ព្រះសីហនុៈ ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ បញ្ជា​ឲ្យ​រុះរើ​អគារ​កម្ពស់ ​៩ ជាន់ ​មួយ​កន្លែង​ឆាប់ៗ​នេះ ​ស្ថិត​នៅ​ភូមិ​លេខ ​៤ សង្កាត់​លេខ ៤ ​ក្រុង/ខេត្ត​ព្រះសីហនុ ​បន្ទាប់​ពី​រក​ឃើញ​ការ​សាងសង់​ខុស​បច្ចេកទេស ​និង​គ្មាន​គុណភាព ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​អភិវឌ្ឍ​ជាន់​លើ​ដី​កម្មសិទ្ធិ​ឯកជន​ នៅ​ស្រុក​ទឹកឈូ​ ខេត្ត​កំពត។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ចុះ​ថ្ងៃទី ៩ ​ខែ សីហា​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ថ្ងៃទី ១១ ​សីហា ​ឲ្យ​ដឹង​ថា​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​ និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ការ​ដ្ឋាន​សំណង់​អគារ​ពហុ​មុខងារ​កម្ពស់ ​៩ ជាន់​ខាង​លើ​ ដោយ​រក​ឃើញ​ថា​ សំណង់​គ្មាន​លិខិត​អនុញ្ញាត​សាងសង់​ និង​គ្មាន​លិខិត​អនុញ្ញាត​បើក​ការដ្ឋាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ​បន្ទាប់​ពី​ពិនិត្យ​មាន​ហានិភ័យ​ដូច​ខាង​លើ ​ដើម្បី​ធានា​បាន​សន្តិសុខ ​សុវត្ថិភាព​ ការពារ​ទ្រព្យ​សម្បត្តិ ​និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​ទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ ​ដោយ​ផ្អាក​ការដ្ឋាន​សាងសង់​ជា​បន្ទាន់។ ហាម​ស្នាក់នៅ ​ហាម​ការ​ប្រើប្រាស់​សំណង់​ ផ្អាក​ការ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​អគារ និង​ឲ្យ​មនុស្ស​ចេញ​ពី​អគារ​ទាំង​អស់។

ក្រសួង​រៀបចំ​ដែនដី​បញ្ជាក់​ថា​៖ «ក្រុម​ការងារ​តម្រូវ​ឲ្យ​រុះរើ​សំណង់​នេះ​ចេញ ​ព្រោះ​សំណង់​នេះ​មិន​មាន​សុវត្ថិភាព ​និង​គុណភាព​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​សំណង់។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ខាង​ជុំវិញ​អគារ​នេះ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចាកចេញ​ពី​លំនៅឋាន​ជា​បន្ទាន់​រហូត​ដល់​មាន​ការ​ចាត់ចែង​រួចរាល់»។

លោក ​ចេង ស្រុង ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​សំណង់ ​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថ្លែង​ថា​ សំណង់​អគារ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ ឈួនវិន ខន​ស្ដ្រាក់សិន​ អេនជីនារីង ​(ខេមបូឌា) ឯ.ក។ គណៈកម្មការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា ​​ថ្ងៃទី ៨​ ខែ សីហា អគារ​នេះ​មាន​ការ​ស្រុត​ពី ៤០ មម ​ទៅ ៨០ មម។


លោក​បន្ត​ថា ថ្ងៃទី ៩ ​សីហា​​ នៅ​ផ្នែក​ខាង​កើត​នៃ​អគារ​មាន​ការ​ស្រុត ​៩ មម​ទៀត ​និង​នៅ​ផ្នែក​ខាង​លិច​នៃ​អគារ​មាន​ការ​ស្រុត​រហូត​ដល់ ​២៨ មម​ថែម​ទៀត ​និង​បន្ត​ស្រុត​ទៀត។ បន្ថែម​ពី​លើ​នោះ​ជញ្ជាំង​ជាន់​ផ្ទាល់​ដី​នៃ​អគារ​ មាន​សភាព​ប្រេះ​ច្រើន​កន្លែង ​និង​បន្ត​ប្រេះ​ថែម​ទៀត ​និង​អគារ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស​សំណង់ ​និង​ខុស​នគរូបនីយកម្ម។

