ស្នងការ​រាជធានី​ឱ្យ​នគរបាល​ផ្អាក​ចាប់​ឃាត់​ម៉ូតូ​ធំ​ដែល​ឮ​សំឡេង​រំខាន​ខ្លាំង​ដោយ​ត្រូវ​រង់ចាំ​បទបញ្ជា​ថ្មី

Content image - Phnom Penh Post
ម៉ូតូ​ធុន​ធំ​ដែល​បង្ក​សំឡេង​រំខាន​ត្រូវបាន​ចាប់​ឃាត់​នៅ​ភ្នំពេញ​។ រូប នគរបាល

ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ទាំង​ ១៤ ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​សកម្មភាព​ចាប់​ឃាត់​ម៉ូតូ​ធុន​ធំ ដែល​ឮ​សំឡេង​រំខាន​ខ្លាំង ដោយ​រង់ចាំ​បទបញ្ជា​ថ្មី​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។

ការចេញ​បញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​កងកម្លាំង​នគរបាល​រាជធានី​បាន​ចាប់​ឃាត់​ម៉ូតូ​ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​កែច្នៃ បង្ក​សំឡេង​លាន់ឮ​ខ្លាំង​ចំនួន ៦០ គ្រឿង ធ្វើឱ្យមាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក ស ថេត បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​ ១១ ​មករា​ថា កងកម្លាំង​នគរបាល​ទាំង​ ១៤ ​ខណ្ឌ​ត្រូវ​បានឱ្យ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ ដែលមាន​បំពង់​ស៊ីម៉ាំង​ឮ​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន​។ លោក​បញ្ជាក់ថា ការផ្អាក​នេះ​គឺ​រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ដើម្បី​ចៀសវាង​នូវ​ការថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិន​បាន​កែច្នៃ​នោះទេ​។

លោក​ថ្លែងថា​៖ «​តាម​ខណ្ឌ​ទាំងអស់ ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែលមាន​ស៊ីម៉ាំង​អត់​មាន​សម្បុក​ដែលមាន​សំឡេង​ឮ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី​... ព្រោះ​ម៉ូតូ​ធំ​ខ្លះ គេ​មាន​សម្បុក​ស៊ី​ម៉ាំង​បើក​ទៅ​អត់​ឮ​រំខាន​ទេ ដូច្នេះ​ប្រភេទ​នេះ អត់​មាន​ខុស​ទេ​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​អង្គប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​ ១១ ខែមករា បាន​ជំរុញ​ឱ្យ​ខណ្ឌ​ទាំង​ ១៤ ​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​ទប់ស្កាត់​ការបំពង​សំឡេង​រំខាន​នានា​។

លោក​បញ្ជាក់ថា ​អាជ្ញាធរ​រាជធានី​ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ឃាត់​ម៉ូតូ​បាន​ចំនួន​ ៦០ ​គ្រឿង​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ធំៗ​ដែល​បាន​បង្ក​សំឡេង​រំខាន ក៏ដូចជា ម៉ូតូ​ដែល​កែច្នៃ​ស៊ីម៉ាំង រំខាន​ដល់​ប្រជាពលរដ្ឋ​។ លោក​បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​ផ្ទាល់​ទៅដល់​ទីតាំង​ដែល​បាន​ឃាត់​ម៉ូតូ​ទាំងនោះ​ទុក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ការប៉ះពាល់​ទៅលើ​បរិស្ថាន មុននឹង​ប្រគល់​ឱ្យ​ម្ចាស់​ម៉ូតូ​វិញ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក្តី លោក​បញ្ជាក់​ថា ម៉ូតូ​ដែលមាន​សំឡេង​បំពង​ខុស​លក្ខណៈ​បច្ចេកទេស​គឺ​នៅតែ​រក្សាទុក​ដដែល ដោយ​រង់ចាំ​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ​។

ចំណែក​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​ក៏​បាន​ឃាត់​អ្នកប្រើប្រាស់​ម៉ូតូ​ដែល​បំពាក់​ដោយ​បំពង់​ស៊ីម៉ាំង​កែច្នៃ​បង្ក​សំឡេង​ឮ​ខ្លាំង​រំខាន​ពេលយប់​នៅក្នុង​ក្រុង​បាត់ដំបង​បាន​ចំនួន ៨ ​គ្រឿង​ផងដែរ កាលពី​យប់​ថ្ងៃ​ ១០ ​មករា ឆ្នាំ​ ២០២០​។

លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឱ្យ​ដឹងថា ក្រោយពេល​ឃាត់​រក្សា​ទុក​ម៉ូតូ​ទាំង​ ៨ ​គ្រឿង​នេះ​រួចមក​ពិនិត្យ​ឃើញ​ថា ម៉ូតូ​ទាំងនេះ​ក្រៅពី​ការកែច្នៃ​បំពង់​ស៊ីម៉ាំង​ ដើម្បី​បន្លឺសំឡេង​ខ្លាំងៗ​នៅមាន​លក្ខណៈ​មិន​ត្រឹមត្រូវ​លើ​ចំណុច​ផ្សេងៗ​ទៀត​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

លោក​ គឹមសាន ​បានប្រគល់​ភារកិច្ច​ទៅ​ការិយាល័យ​នគបាលចរាចរណ៍ ផ្លូវគោក​អនុវត្ត​ដោយ​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ម្ចាស់​ម៉ូតូ​ឱ្យ​ឈប់​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​បន្តទៀត និង​តម្រូវឱ្យ​ប្តូរ​ស៊ីម៉ាំង​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​រួច​ធ្វើការ​ផាកពិន័យ​ទៅតាម​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​មុន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​វិញ​។

លោក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បានឱ្យដឹង​ពីថ្ងៃ​ទី​ ១១ ​មករា​ថា រហូត​មក​ដល់​ពេលនេះ មិនទាន់​បាន​ប្រមូល​ទិន្នន័យ​បូកសរុប​លទ្ធផល​នៃ​ការឃាត់​ម៉ូតូ​ដែល​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​បង្កឱ្យមាន​សំឡេង​រំខាន​នៅ​ទូទាំង​ប្រទេស​នោះទេ ខណៈ​ក្រសួង​កំពុងតែ​រៀបចំ​ធ្វើ​សេចក្តី​ណែនាំ​។ លោក​បន្តថា​៖ «​បច្ចុប្បន្ននេះ អន្តរក្រសួង​កំពុងតែ​រៀបចំ​ធ្វើឯកសារ​សេចក្តី​ណែនាំ ប៉ុន្តែ​ថ្នាក់លើ​មិនទាន់​សម្រេច​ដាក់ថា ជា​បទបញ្ជា​ ឬ​សេចក្តី​ណែនាំ ឬ​ក៏​អ្វី​នោះទេ​នៅពេល​ចេញ​យើង​ដឹង​ហើយ​...»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ចំណាត់ការ​នេះ​។ ប៉ុន្តែ​លោក​ក៏​ស្នើឱ្យ​អាជ្ញាធរ ពិនិត្យមើល​ជាមុន​ផង​ដែរ ពីព្រោះ​ម៉ូតូ​ដែល​នាំចូល​ខ្លះ មាន​សំឡេង​ឮ​ខ្លាំង​ពី​រោងចក្រ​របស់​វា​ស្រាប់​។ លោក​បញ្ញា​បានស្នើ​ដល់​អាជ្ញាធរ គួរតែ​គិតគូរ​ពី​ការអនុវត្ត​ផងដែរ​បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ ឬ​ការណែនាំ​ណាមួយ​ពី​ថ្នាក់ដឹកនាំ ដោយ​មាន​ការផ្សព្វផ្សាយ​យ៉ាងហោចណាស់ ១ ​អាទិត្យ​ ឬ​ ២ ​អាទិត្យ​ជាមុនសិន ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ជ្រាប ហើយ​អនុវត្ត ទើប​មិន​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៨ ​មករា ឆ្នាំ​ ២០២០ បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ និង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ​ដែល​បង្ក​សំឡេង​រំខាន​ដល់​ពលរដ្ឋ​។

លោក ស ខេង យល់ឃើញ​ថា មាន​ករណី​ក្មេង​ទំនើង​មួយចំនួន ជិះ​ម៉ូតូ​ធំ​កែច្នៃ​បំពង់​ស៊ីម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំឡេង​ឮ​ខ្លាំង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​លោក​ផ្ទាល់​ក៏​ធ្លាប់​ជួប​ការរំខាន ដោយ​សំឡេង​បំពង់​ស៊ីម៉ាំង​នេះដែរ​។

យោងតាម​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ ៤៤ អនក្រ.បក ចុះ​ថ្ងៃទី​ ២១ ខែ​មីនា ឆ្នាំ​ ២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានចែង​នៅក្នុង​មាត្រា​ ៦ ថ្មី ថា ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន​ ១០ ​ម៉ឺន​រៀល​ចំពោះ​អ្នកបើកបរ​បញ្ចេញ​សំឡេង​ម៉ាស៊ីន​ឮខ្លាំង​ឬ​ផ្សែង​ច្រើន​ខុសពី​បទដ្ឋាន​បច្ចេកទេស​៕

វីដេអូ៖

ព័ត៌មានថ្មីៗ