ភ្នំពេញៈ សកម្មជនដីធ្លីសហគមន៍បុរីកីឡា ៣ រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅមកសាកសួរ ថ្ងៃទី ១ ខែវិច្ឆិកា តាមបណ្តឹងរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលបានប្តឹងពីបទ «គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខណ្ឌអ្វីមួយ និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» ប៉ុន្តែ ដំណើរការនៃការសួរចម្លើយនោះត្រូវបានពន្យាពេលវិញតាមសំណើរបស់មេធាវី។
សកម្មជនដីធ្លីទាំង ៣ រូប ដែលត្រូវបានលោកស្រីស៊ុយ សុផាន ប្តឹងទៅតុលាការនោះ រួមមាន លោកស្រីភោគ ស៊ីភិន លោកស្រីអ៊ឹមស្រីទូច និងលោកស្រីស៊ា ណារ៉េន។ ប៉ុន្តែពលរដ្ឋសហគមន៍បុរីកីឡា ដែលជាជនសកម្មខាងតវ៉ារឿងជម្លោះដីធ្លីខាងលើ បានបដិសេធ រាល់ការចោទប្រកាន់របស់ដើមបណ្តឹង ដោយអះអាងថា សំណុំរឿងប្តឹងពួកគេនេះ មិនមានមូលដ្ឋានច្បាស់លាស់នោះទេ។
លោកស្រី ភោគ សុភីន សកម្មជន ម្នាក់ក្នុងចំណោម អ្នកតវ៉ាទំនាស់ដីធ្លីនៃសហគមន៍បុរីកីឡាថ្លែងក្រោយចេញពីតុលាការថា តុលាការបានពន្យាពេលសាកសួរ ដោយសារមេធាវីអ្នកស្រីបានស្នើសុំ ព្រោះមេធាវីជាប់រវល់សិក្សា និងស៊ើបអង្កេតបន្ថែមលើសំណុំរឿងនេះ។ លោកស្រី ស៊ុយ សុផាន បានប្ដឹងលោកស្រី និងបក្ខពួកចំនួន២នាក់ផ្សេងទៀត បន្ទាប់ពីពួកគេបាននាំគ្នាទៅតវ៉ាទាមទារឲ្យលោកស្រីស៊ុយ សុផាន ផ្ដល់សំណងសមរម្យចំពោះការមករំលោភបំពានយកដីធ្លីនៅតំបន់បុរីកីឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
លោកស្រី ភោគ សុភីន បញ្ជាក់ថា៖«គេចោទពួកខ្ញុំពីបទទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគេ គេថា ពួកខ្ញុំហ្នឹងយកដំបងទៅវាយរបងវីឡាគេ ហើយទៅស្រែកបង្កការរំខានគេរស់នៅ។ និយាយរួមគេចោទខ្ញុំច្រើនណាស់ ហើយគេថា ខ្ញុំហ្នឹងទៅបបួលបក្ខពួកពីបុរីកីឡា បឹងកក់ និងសហគមន៍ផ្សេងៗទៀតមកស្រែកឡូឡាមុខផ្ទះគេ។ ខ្ញុំថា ខ្ញុំខំស្រែកប៉ុណ្ណឹងហើយមិនព្រមផ្ដល់សំណងឲ្យខ្ញុំផង ចុះទម្រាំងខ្ញុំមិននាំគ្នាទៅតវ៉ាទៀត តើពួកខ្ញុំនឹងទៅជាយ៉ាងណាទៅ?»។
លោកស្រីបន្តថា ក្រុមអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះទេ ក្រុមអ្នកតវ៉ាទាំងអស់គ្រាន់តែមកឈរកាន់បដា និងស្រែកទាមទារសំណងដែលលោកស្រីបានទៅរំលោភយកដីធ្លី និងឈូសឆាយផ្ទះសម្បែងរបស់ពួកគេតែប៉ុណ្ណោះ។
