ភ្នំពេញៈ ក្រុមការងារក្រសួងព័ត៌មានបានបញ្ចប់ការពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រង់ផ្នែកទោសបញ្ញត្ដិ ជាមួយក្រុមការងារក្រសួងយុត្ដិធម៌ហើយកាលពីថ្ងៃពុធនឹងគ្រោងបញ្ចប់ឲ្យរួចរាល់នៅក្នុងខែកុម្ភៈនេះ រួចបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅដើមខែមីនាខាងមុខ ដើម្បីសម្រេចមុនដាក់ទៅរដ្ឋសភាអនុម័ត។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពេលបើកសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ជាមួយអ្នកសារព័ត៌មានជិត ៣០០ នាក់កាលពីថ្ងៃពុធ។
លោកថ្លែងថា៖ «សម្ដេច (ហ៊ុន សែន) លោកបានប្រគល់ដល់ក្រសួងព័ត៌មានសំខាន់នោះគឺការពន្លឿនធ្វើច្បាប់សិទ្ធិទទួលបានព័ត៌មាន។ ម្សិលមិញ (ថ្ងៃ ទី ១១ កុម្ភៈ ) យើងឆ្លងទៅក្រសួងយុត្ដិធម៌ហើយ ឃើញពីចំណុចវិជ្ជមាន។ តាមអ្នកដែលចូលរួមថាអាចនឹងចប់នៅថ្ងៃនេះ (ថ្ងៃពុធ ទី ១២ កុម្ភៈ) នៅក្រសួងយុត្ដិធម៌»។
លោក សុវណ្ណ បញ្ជាក់ថា៖ «នេះជាដំណឹងល្អមួយ ប្រសិនបើយើងអាចបញ្ចប់ការពិនិត្យសេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាននៅក្រសួងយុត្ដិធម៌ក្នុងថ្ងៃនេះ ឬថា កុំឲ្យនិយាយលឿនពេកគឺអាចនឹងបញ្ចប់ក្នុងខែនេះរហូតដល់ខែមីនា សេចក្ដីព្រាងច្បាប់នេះនឹងអាចបញ្ចូនទៅដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី គឺជាជំហានមួយដែលលឿន»។
លោកបន្ថែមថា ប្រសិនបើបានរួចរាល់ការងារលើច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ មន្ដ្រីក្រសួងព័ត៌មាននឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ព្រោះច្បាប់នេះមានវ័យចំណាស់បង្កើតឡើងតាំងពីឆ្នាំ ១៩៩៥។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងកាលពីថ្ងៃពុធថា ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការងារជាមួយក្រុមការងារក្រសួងព័ត៌មាន។ លោកថ្លែងថា៖ «ក្រសួងយុត្ដិធម៌ពិនិត្យទៅលើតែផ្នែកដែលពាក់ព័ន្ធទៅនឹងទោសបញ្ញត្ដិ។ អ៊ីចឹងមើលទៅដូចជាមិនមានអីត្រូវចំណាយពេលយូរទេ ពាក់ព័ន្ធទៅនឹងទោសបញ្ញត្ដិនេះ»។ សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» មាន ៩ ជំពូក ៣៨ មាត្រា ត្រូវបានដឹកនាំរៀបចំតាក់តែងដោយក្រសួងព័ត៌មានដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។ ការតាក់តែងបានចំណាយពេលច្រើនឆ្នាំមកហើយ ក្រោមការគាំទ្រថវិកាពីអង្គការយូណេស្កូ។
រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីដឹកនាំវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ៕