ភ្នំពេញៈ​ គណៈ​កម្មា​ធិការ​អន្តរ​ជាតិ​នៃ​កាក​បាទ​ក្រហម​ (ICRC)​ សហការ​ជា​មួយ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ បាន​​រៀប​​ចំ​សិក្ខា​សាលា​លើក​ទី​​​​៥​​​​​​ ថ្នាក់​តំបន់​អាស៊ី​​ប៉ា​ស៊ី​ហ្វិក​ស្ដី​ពី​ «ប្រ​តិ​បត្ដិការ​សន្ដិ​សុខ​របស់​យោធា​» រយៈ​ពេល​ ៣ ថ្ងៃ ​(​ថ្ងៃទី​ ១១​ ដល់​ថ្ងៃទី ១៣​ ខែ​ មិថុនា​)​ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណាភ្នំ​ពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រតិ​ភូយោ​ធិន​ និង​​មន្រ្ដី​អនុវត្ដ​ច្បាប់​ពី​ប្រទស​ចំនួន​ ២០​ ដើម្បី​សិក្សា​ពី​ភាព​ខុស​គ្នា​រវាង​ជម្លោះ​ប្រដាប់​អាវុធ​ និង​ប្រតិបត្ដិការ ​អនុវត្ដ​ច្បាប់​​យោធា​ជាដើម។


​លោក​ ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ​បាន​​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ ស្ដីពី​ប្រតិ​បត្ដិ​ការ​សន្តិ​សុខ​របស់​យោធា​ (Military Security ​Operation)​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ​សិក្ខា​សាលា​នេះ​មាន​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​ ​២០​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​​ចូល​រួម​ ដើម្បី​​សិក្សា​ពី​ភាព​ខុស​គ្នា​រវាង​ជម្លោះ​ប្រដាប់​អាវុធ​ និង​ប្រតិ​បត្ដិ​ការ​អនុ​វត្ដ​ច្បាប់​ ក៏ដូច​ជា​ការ​ណែនាំ​កង​កម្លាំង​យោធា​ក្នុង​ការ​អនុវត្ដ​ច្បាប់​សង្រ្គាម។​

លោក​ សារ៉ាត់​ បា​ន​ថ្លែង​ថា៖​ «វា​ជាមោទ​ន​ភាព​ណាស់​ដែល​កម្ពុជា​បាន​រៀប​ចំ​​សិក្ខា​សាលា​នេះ ​ដោយ​បាន​សហការ​ជា​មួយ​គណៈ​កម្មាធិការ​អន្ដរ​ជាតិ​​កាក​បាទ​ក្រហម​ និង​បណ្ដា​ប្រទេស​ ​យ៉ាង​ច្រើន​មកចូល​រួម។​ សិក្ខា​សាលា​នេះ​ មិន​ត្រឹម​តែ​នាំ​មក​នូវ​មេរៀន​​បទពិសោធ​ និង​ខ្លឹម​​សារ​ល្អៗ​ប៉ុណ្ណោះ​ទេ​ គឺ​យើង​អាច​ប​ន្ត​ការ​ស្វែង​យល់​ច្បាប់​អន្ដរ​ជាតិ​ ពាក់​ព័ន្ធ​ជម្លោះ​ប្រដាប់​អាវុធ​ សហ​ប្រ​តិ​បត្ដិ​ការ​អន្តរ​ជាតិ​លើ​វិស័យ​មនុស្ស​ធម៌​ លើ​ប្រធាន​បទ​ប្រតិបត្ដិការ​ សន្តិ​សុខ​របស់​យោធា»។

​លោក​ សារ៉ាត់ បាន​បន្ដថា​ តាម​រយៈ​សិក្ខា​សាលា​នេះ​ ​នឹង​ចែក​រំលែក​បទ​ពិសោធ ស្ដីពី​ការ​អនុវត្ដ​ច្បាប់​ ខ្លឹម​សារ​ច្បាប់​​ នឹង​សិក្សា​ស្វែង​​យល់​បន្ថែម ​អំពី​ខ្លឹម​សារ​​ច្បាប់​នេះ។ ​ICRC​ គាត់​នឹង​ធ្វើ​បទ​ឧទ្ទេស​នាម​បង្ហាញ​ខ្លឹម​សារ​ទាំង​អស់​នៃ​​ច្បាប់​នេះ ​ដល់​បណ្ដា​​សមា​ជិក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ​។ ​ក្រៅ​ពី​នេះ​ ក៏​នឹង​ស្ដាប់​បទ​ពិសោធផ្សេង​ៗ​​ដែល​បណ្ដា​ប្រទេស​ទាំង​អស់​លើក​ឡើង ​ហើយ​ប្រទេស​កម្ពុ​ជា​​​ ក៏​នឹង​លើក​យក​បទពិសោធ ចែក​រំលែក​ទៅ​វិញ​ផងដែរ។


​លោក​ សារ៉ាត់​ បាន​បញ្ជាក់​ថា​៖ «​ច្បាប់​ប្រដាប់​អាវុធ​​ជួនកាល​គេ​ហៅថា​ ច្បាប់​មនុស្សធម៌ អន្ដរ​ជាតិ​ ខ្លះ​គេ​ហៅ​ ច្បាប់​សង្គ្រាម​ និ​ង​ខ្លះ​ទៀត ​គេ​ហៅ​ថា​ ច្បាប់​ជម្លោះ​​​ប្រដាប់​អាវុធ​។ ​គេមាន​ពិធី​សារ ​បន្ថែម​រហូត​មក​ ទើប​មាន​ការ​ហៅ​បែប​នេះ​ ប៉ុន្ដែ​ខ្លឹម​សារ​តែ​មួយ​ទេ»។​