លោកស្រី ស៊ា ណារ៉េន ជាអ្នកចូលបំភ្លឺក្នុងតុលាការដែរ បានថ្លែងថា ការចោទប្រកាន់បែបនេះ វាប្រាសចាកឆ្ងាយពីអង្គហេតុ និងខុសពីការពិតទាំងស្រុង។ លោកស្រីអះអាងថា៖«ខ្ញុំមិនបានប្រព្រឹត្ត គឺខ្ញុំមិនបានបារម្ភ ព្រោះខ្ញុំមិនមានកំហុស ចុះចំណែកអស់លោកដែលមកឈូសឆាយផ្ទះ ប្លន់យកដីខ្ញុំហ្នឹង មានកំហុសអត់? ខ្ញុំទាមទារតែអ្វីដែលជារបស់ខ្ញុំតើ»។មេធាវីការពារក្ដីឲ្យសកម្មជនដីធ្លី លោកតឹក ណារ៉ូ ឲ្យដឹងថា លោកបានស្នើសុំពន្យាពេលសាកសួរ ព្រោះសំណុំរឿងមានលក្ខណៈស្មុគស្មាញ និងស៊ាំញ៉ាំច្រើន ហើយថា លោកនៅមិនទាន់បានសិក្សាករណីនេះឲ្យបានស៊ីជម្រៅនៅឡើយទេ។
លោកបញ្ជាក់ថា៖«ខ្ញុំទើបត្រឡប់មកពីខេត្ត អ៊ីចឹងខ្ញុំអត់ទាន់បានសិក្សាស៊ីជម្រៅពាក់ព័ន្ធនឹងសំណុំរឿងនេះ ហើយយល់មិនទាន់ច្បាស់ ខ្ញុំអត់ទាន់ហ៊ានបញ្ចេញមតិជុំវិញករណីនេះ ខ្ញុំសុំពេលសិក្សាលម្អិតបន្ដិចសិន»។
លោកស្រី ស៊ុយ សុផាន ប្រាប់ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី១ ខែវិច្ឆិកានេះ ថា សំណុំរឿងនេះ លោកស្រីបានប្រគល់ឲ្យទៅមេធាវី និងតុលាការចាត់ចែងតាមនីតិវិធីច្បាប់ ព្រោះពួកគាត់បានបង្កការរំខានការរស់នៅ និងបង្កបញ្ហាជាច្រើនលើកនៅខាងមុខផ្ទះរបស់លោកស្រី។ ម្យ៉ាងវិញទៀត ពួកគាត់ទាំងអស់សុទ្ធតែទទួលបានសំណងពីសាលាក្រុងរួចរាល់ហើយ ប៉ុន្ដែពួកគាត់នៅតែទាមទាររកនេះ រកនោះស្រេចតែចិត្ត។
លោកស្រីបញ្ជាក់ថា៖«ខ្ញុំប្ដឹងពួកគាត់នេះ មិនទាមទារអ្វីច្រើនទេ ធ្វើឲ្យពួកគាត់រាងចាល កុំឲ្យដើរធ្វើអ៊ីចឹងទៀត ព្រោះសាលាក្រុងបានសងគាត់រួចហើយ។ ខ្ញុំធ្វើនេះ គឺធ្វើឲ្យពួកគាត់រាង ហើយបើមិនរាងទេ គឺធ្វើតាមច្បាប់ បើគាត់សារភាពឈប់ធ្វើបែបនេះតទៅទៀត គឺយើងអាចនិយាយគ្នាបានតើ ពួកគាត់សុទ្ធតែបានផ្ទះអស់ហើយ ម៉េចក៏នៅតវ៉ាទៀត?»។
តាមដីកាកោះហៅរបស់ លោក ស៊ី វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៦ ខែតុលានេះគឺបានអញ្ជើញឈ្មោះ ភោគ សុភីន អ៊ឹម ស្រីទូច និង ស៊ា ណារ៉េន ដើម្បីចូលបំភ្លឺ ពីដំណើររឿងឈ្មោះ ស៊ុយ សុផាន ប្ដឹងពីបទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ»។
កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច បានប្តឹងអ្នកស្រី ភោគ សុភីន អាយុ ៤៥ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃម្ដងរួចមកហើយពាក់ព័ន្ធនឹងសំណុំរឿងនេះដូចគ្នា៕