លោក​បញ្ជាក់​ថា​៖ «ខណៈ​នេះ ​យើង​បាន​ជូន​ដំណឹង​ទៅ​ម្ចាស់​អគារ​នេះ​ ព្រម​ទាំង​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​អគារ​នោះ​ចាកចេញ​ភ្លាមៗ ​ហើយ​អ្នក​រស់នៅ​ក្បែរ​នោះ​ក៏​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អគារ​នេះ​ដែរ ​រង់ចាំ​យើង​ចាត់​រួចរាល់​ទើប​អាច​ឲ្យ​មក​រស់នៅ​វិញ​បាន។ ពេល​នេះ​ដែរ​ យើង​ក៏​កំពុង​រង់ចាំ​មើល​សកម្មភាព​ម្ចាស់​អគារ​គាត់​អនុវត្ត​តាម​បទ​បញ្ជា​នេះ»។

តាម​លោក ​ចេង ស្រុង ​​មិន​ទាន់​មាន​របាយការណ៍​លម្អិត​ជុំវិញ​ការ​ផ្អាក​សកម្មភាព​សំណង់​អគារ​ដែល​រក​ឃើញ​ខុស​ស្ដង់ដា ​និង​គ្មាន​ច្បាប់​នៅ​ឡើយ។​ ប៉ុន្ដែ​តាម​ការ​ប៉ាន់ស្មាន​​លោក​ថា ប្រមាណ​ជាង ១០០ ​ករណី។ អគារ​ទាំង​អស់​នោះ​ កំពុង​តម្រូវ​ឲ្យ​កែ​បច្ចេកទេស ​និង​ធ្វើ​តាម​ស្ដង់ដា ហើយ​គណៈកម្មការ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​របាយការណ៍​លម្អិត​នៅ​ពេល​បញ្ចប់​កិច្ចការ​ស្រាវជ្រាវ​ទាំង​អស់​នេះ។

តំណាង​ក្រុមហ៊ុន ឈួនវិន ខន​ស្ដ្រាក់សិន ​អេនជីនារីង (ខេមបូឌា) ឯ.ក​ និង​ម្ចាស់​អគារ​កម្ពស់ ៩ ជាន់​នោះ ​ពី​ម្សិលមិញ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

លោកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ ​គាំទ្រ​ចំពោះ​ចំណាត់​ការ​នេះ ​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​អគារ​ផ្សេងៗ​ទៀត ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​អគារ​របស់​ចិន​មាន​ការ​ព្រួយ​បារម្ភ។ លោកស្រី​ថា ​ក្រៅ​ពី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​អគារ​នេះ​ អាជ្ញាធរ​ត្រូវ​មាន​វិធានការ​បន្ត​ ដោយ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ ដើម្បី​ព្រមាន​ជនជាតិ​បរទេស​ទាំង​អស់​នោះ។

