ភ្នំពេញៈ ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពន្លត់​អគ្គិ​ភ័យ​រាជ​ធានី​ភ្នំពេញ ​បាន​ប្រាប់​ឲ្យ​ដឹ​ង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​ផ្ទះ​លក់​ហ្គាស ​នៅ​សង្កាត់​ទួលសង្កែ ​២​ ​ខណ្ឌ​ឫស្សី​កែវ​ កាល​ពី​ថ្ងៃ​សៅរ៍គឺ​បាន​បង្ក​ឡើង​ដោយសារ​ជាង​ផ្សា​រដែក​ធ្វើ​ធ្នើ​ដាក់​សម្ភារ​ ធ្វើ​ការ​ដោយ​ «​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន»។​


​លោក​ ​ព្រំ ​យ៉​ន​ ​ប្រធាន​ការិ​​យាល័យ​នគរ​បាល​បង្កា​រ និង​ពន្លត់​អគ្គិ​ភ័យ​រាជ​ធានី​ភ្នំពេញ​ បា​ន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​គ្រោះ​អគ្គិ​ភ័យ​នៅ​​ទី​តាំង​ខាង​លើ​នេះ​ ​ដើម​ហេតុ​មក​ពី​ជាង​ផ្សារដែក ដែល​ត្រូវ​បាន​ជួល​មក​ផ្សារ​ធ្វើ​ធ្នើ​រដាក់​សម្ភារនៅ​ឃ្លាំង​ស្តុក​ហ្គាស​ ​​យី​ហោ​ ​សេង​ ​ហួត​ បាន​ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ធូប​ផ្សារ​ដែក​ ​លើ​គំនរ​កំប៉ុ​ង​ហ្គាស​តូចៗ​ ​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ និង​រាលដាល​ទៅ​កាន់​ឃ្លាំង​សម្ភារ​ផ្ទះ​​បាយ​មួយ​ទៀត​ ​រួម​ទាំង​បន្ទប់​ជួល​ចំនួន​ ២​ ​និង​វិឡា​ភ្លោះ​កូន​កាត់​កម្ពស់​ ៤ ជាន់ ​១​ ខ្នង​ថែម​ទៀត ដែល​សរុប​ជា​ទឹក​ប្រាក់​ ​អស់​ជាង ១ លានដុល្លារ។​

​លោក​ យ៉ន ថ្លែង​​ថា​៖​ «​ទោះ​ជា​បែប​ណា​ក្ដី​ឃ្លាំង​ ​ស្តុក​ហ្គា​ស​ ​និង​ស្តុក​សម្ភារ​ ព្រ​ម​ទាំង​ផ្ទះ​វិឡា​ និង​បន្ទប់​ជួល​ ​ទាំង​នោះ ​គឺ​ជា​កម្ម​សិទ្ធិ​របស់​លោក​ ​សេង​ ​ហួត​ ​ជា​មន្ត្រី​នគ​រ​បាល​​បម្រើ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ។ ​ម​ក​ដល់​ថ្ងៃ​នេះ ​សមត្ថ​កិច្ច​យើង​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​លោក សេង​ ​ហួត ​ក្នុង​ការ​ទាមទារ​សំណង​ខូច​ខាត​ណា​មួ​យ​ពី​ក្រុម​ជាង​ផ្សារដែក​ ដែល​ធ្វើ​កា​រ​ដោយ​ធ្វេស​ប្រហែស​ទាំង​នោះ​នៅ​ឡើយ​ទេ»។​ ​​

​​លោក​ ​យ៉ន​ ​ថ្លែង​ថា ​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ពន្លត់​អគ្គិ​ភ័យ​នោះ ​ក្រុម​កម្លាំង​កង​ពន្លត់​អគ្គិ​ភ័យ​មក​ពី​អង្គភាព​ចម្រុះ​បាន​ប្រើ​​ប្រាស់​រយៈ​ពេល​ប្រមាណ​ ៣ ម៉ោង​ ​ដោយ​ប្រើ​ប្រាស់​ទឹក​សរុប​ចំនួន​ ៥០ ​ម៉ែត្រ​គុប​។​ ​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ​ពុំ​បាន​បង្ក​ឲ្យ​ពល​រដ្ឋ​ណា​ម្នា​ក់​ស្លាប់​ឬ​រង​របួស​ទេ ​លើក​លែង​តែ​ក្រុម​មន្ត្រី​កង​ពន្លត់​អគ្គិភ័យ ​២ នាក់​ ដែល​ម្នាក់​ឈ្មោះ ​សេក​ ​ធឿន​ អាយុ​ ៥៥ ឆ្នាំ មក​ពី​នាយកដ្ឋាន​កង​ពន្លត់​អគ្គិ​ភ័យ​នៃ​ក្រសួង​មហា​ផ្ទៃ ​និង​ម្នាក់​ទៀត​ឈ្មោះ​ឡៃ ​អៀង​ អាយុ​ ២៣​ ឆ្នាំ​ មក​ពី​ក្រុមហ៊ុន OCIC​ ​រង​របួស​ស្រាល។​


