​សម្រេច​ឲ្យ​នាំ​ពួកគេ​ទៅ​ឃុំ​ខ្លួន​​បណ្ដោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​​ដើម្បី​រង់ចាំ​ការសាកសួរ​ជាថ្មី​ម្ដង​​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​»​។

លោក ដួង ឆាយសាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រោយ​​ការឃាត់​ខ្លួន​ជនសង្ស័យ​ទាំង ២ ត្រូវ​បាន​ក្រុម​ឧទ្យានុរក្ស​​សម្រេច​កសាង​សំណុំ​រឿង​ដោយ​ចោទប្រកាន់​ពី​បទ​លួច​ធ្វើ​អាជីវកម្ម​ឡធ្យូង​ខុស​ច្បាប់​​តាម​មាត្រា​ ៦០ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​។


លោក​ សាវុធ បាន​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​យើង​កសាង​សំណុំ​រឿង និង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​ក្រចេះ​រួចរាល់​ហើយ ប៉ុន្តែ​ចំណាត់ការ​បែប​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​»​។


បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ក្រៅពី​ការឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​សមត្ថកិច្ច​ក៏​បាន​រឹបអូស​ធ្យូង​ ៥០០ ​បេ ស្មើ​នឹង​ ១៥ ​តោន​ប្រគល់​ជូន​ទៅ​ខាង​មន្ត្រី​បរិស្ថាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា​៖ «​ឈើ​​ដែល​ត្រូវ​បាន​គេ​កាប់​យក​មក​ដុត​ធ្វើ​ជា​ធ្យូង​នេះ ភាគច្រើន​ជា​ប្រភេទ​ឈើ​ខ្លុង ត្បែង​ដែល​កាប់​មកពី​ក្នុង​ដីស្រែ​របស់​អ្នកភូមិ និង​ពី​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​»​។

ប្រភព​ដដែល​បាន​បន្ត​ថា​ក្នុង​ពេល​កន្លង​មក​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល​ និង​កងរាជ​អាវុធហត្ថ​ស្រុក​ស្នួល​ធ្លាប់​​បាន​ចុះ​ស្រាវជ្រាវ និង​បាន​រកឃើញ​មាន​ការធ្វើ​អាជីវកម្ម​ឡធ្យូង​ចំនួន​ ១២ ​កន្លែង​នៅក្នុង​ឃុំ​ឃ្សឹម និង​បាន​អប់រំ​ណែនាំ​ឲ្យ​អ្នកភូមិ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើ​អាជីវកម្ម​នេះ ពិសេស​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​​ព្រៃ​កែវសីមា​នេះ​តែ​ម្ដង​៕