លោកស្រី​បញ្ជាក់​ថា​៖ «ពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​ក្បែរ​សណ្ឋាគារ ​សុខា ​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​បាន​ឃើញ​ក្រុមហ៊ុន​សំណង់​បូម​ទឹក​សមុទ្រ​លាយ​ជាមួយ​ខ្សាច់​សមុទ្រ ​យក​មក​សាងសង់​អគារ។ បើ​តាម​បច្ចេកទេស​គេ​មិន​អាច​ប្រើ​ទឹក ឬ​ខ្សាច់​សមុទ្រ​មក​សាងសង់​អគារ​ទេ។ ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​វា​មាន​ហានិភ័យ​អ្វី​កើត​ឡើង​បន្ត​ទៀត​ទេ​ ហើយ​អាជ្ញាធរ​គួរ​ពិនិត្យ​រឿង​ហ្នឹង​ផង»។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ ​ក្រសួង​មហាផ្ទៃ ​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន ថាហ្គីត ​អ៊ីស្ទេត ​អេនអ៊ែសិត ​មេនិចម៉ិន (Target Estate and Asset Management) ដែល​អភិវឌ្ឍ​លើ​ដី​កម្មសិទ្ធិ​ឯកជន​ នៅ​តំបន់​ក្បាល​រមាស​ ក្នុង​គម្រោង​សាងសង់​លំនៅឋាន​បែប​ទេសចរណ៍​ឆ្នេរ​ព្រែក ​ស្ថិត​នៅ​ឃុំ​ត្រពាំង​សង្កែ ​និង​នៅ​ភូមិ​កំពង់​សំរោង​ខាង​ត្បូង ​ឃុំ​កំពង់​សំរោង ​និង​ឃុំ​ជុំគ្រៀល ​ស្រុក​ទឹកឈូ​ ខេត្ត​កំពត។

តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ​ចុះ​ថ្ងៃទី ៩ ​ខែ សីហា ​ដែល​ចុះហត្ថលេខា​ដោយ​លោក ​សក់ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ជម្រាប​ទៅ​អគ្គនាយក​ក្រុមហ៊ុន ​ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត ​មេនិចម៉ិន ស្ដីពី​ករណី​ស្នើសុំ​គោលការណ៍​អនុញ្ញាត ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​លំនៅឋាន​បែប​ទេសចរណ៍​ឆ្នេរ​ព្រែក​នៅ​តំបន់​ខាង​លើ។ ​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​របាយការណ៍​ពី​រដ្ឋបាល​ខេត្ត​កំពត ​ពាក់ព័ន្ធ​គម្រោង​នេះ​រួច​មក​ ក្រសួង​ស្នើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ធ្វើ​ការ​ផ្អាក​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​ខាង​លើ​ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្ត​ពិនិត្យ និង​សម្របសម្រួល​ដោះស្រាយ​ករណី​ទំនាស់​ផ្សេងៗ​ជាមុន​សិន ​និង​រង់ចាំ​មាន​ការ​សម្រេច​ជា​ថ្មី។

លោក​ឧកញ៉ា ជា សុខហេង ​អគ្គនាយក​ក្រុមហ៊ុន​ ថាហ្គីត អ៊ីស្ទេត ​អេនអ៊ែសិត​ មេនិចម៉ិន (Target Estate and Asset Management) ពី​ម្សិលមិញ ​មិន​ទាន់​អាច​ស្វែករក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កំពត​ដែល​បាន​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី ១៧ ​ឧសភា ​ឆ្នាំ ​២០១៩ ​ឲ្យ​ដឹង​ថា​ តាមរយៈ​ការ​ស្រាវជ្រាវ​កន្លង​មក​​ ដី​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​នេះ ​កន្លង​មក​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​កែវ ជា។ ​នៅ​ឆ្នាំ ២០០៨ ​លោក កែវ ជា ​បាន​ធ្វើ​ការ​ពុះឡូតិ៍​លក់​ទៅ​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជិត ២០ នាក់ ​ប៉ុន្ដែ​មិន​ទាន់​ពុះ​កាត់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ទេ ​(ប្លង់​រួម)។

របាយការណ៍​បន្ត​ថា​ ក្រោយ​មក​ លោក​កែវ ជា ​យក​ប្លង់​ដី​ទាំង​នោះ​ទៅ​បញ្ចាំ​ឲ្យ​លោក​ឧកញ៉ា ជា សុខហេង ​អគ្គនាយក​ក្រុមហ៊ុន​ខាង​លើ។ ប៉ុន្ដែ​លោក​ កែវ ជា ​គ្មាន​លទ្ធភាព​បង់​លុយ​ឲ្យ​លោក​ឧកញ៉ា ​ទើប​លោក​ឧកញ៉ា ​កាត់​យក​ទីតាំង​ដី​នោះ ​ហើយ​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​បែប​នេះ៕