​លោក​ ឥត​ សារ៉ាត់​ បា​ន​រំឭក​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ពី​សង្គ្រាម​ឥត​ឈប់​ឈរ ​តាំង​ពី​ឆ្នាំ​ ១៩៧០​ រហូត​មក​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រង​ទុក្ខ​វេទនា​ និង​ស្លាប់​ជាច្រើ​ន​នាក់​ រួម​នឹង​​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ និង​សេដ្ឋ​កិច្ច​ជាតិ​ ត្រូវ​ធ្លាក់​ចុះក្នុង​គ្រោះ​មហន្ដ​រាយ​យ៉ាង​ធ្ងន់ធ្ងរ។​

​លោក​ សារ៉ាត់​ ក៏បាន​បន្ដ​ចែក​រំលែក​បទ​ពិសោធនៃ​ការ​អនុវត្ដ​បញ្ជា​ដោយ​គោរ​រព​តាម​ច្បាប់​សង្រ្គាម​ផង​ដែរ​​ថា ​ការ​ដាក់​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​យោធា​ គឺ​ត្រូវ​ធ្វើ​ការ​ស្វែង​យល់​ពី​គោល​ដៅ​យោធា​ និង​គោល​ដៅ​ជន​ស៊ី​វិល ​ពីព្រោះ​សង្រ្គាម​អាច​កើត​ឡើង​គ្រប់​ពេល​ គ្រប់ ទីកន្លែង ។

​ពេល​ខ្លះ​សង្រ្គាម​កើត​ឡើង​នៅ​កន្លែង​ស៊ីវិល ​តំបន់​វប្បធម៌ ​និង​វត្ដ​អារាម​ជាដើម​ ដែល​ជា ហេតុ​នាំ​ឱ្យ​មេ​បញ្ជា​ការ​ និង​យោធិន​ទាំង​អស់​លំបាក​ក្នុង​ការ​ធ្វើ​ប្រ​តិ​បត្ដិ​ការ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ ​និង​ចៀស​ផុត​ពី​គោល​ដៅ​ស៊ីវិល​ និង​វប្បធម៌​ទាំង​នោះ។​

​លោក​ សារ៉ាត់​ បញ្ជាក់​ថា​៖ «​ប្រការ​នេះ ​ទាម​ទារ​ឱ្យ​មានការ​​ស្វែង​យល់ ​និង​រិះ​រក​វិធី​របស់​មេបញ្ជា​ការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ការ​សម្រេច​​ចិត្ដ​ដើម្បី​វាយ​តប​ជាមួយ ​សត្រូវ ​និង​ស្រប​តាម​ខ្លឹម​សារ​នៃ​ច្បាប់​សង្គ្រា​ម។ ​បញ្ហានេះ​មេបញ្ជាការ​ត្រូវ​មាន​ទេព​កោសល្យ ​ក្នុង​ការ​ដឹក​នាំ ​និង​ក្តាប់​ជាប់​អំពី​គោល​ការ​ណ៍​ច្បាប់​។ រាល់​ប្រតបត្ដិ​ការ​មេ​បញ្ជា​ការ​ ត្រូវ​ដាក់​បញ្ចូល​អំពី​ខ្លឹម​សារ​ច្បាប់​សង្គ្រាម​ និង​ណែ​នាំ​ឱ្យ​យោ​ធិន​​​ក្រោម​ឱវាទ​ ក្តាប់​ជាប់​គោល​ដៅ​ដែល​ត្រូវ​វាយ​ ឬ​បាញ់​ និង​គោល​ដៅ​ណា ដែល​ត្រូវ​ចៀស​វាង​តាម​ច្បាប់​សង្រ្គាម​កំណត់»។​

លោក​ រ៉ូម៉ាន់​ ផារ៉ា​ម៉ូ​នូវ​ (Roman Paramonov)​ ប្រធាន​បេស​កកម្ម​គណៈ​កម្មា​ធិ​ការ​អន្តរ​ជាតិ​នៃ​កាក​បាទ​ក្រហម​ប្រចាំ​កម្ពុជា​ (ICRC)​ បាន​ថ្លែង​ថា I​CRC​ បាន​ដើរ​តួ​នាទីជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ និង​ផ្សព្វផ្សាយ​ច្បាប់​មនុស្ស​ធម៌​អន្ត​រជាតិ​ ឬ​ក៏​ច្បាប់​ជម្លោះ​​ប្រដាប់​អាវុធ​។ ​ដូច្នេះ​វា​មាន​សារ:សំខាន់​ណាស់​សម្រាប់​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ យល់​ច្បាស់​ពី​សកម្ម​ភាព​ដែល​គ្របដណ្ដប់​ដោយ​ច្បាប់​មនុស្ស​ធម៌​អន្ដរជាតិ​ និង​គោល​ការណ៍​គោរព​ច្បាប់​មនុស្សធម៌​រាល់​ពេល​ចុះ​បំពេញ​ការងារ។

លោក​ រ៉ូម៉ាន់​ ផារ៉ាម៉ូនូវ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា​៖​​ «​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​នឹង​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​​គោល​ការណ៍​មនុស្ស​ធម៌​ នៅ​ពេល​ដែល​កង​កម្លាំង​សន្តិ​សុខ​យោធា​រៀបចំ​ចុះ​ប្រតិបត្ដិការ​បេសកកម្ម»។​

​លោក​ រ៉ូម៉ាន់​ ផារ៉ាម៉ូនូវ បាន​បន្ថែម​ថា​ កត្ដា​ដែល​ប្រទស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​​សិក្ខា​សាលា​នេះ​ ពីព្រោះ​ ប្រទេស ​កម្ពុជា​ ជា​ប្រទេស​មួយ​ដែល​មាន​បទ​ពិ​សោធឈឺ​ចាប់​ក្នុង​របប​សង្គ្រាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ៕