​លោក​ ​នេត​ ​វន្ថា​ ​ប្រធាន​នា​យក​ដ្ឋាន​បង្កា​រ ​និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​ក្នុង​រយៈ​ពេល​ ៦​ ខែ​ ដើម​ឆ្នាំ​ ២០១៩​ នេះ ​គ្រោះ​អ​គ្គិ​ភ័យ​នៅ​ទូ​ទាំង​ប្រទេ​ស​​បាន​កើត​ឡើង​​ចំនួន​ ៣៩៩ ​ករណី​ ​​ដោយ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​ចំនួន​ ១៧ ​នាក់​ ​និង​ ៤៧ នាក់​ទៀត​រង​របួស​។​


​លោក​ វន្ថា​ ថ្លែង​ថា​៖​ «​ខេត្ត​ក្រុង​ដែល​មាន​ក​​រណី​គ្រោះ​អ​គ្គិ​ភ័យ​ច្រើន​ជាង​គេ ​គឺ​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​ខេត្ត​សៀម​រាប​ ​ប៉ុន្តែ​ខេត្ត​ដែល​មាន​ករណី​មនុស្ស​ស្លាប់​ច្រើ​ន​ជាង​គេ​​ក្នុង​គ្រោះ​អគ្គិ​ភ័យ​គឺ​ខេត្ត​ស្ទឹងត្រែង»។​

​លោក​បាន​បន្ត​ថា​ ​តាម​ការសិក្សា​ស្រាវ​ជ្រាវ​ ​គ្រោះ​អ​គ្គិ​ភ័យ ​ដែល​បាន​កើត​ឡើង​កន្លង​មក​នេះ ​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា​ ​៤១ ភាគ​រយ​ ​បង្ក​ឡើង​ដោយ​សារ​ការ​ផ្ទុះ​ឆ្លង​ចរ​ន្ត​អគ្គិស​នី ​៣៩​ ភាគ​រយ​ គឺ​បាន​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​ភ្លើង ​(​ចង្ក្រាន​ដាំ​ស្ល ​​ដុត​ធូប​ ទៀន ដុត​ព្រៃ) ដោយ​ខ្វះកា​រ​ប្រុង​ប្រ​យ័ត្ន​ ​និង​ ​២០ ​ភាគ​រយ​ទៀត​ ​គឺ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ ​និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើ​ប​អង្កេត​នៅ​ឡើយ។​

​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ក្នុង​សប្ដាហ៍​ទី៤​ ​នៃ​ខែ ​មិថុនា​ ឆ្នាំ​ ២០១៩​ នេះ នាយកដ្ឋាន​បង្ការ ​និង​ពន្លត់​អគ្គិ​ភ័យ​នៃ​ក្រសួង​មហា​ផ្ទៃ ​នឹង​រៀប​ចំ​សិក្ខា​សាលា​ថ្នា​ក់​ជាតិ​មួយ​ស្ដី​ពី​ «​ការ​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​ ​អគ្គិ​ភ័យ​តា​ម​គោល​ដៅ​»​ ​ដែល​សិក្ខា​សាលា​នេះ​ ​នឹង​​មាន​ការ​អញ្ជើញ​មន្ត្រី​សំខាន់​ៗ​មក​ពី​ស្ថាប័ន​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​ ​រួម​ទាំង​តំ​ណាង​ក្រុម​ហ៊ុន​មួយ​ចំ​នួ​ន​ចូ​លរួម ពិ​សេស​គឺ​ខាង​ក្រុម​ហ៊ុន​ប្រេង​ឥ​ន្ធ​នៈ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​រោងចក្រ៕​​​