ភ្នំពេញៈ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ បានទៅប្រទេសជប៉ុន និងឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន ដោយអំពាវនាវឲ្យមានការជួយពីប្រទេសក្នុងតំបន់ទាំងពីរនេះ ខណៈកំពុងមានការបង្រ្កាបផ្នែកនយោបាយក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីការចាប់ខ្លួនប្រធាន អតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំមុន និងការរំលាយគណបក្សសង្គ្រោះជាតិទាំងបង្ខំ កាលពីខែវិច្ឆិកា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមានការដាក់សម្ពាធពីអន្តរជាតិ មកលើរដ្ឋាភិបាលកម្ពុជា។
ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកថវិកាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប្រទេសជប៉ុន នៅតែបន្តគាំទ្រហិរញ្ញវត្ថុ ហើយកាលពីដើមខែមេសា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងអំឡុងសន្និសីទកាសែតមួយ នៅក្លឹបអ្នកកាសែតបរទេស ក្នុងទីក្រុងតូយ្យូ កាលពីថ្ងៃទី ១២ ខែមេសា លោក សម រង្ស៊ី បានថ្លែងថា លោក ហ៊ុន សែន «បានសម្លាប់ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា» និងបានរារាំងចំពោះ «ការងារខិតខំប្រឹងប្រែង» របស់សហគមន៍អន្តរជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ជប៉ុន ក្នុងរយៈកាល ២៥ ឆ្នាំចុងក្រោយនេះ។
លោក សម រង្ស៊ី ហាក់បីដូចជាយកវិធីសាស្រ្តការទូត ដោយប្រកាសការដឹងគុណរបស់លោក ចំពោះជំនួយរបស់ប្រទេសជប៉ុន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការដោះមីន នៅតាមតំបន់ជនបទដែលពោរពេញដោយមីន និងថ្លែងថា ប្រទេសជប៉ុន មានឥទ្ធិពលលើកម្ពុជា ក្នុងការភ្ជាប់រដ្ឋាភិបាល ទៅរកប្រជាធិបតេយ្យ។
លោកបានថ្លែងថា៖ «យើងយល់អំពីជំហររបស់ជប៉ុន... ជប៉ុន ជាមហាអំណាចក្នុងតំបន់។ វាគឺនៅក្នុងតំបន់ វាគឺស្ថិតនៅក្នុងស្ថានភាពល្អ ក្នុងការដើរតួជាអ្នកសម្របសម្រួល ដើម្បីជួយបង្កើតឲ្យមានកិច្ចសន្ទនាឡើងវិញរវាងគណបក្សទាំងពីររបស់កម្ពុជា»។
ខណៈជប៉ុន បានលើកឡើងអំពីគំនិតនៃការជជែកគ្នា រវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង គំនិតនេះ ត្រូវបានច្រានចោលភ្លាមៗ ដោយគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរ អំពីលទ្ធភាព នៃការឈ្លោះគ្នាផ្ទៃក្នុង នៅក្នុងគណបក្សប្រជាជនកម្ពុជា និងបានអះអាងថា ប្រទេសវៀតណាម អាចនឹងគាំទ្រគូបក្សដិបក្ខរបស់លោក ហ៊ុន សែន ដើម្បីរារាំងកម្ពុជាពីការប្រកួតប្រជែង ការបែរទៅរកចិន ខណៈអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការអះអាងនេះថា «ព័ត៌មានក្លែងក្លាយ ព័ត៌មានប្លាស្ទិក»។
ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌូនេស៊ី ដែលបានបញ្ចប់កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ លោកស្រី សុខហួរ និងលោក សម រង្ស៊ី បានជួបជាមួយ លោក Fadli Zon អនុប្រធានសភាឥណ្ឌូនេស៊ី និងសមាជិកសភាដទៃៗទៀត។
លោកស្រីសុខហួរ បានថ្លែងថា៖ «យើងបានពិភាក្សាអំពីការជំរុញប្រជាធិបតេយ្យ និងកសាងប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសកម្ពុជា... ហើយពួកគេ បានសន្យាថា ពួកគេ នឹងយកបញ្ហានេះ និងសាររបស់យើង និងក្តីបារម្ភរបស់យើង ទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី តាមរយៈសភា»។
សារព័ត៌មានមួយ របស់ឥណ្ឌូនេស៊ី ក៏បានរាយការណ៍ផងដែរថា លោកស្រី មូរ សុខហួរ បានអះអាងថា ប្រទេសកម្ពុជា ខិតជិតនឹងការក្ស័យធន ដោយសារបំណុល ដែលជំពាក់ចិន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី។
បើតាមការវិភាគមួយ ដោយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីចុងឆ្នាំ ២០១៧ ប្រហែលពាក់កណ្តាលនៃបំណុលរបស់កម្ពុជា គឺជំពាក់ ចិន។ បំណុលសរុបរបស់កម្ពុជាចំនួន ៦,២ ពាន់លានដុល្លារ គឺប្រហែល ២៨ ភាគរយនៃ GDP របស់ប្រទេស។
លោក Miguel Chanco នៅ Economist Intelligence Unit ដែលជាស្ថាប័នស្រាវជ្រាវផ្នែកសេដ្ឋកិច្ច បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា លោក «នឹងមិនហ៊ាននិយាយថា [កម្ពុជា] ខិតជិតការក្ស័យធនទេ» ខណៈលោកបានទទួលស្គាល់អំពីការខ្វះខាតភាពច្បាស់លាស់ អំពីបំណុលរបស់កម្ពុជា។
លោកបានថ្លែងថា ធនាគារជាតិ មានទុនបម្រុងបរទេសគ្រប់គ្រាន់ ដើម្បីបន្តសងការប្រាក់ នៃបំណុលដោយមិនមានផលប៉ះពាល់។
នៅក្នុងសារមួយ កាលពីថ្ងៃទី ១៨ មេសា លោកស្រី សុខហួរ បានថ្លែងថា ការបោះឆ្នោត ដែលមិនមានអតីតគណបក្សសង្គ្រោះជាតិ «មិនគួរចាត់ទុកថា ជាការបោះឆ្នោតត្រឹមត្រូវពិតប្រាកដនោះទេ» និងបានជំរុញប្រទេសឥណ្ឌូនេស៊ី និងប្រទេសជប៉ុន ឲ្យពិនិត្យមើលបញ្ហាប្រជាធិបតេយ្យរបស់កម្ពុជាថា ជា «បញ្ហាសន្តិសុខ» ក្នុងតំបន់។
លោកស្រីប្រកាន់ខ្ជាប់នឹងការជឿជាក់របស់លោកស្រីថា ស្ថានភាពសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាគឺ« ងាយផុយស្រួយ» ដោយសារ «ការពឹងផ្អែកធ្ងន់ធ្ងរ»ទៅលើឧស្សាហកម្មវាយនភ័ណ្ឌ និង កម្ចីអន្តរជាតិ។
លោកស្រីបានថ្លែងថា៖ «ប្រសិនបើមិនមានប្រភពទាំងនេះទេ ប្រទេសកម្ពុជាអាចនឹងប្រឈមមុខនឹងភាពក្ស័យធន»។
ដោយហៅលោកស្រី សុខហួរ និងលោក រង្ស៊ី ថា «យាយ» និង«តា» លោក ឥសាន កាលពីថ្ងៃទី ១៨ ខែមេសា បានច្រានចោលការអះអាងរបស់ពួកគាត់ ថា ពួកគេ«រត់ទៅឱបដៃជើងបរទេស»៕ PS