ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី ៣ ឆ្នាំនេះ បានកើតឡើងចំនួន ៩៨៨ លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤៨៨ នាក់ និងរបួស ១ ៤៩៤ នាក់ដែលបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ គឺមានការកើនឡើងចំនួន ២៣៨ លើក អ្នកស្លាប់កើនឡើងចំនួន ១០៥ នាក់ និងរបួសកើនឡើងចំនួន ៤៤៦ នាក់។
នេះបើតាមរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការនគរបាលជាតិ សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃចន្ទនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី ៣ ឆ្នាំនេះបានកើតឡើងចំនួន ៩៨៨ លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤៨៨ នាក់ និងរបួសចំនួន ១៤៩៤ នាក់។ ក្នុងនោះគ្រោះថ្នាក់កើតឡើងភាគច្រើននៅរាជធានីភ្នំពេញដែលមានចំនួនអ្នកស្លាប់ចំនួន ៨៣ នាក់ ខេត្តកណ្តាលស្លាប់ចំនួន ៤៥ នាក់ ខេត្តកំពង់ស្ពឺចំនួន ៤១ នាក់ និងខេត្តព្រះសីហនុស្លាប់ចំនួន ៣៧ នាក់។
របាយការណ៍បញ្ជាក់ថា៖ «គ្រោះថ្នាក់នេះកើតឡើងព្រោះមូលហេតុការបើកបរលើសល្បឿនកំណត់ ៣៣ ភាគរយ មិនគោរពសិទ្ធិ ២៧ ភាគរយ មិនប្រកាន់ស្តាំ ១៣ ភាគរយ វ៉ាជែង ១០ ភាគរយ បត់ ៩ ភាគរយ ស្រវឹង ៤ ភាគរយ កត្តាយានយន្ត ៣ ភាគរយ ងងុយដេក ១ ភាគរយ»។
បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩នេះ បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ ២០១៨ គ្រោះថ្នាក់កើនឡើងចំនួន ២៣៨ លើក។ អ្នកស្លាប់កើនឡើងចំនួន ១០៥ នាក់ និងរបួសកើនឡើងចំនួន ៤៤៦ នាក់។ ក្នុងចំណោមអ្នកស្លាប់ចំនួន ៤៨៨ នាក់ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៣៩២ នាក់ ស្មើនឹង ៨០ ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៣១២ នាក់ស្មើ ៧៦ ភាគរយ។
លោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងមួយផ្នែកដោយសារតែកំណើនយានយន្ត ខណៈរថយន្តបានចុះបញ្ជីសរុបក្នុងប្រទេសកម្ពុជាមានចំនួន ៧០ ម៉ឺនគ្រឿង និងម៉ូតូមានចំនួន ៣,៥ លានគ្រឿងគិតរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងនោះអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងគេមានអាយុចន្លោះពី ១៥ ឆ្នាំទៅ ៤០ ឆ្នាំ។
លោកថ្លែងថា៖ «ច្បាប់យើងមានលក្ខណៈល្អប្រសើរហើយ។ បច្ចុប្បន្នយើងកំពុងត្រៀមធ្វើវិសោធនកម្មបន្ថែមទៀត ដោយសម្តេចក្រឡាហោមបានឲ្យធ្វើវិសោធនកម្មមួយចំនួន ហើយទាក់ទងនឹងការពិន័យយើងត្រៀមបង្កើនទោសទណ្ឌប្រាក់ពិន័យបន្ថែមទៀត»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) បានថ្លែងថា លោកនៅតែមានការព្រួយបារម្ភខណៈដែលចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនក្នុងឆ្នាំ ២០១៩ នេះ។ លោកបានលើកអនុសាសន៍ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវយកការអនុវត្ដច្បាប់ជាអាទិភាព។
លោកបញ្ជាក់ថា៖ «បើយើងនៅតែបន្ដត្រឹមការអប់រំដល់ពលរដ្ឋមិនអនុវត្ដច្បាប់ មិនសូវទទួលបានផលទេគ្រាន់តែអាចបញ្ជ្រាបការយល់ដឹងប៉ុណ្ណោះ ប៉ុន្ដែមិនបានផ្លាស់ប្ដូរឥរិយាបថពលរដ្ឋចំពោះការបើកបរនោះទេ។ ដូច្នេះជាការចាំបាច់ត្រូវតែមានការអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹងព្រមៗគ្នាគ្រប់ទីកន្លែងទាំងអស់»។
លោក បញ្ញា សង្កេតឃើញថាកត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើនឡើងនេះ បញ្ហាចម្បងគឺកត្ដាឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការបើកបរ និងកត្តាចំនួនយានយន្តមានការកើនឡើងច្រើនខណៈក្នុង ១ ឆ្នាំមានយានយន្តចុះបញ្ជីនៅក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រមាណចាប់ពី ២០ ទៅ ៣០ ម៉ឺនគ្រឿង។
លោកបញ្ជាក់ថា៖ «ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ដែលយើងទទួលបានភាគច្រើនកើតឡើងចំពោះអ្នកបើកបរម៉ូតូ ហើយពួកគាត់មិនសូវបានយល់ដឹងពីច្បាប់ចរាចរណ៍ទេ។ ក្នុងនោះអ្នកជិះម៉ូតូភាគច្រើនជាកម្លាំងម៉ូតូក្រោម ១២៥ សេសេ ដែលចំណុចនេះ ច្បាប់យើងមិនបានឲ្យពួកគាត់មានបណ្ណបើកបរទេឲ្យតែពួកគាត់មានលទ្ធភាពទិញម៉ូតូ គឺទិញហើយអាចជិះបានតែម្ដង»៕