រតនគិរី/ស្ទឹងត្រែងៈ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​កាលពី​ចុងសប្តាហ៍​មុន បាន​ប្រកាស​បើក​ដំណើរការ​គម្រោង «​ជំនាន់​ថ្មី​» ក្នុង​ខេត្ដ​រតនគិរី និង​បន្ដ​បើក​ដំណើការ​នៅ​ខេត្ដ​ស្ទឹងត្រែង​នាពេល​ខាង​មុខ ដោយ​ពង្រឹង​សមត្ថភាព​អង្គការ​សមាគម​ចំនួន​ ៥ ​នៅ​មូលដ្ឋាន​ក្នុង​គម្រោង​ ៥ ​ឆ្នាំ​ (២០១៩-២០២៤) ក្នុង​ការចូលរួម​លើកកម្ពស់​សិទ្ធិកុមារ​ស្ដ្រី​វ័យក្មេង​ និង​យុវជន​ជិត​ ៣ ​ម៉ឺន​នាក់​លើ​កិច្ចការពារ​កុមារ សុខភាព​បន្ត​ពូជ និង​ការចូលរួម​របស់​កុមារ​នៅ​សហគមន៍​។


លោក យី គីមថាន នាយក​ស្តីទី​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ថ្លែង​ថា គម្រោង​នេះ​បើក​ដំណើរការ​ក្នុង​ខេត្ដ​ទាំង​ ២ ​ខាង​លើ​ក្នុង​នោះ មាន​ស្រុក​ចំនួន ៧ ឃុំ ២៥ និង​ភូមិ​ ១២៤ ​ហើយ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ស្ត្រី​វ័យក្មេង និង​យុវជន​ប្រមាណ ២៦ ០០០ នាក់​។

លោក​ថ្លែងថា ដើម្បី​សម្រេច​គោលដៅ​នៃ​គម្រោង​នេះ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​អនុវត្ត​គម្រោង​ដោយបាន​សហការ​ជាមួយ​អង្គការ​សមាគម​ដៃគូ​ចំនួន ៥ នៅ​មូលដ្ឋាន​ក្នុង​ខេត្ដ​ទាំង​ ២ ​ខាង​លើ​។

លោក​ គីមថាន ​ថ្លែង​ថា​៖ «​គោលដៅ​ចម្បង​របស់​គម្រោង​ជំនាន់​ថ្មី​នេះ គឺ​ពង្រឹងសមត្ថភាព​អង្គការសមាគម​ក្នុងស្រុក​នៅ​មូលដ្ឋាន ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​សិទ្ធិ​កុមារី និង​កុមារា យុវជន លើ​កិច្ចការពារ​កុមារ សុខភាព​បន្ត​ពូជ និង​ការចូលរួម​របស់​ពួកគេ​ (​កុមារ​)»​។


លោក​ថា​៖ «​តាមរយៈ​ការអនុវត្ដ​គម្រោង​នេះ យើង​ចង់ឃើញ​កុមារ និង​ស្ត្រី​វ័យក្មេង​អាច​ក្លាយ​ជា​ភ្នាក់ងារ ប្រកប​ដោយ​ភាពក្លាហាន​ក្នុង​ការកែប្រែ​វិសមភាព​យេនឌ័រ​នៅក្នុង​គ្រួសារ​សាលារៀន និង​សហគមន៍​របស់​ពួកគេ​»​។


លោក​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ ២,៧ លាន​អឺរ៉ូ (២,៩ ​លាន​ដុល្លារ​) ដែល​ថវិកា​នេះ គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​ស៊ុយអែត​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (SIDA)​។

កុមារី សុផាត់ អាយុ ១៧ ​ឆ្នាំ​ រស់ក្នុង​តំបន់​គោលដៅ​សម្រាប់​អនុវត្ដ​គម្រោង​ក្នុង​ខេត្ដ​រតនគិរី សម្ដែង​ក្ដី​សង្ឃឹម​ថា គម្រោង​នេះ​នឹង​អាចជួយ​ពួកគេ​ឲ្យ​រស់នៅ​ប្រកប​ដោយ​ភាពស្រស់ថ្លា ដោយ​មិន​មាន​ការរំលោភ​សិទ្ធិ និង​អំពើហិង្សា​។ «​ខ្ញុំ​ចង់ឃើញ​សិទ្ធិ​កុមារ​ត្រូវបាន​គោរព និង​លើកកម្ពស់​ហើយ​សំឡេង​របស់​កុមារ​ត្រូវបាន​គេ​យក​ទៅ​ពិចារណា និង​ដាក់បញ្ចូល​ក្នុង​សកម្មភាព​អភិវឌ្ឍ​នៅ​កម្រិត​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​ផងដែរ​»​។

អ្នកស្រី ផាត់ វី វ័យ​ ៤៨ ​ឆ្នាំ​ជា​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ នៅ​ឃុំ ប៉ាកាឡាន់ ស្រុក​វើនសៃ ខេត្ដ​រតនគិរី​ថ្លែង​ថា​តាមរយៈ​គម្រោង​នេះ​នឹង​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ​។ ​«​គម្រោង​នេះ​អាច​ចូលរួម​ចំណែក​កាត់បន្ថយ​ការរំលោភបំពាន​សិទ្ធិ​កុមារ​ និង​ធ្វើឱ្យ​កុមារី​ចេះ​ប្រើ​សិទ្ធិ​ក្នុង​ការចូលរួម​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការបង្ការ​ និង​ទប់ស្កាត់​ការរំលោភបំពាន​សិទ្ធិ​របស់​ពួកគេ​»៕