ភ្នំពេញៈ ស្ត្រី​​សង្ស័យ​ម្នាក់ ដែល​​​បាន​សម្លាប់​ស្រ្តី​​មេម៉ាយ​ម្នាក់ រួច​​​កាត់​ដៃ​ កាត់​ជើង​ ពន្លះ​សាច់​​ជា​បំណែកៗ​​ពី​ដង​ខ្លួន ​ហើយ​យក​ទៅ​បោះចោ​ល​ ក្នុង​ទឹក​ទន្លេ​​សាប ម្តុំ​ផ្សារ​កណ្តាល​ដោយ​សារ​តែ​រឿង​គំនុំ​ជំពាក់​​ប្រាក់​ស្ត្រី​រងគ្រោះ​ជាង ៤ លាន​រៀល​ ត្រូវ​បាន​កម្លាំង​​កង​រាជ​អា​​វុធ​ហត្ថ​ចាប់​ខ្លួន​បាន​កាល​ពី​​យ​ប់​​ថ្ងៃ​ទី ១០ ខែ ​មិថុនា ហើយ​កា​ល​ពី​ម្សិល​មិញ ​សមត្ថ​កិច្ច​បាន​នាំ​ស្ត្រី​សង្ស័យ​ទៅ​បង្ហាញ​កន្លែង​ទម្លាក់​ចោល​សាក​សពនៅ​មាត់ទន្លេ​​។ នេះ​បើ​តាម​កូន​ស្រី​ទោល​របស់​ស្ត្រី​រងគ្រោះ។


យុវតី​ម្នាក់ឈ្មោះ ពេជ្រ ស៊ាវម៉ី​ មាន​អា​យុ​ ១​៧ ​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី ​៨ ​នៃ​សា​លា​វត្តភ្នំ​ ក្នុង​រាជធា​នី​ភ្នំ​ពេញ​ ដែល​ជា​កូន​ទោល​របស់​ស្រ្តី​រង​គ្រោះ​​ បាន​រៀប​រាប់​ប្រាប់​ពី​ម្សិល​មិញ​ថា ​​ម្តាយ​របស់​នាង ​ឈ្មោះ ​គឹម​​ យ៉ា​នាង​ អា​យុ​ ៤​០ ​ឆ្នាំ​ ជា​ជាង​អ៊ុត​សក់​ នៅ​ផ្សារ​ចាស់។

នៅ​​មុន​ថ្ងៃ​បាត់​ខ្លួន​ គឺ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២​ ខែ ​មិ​ថុ​នា​​ ឆ្នាំ​ ២​០​១​៩ ​ម្តាយ​នាង​ត្រូវ​បាន​ស្រ្តី​ល្មើស​ ហៅ​​ទៅ​លេង​ផ្ទះ​​នៅ​ម្តុំ​​ផ្សារ​កណ្តាល ​​ម្តុំ​គុកតេ​ ៣​ ចាស់។

ម្តាយ​នាង​បាន​បបួល​កូន​ជាង​អ៊ុត​សក់​ទៅ​ជា​មួយ​ដែរ ​រហូត​ដល់​ពេល​ល្ងាច​ទើប​ម្តា​យ​នាង​ត្រឡប់​មក​ផ្ទះ​វិញ ​ដោយ​បាន​យក​ទាំង​កូន​តូច​ម្នាក់​របស់​ស្រ្តី​ល្មើស​មក​ជាមួយ​ផង។


នាង​បន្ត​ថា​ លុះ​ព្រឹក​ឡើង​ វេលាម៉ោងប្រហែល ១០ នៅ​ថ្ងៃ​ទី​ ៣​ មិ​ថុ​នា​ ម្តាយ​នាង​ បាន​ជិះ​ម៉ូ​តូ​កូន​ទា​ដឹក​កូន​ស្រ្តី​ល្មើស​ទៅ​ប្រគល់​ឲ្យ​ម្តាយ​គេ​វិញ​ ហើ​យ​ម្តាយ​របស់​នាង​ក៏​បាត់​ដំ​ណឹង​តាំង​ពី​ថ្ងៃ​នោះម​ក​។ បន្ទាប់​ពី​ម្តាយ​បាត់​ខ្លួន​មក​ ​គឺ​នាង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំ​នះ​ ​​​​​ក្នុង​ខណ្ឌ​​ដូនពេញ​ ហើយ​ក៏​បាន​ប្រ​កាស​តាម​បណ្តាញ​សង្គម​ស្វែង​រក​ម្តាយ​រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់​ខ្លួន​ស្រ្តី​សង្ស័យ​បាន។


​លោក​ ​ធន់​ ​កៅ​នី​ នាយ​ប៉ុស្តិ៍​​សង្កាត់​ជ័យ​ជំ​នះ កាលពីម្សិល​មិញបាន​បដិសេ​ធ​​ធ្វើ​អធិប្បាយ ដោយ​ឆ្លើយថា ​​ជាប់​ប្រជុំ។

កូន​ស្រ្តី​រង​គ្រោះ​បន្ត​ថា​ ម្តា​យ​​របស់​នាង​បាន​ប្រកប​របរ​អ៊ុត​សក់​នៅ​ផ្សា​រ​ចាស់​អស់​រយៈ​ពេ​ល​ពី ៧ ​ទៅ​ ៨​ ឆ្នាំ​​មក​ហើយ​ ហើយ​ស្រ្តី​ល្មើស​បាន​រាប់​អាន​ជា​​មួយ​ម្តាយ​នាង​ប្រ​ហែល​ជាង​ ២ ​ឆ្នាំ​ ដោយ​​ក្នុង​អំឡុង​ពេល​ស្គាល់​គ្នា​នោះ​​ស្រ្តី​ល្មើស​បាន​ជំពាក់​​លុ​យ​​ម្តាយ​របស់​នាងសរុប​ជាង​ ៤ លាន​រៀល។​

កូន​ស្រ្តី​រង​គ្រោះ​​បញ្ជាក់​ថា​៖​ «​ស្រ្តី​នោះ​គាត់​ជំ​ពា​ក់​​លុយ​ម៉ាក់​ខ្ញុំ​ខ្ទង់​ជាង​ ២ ឆ្នាំ​មក​នេះ​។​​ ខ្ញុំ​សព្វថ្ងៃ​រស់​នៅ​តែ​​ ២ ​នាក់​ម៉ាក់​ខ្ញុំ​ទេ ឯ​ប៉ា​ខ្ញុំគាត់​ស្លា​ប់​ចោល​ខ្ញុំ​ជាង​ ១​០ ឆ្នាំ​មក​ហើ​យ ​ហើយ​ពេល​នេះ​ម្តាយ​ខ្ញុំ​ត្រូវ​គេ​សម្លាប់​ចោល​ខ្ញុំ​ទៀត»។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​​កង​រាជ​អា​វុធ​ហត្ថ​​មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ។

បើ​តាម​មន្ត្រី​កង​រាជ​អាវុធហត្ថ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះឲ្យ​ដឹង​​ថា​​ ស្រ្តី​ដៃ​ដល់​បាន​សម្លាប់​​ស្ត្រី​​រង​គ្រោះ​ រួច​ហើយ​​បាន​​យក​កាំ​បិត​កាត់​​សាក​សព​ជា​បំ​ណែ​ក​ៗ​ ច្រក​ដាក់​ស្បោង​ខ្មៅ​ ហើយ​យក​ទៅ​បោះ​ចោល​នៅ​​ច្រាំង​ទន្លេ​ក្នុង​ខណ្ឌ​ដូនពេញ៕