អភិបាល​ខេត្ត​កោះកុង​ កំណត់​តំបន់​មួយចំនួន​ឱ្យ​អនុវត្ត​កាតព្វកិច្ច​ ពាក់ម៉ាស់​ និង​រក្សា​គម្លាត​សុវត្ថិភាព​ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ ១៩

Content image - Phnom Penh Post
អាជ្ញាធរចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យ វាស់កម្តៅប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន កាលពីថ្ងៃទី ១៧ ឧសភា។ រូបថត រដ្ឋបាលខេត្តកោះកុង

កោះកុង អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង បាន​ដាក់ឱ្យ​ប្រជា​ពលរដ្ឋ​នៅតាម​តំបន់​សំខាន់ៗ​មួយចំនួន​ត្រូវអនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ទីសា​ធារណៈ និង​ឯកជន​ដែល​មាន​មនុស្ស​ច្រើន។

សេចក្តីជូន​ដំណឹង​នៅ​ថ្ងៃទី ១៩ ខែឧសភា ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាព​នៅ​ទីសាធារណៈ និង​ឯកជន​ដែលមាន​មនុស្ស​ច្រើន​បានកំណត់​ពី​ទីសាធារណៈ និង​ឯកជន​ដែលមាន​មនុស្ស​ច្រើន​មួយចំនួន​ស្ថិតនៅ ក្នុង​ខេត្ត​កោះកុង ដូចជា ផ្សារ​រដ្ឋ និង​ឯកជន​ទាំងអស់ គ្រឹះស្ថាន​សិក្សា​សាធា​រណៈ និង​ឯកជន វត្ត​អារាម ព្រះវិហារ​ស៊ូ​វ៉ា​វ និង​ស្នាក់ការ​ថ្វាយ​បង្គំ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង ទីតាំង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ភោជនីយ​ដ្ឋាន អាហា​រដ្ឋា​ន និង​ហាង​កាហ្វេ (ការចេញចូល) និង​សណ្ឋា​គារ និង​ផ្ទះ​សំណាក់​។

លោក សុខ សុ​ទ្ធី អភិបាល​រង​ខេត្តកោះ​កុង បាន​ប្រាប់​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃទី ២០ ឧសភា​ថា ការអនុវត្ត​កាតព្វ​កិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នេះ បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៩ ខែឧសភា​មក ហើយ​ការអនុវត្ត​នេះ​ធ្វើ​រហូតដល់​មានការ​ជូន​ដំណឹង​ជាថ្មី។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «មកទល់​ពេលនេះ ខេត្តកោះកុង​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ក្នុង​សហគមន៍​ចំនួន​ ១៦ ​នាក់​ហើយ ហើយ​សម្រាប់​រដ្ឋបាលខេ​ត្ត ក្រៅពី​ការដាក់​ឱ្យ​អនុវត្ត​នូវ​វិធាន​ការពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព យើង​ក៏បាន​បន្ត​ការពង្រឹង​នៅតាម​ច្រកចូល​ខេត្ត​ផង​ដែរ ដោយ​ត្រូវ​ធ្វើការ​វាស់​កម្ដៅ និង​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ ១៩ ផងដែរ»។

លោក សុខ សុ​ទ្ធី បាន​បញ្ជាក់​ថា អាជ្ញាធរមិន​តម្រូវឱ្យ​មាន​ការដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូល​មកក្នុង​ខេត្ត​កោះកុង​ទេ ប៉ុន្តែ​ត្រូវធ្វើ​តេស្ត​រហ័ស​ចំពោះ​អ្នក​ដែល​ចូល​មកហើយ​បើ​រកឃើញនឹង​បញ្ជូនទៅ​សម្រាក​ព្យាបាល​ភ្លាមៗផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា កន្លង​មក​នេះ ក្រសួង​សុខាភិ​បាល​បានដាក់​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៦ផ្សេង​ទៀត ត្រូវ​អនុវត្ត​វិធានការ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​ការពារ​វីរុស​កូ​វីដ ១៩។ ក្នុងនោះ​មាន​ខេត្តកំពង់​ចាមខេត្តតា​កែវ ខេត្តកំពង់ស្ពឺ ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀម​រាម។

ជាមួយ​គ្នានេះដែរ ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ប៉ែន កុស​ល្យ បានសម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​គ្រប់គ្រង និង​ចាត់ចែង​សាក​សព ដែលមាន​ផ្ទុកមេរោ​គ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​បានឱ្យ​ដឹងថា ក្រុមការងារ​នេះ​ត្រូវ​រៀបចំ​យន្តការ​ចាក់​ស្តែង​អនុវត្ត​ការរក្សា​សុវត្ថិភាព​ក្នុងការ​គ្រប់​គ្រង​សព​អ្នកជំងឺ​កូ​វីដ ១៩ ឱ្យបាន​សមស្រប​តាម​បទដ្ឋាន​វេជ្ជសាស្ត្រ​និង​និយាម​ វប្បធម៌ ប្រពៃណី និង​សាសនា​ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ ១៩។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ២០​ ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែមទៀត​រហូតដល់​ ៤១៥​ នាក់ មាន​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៧៤៥ នាក់ និង​អ្នក​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​នេះ​ថ្មី​បន្ថែម​ទៀត​ចំនួន ៥ នាក់​។

ក្រសួង​សុខាភិបាល​បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មី​នេះ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ​ ចំនួន​ ៤១១ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៤ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប កើនឡើង​ដល់ ២៣ ៦៩៧ នាក់ ក្នុងនោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ​មាន​ចំនួន ១៥ ៧០០ នាក់ ឯ​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់​ ១៦៤​ នាក់​ផងដែរ​៕

ព័ត៌មានថ្មីៗ