ភ្នំពេញៈ លោក ជា សុមេធី អភិបាលខេត្ដ​ព្រៃវែង​បាន​អះអាង​ថា លោក​កំពុង​ជំរុញ​វិស័យ​កសិកម្ម​ និង​វិស័យ​រោងចក្រ​ក្នុង​ខេត្ដ​នេះ​បន្ថែម​ដើម្បី​បន្ថយ​ការធ្វើ​ចំណាកស្រុក ខណៈ​មាន​ពលរដ្ឋ​ ២២ ​ម៉ឺន​នាក់​ក្នុង​ចំណោម​ជាង​ ១ ​លាន​នាក់ ក្នុង​ខេត្ត​នេះ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ និង​ទៅ​ខេត្ត​ផ្សេង​ក្នុងប្រទេស​។


លោក​ ជា សុមេធី ថ្លែង​បែបនេះ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​ព្រៃវែង​» ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ពី​ម្សិលមិញ​។

លោក​បាន​ថ្លែងថា ខេត្ដ​ព្រៃ​វែង​មាន​សក្ដានុពល​ចម្បង​លើ​វិស័យ​កសិកម្ម​។ ​ក្នុងចំណោម​ពលរដ្ឋ ១ ២៤៥ ១២៧ ​នាក់​ គឺ​​មាន​ប្រមាណ ៧៨,៦ ​ភាគរយ​ជា​គ្រួសារ​កសិករ និង​ជា​ខេត្ដ​ជាប់​លេខ​ ១ ​លើ​វិស័យ​កសិកម្ម​សម្រាប់​ឆ្នាំ​ ២០១៩-២០២០ ​នៅ​ទូទាំង​ប្រទេស​។

លោក​ថា​៖ «​សព្វថ្ងៃ​រដ្ឋបាលខេត្ដ​ព្រៃវែង​បាន​រៀបចំ​ផែនការ​ ៣ ​ឆ្នាំ​រកិល​ (២០១៩-២០២១) ​ដើម្បី​ជំរុញ និង​លើក​ទឹកចិត្ដ​បងប្អូន​ប្រជាពលរដ្ឋ​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ចម្បង​ជាង​​គេ​ក្នុង​ការបង្កើត​ការដាំ​ដំណាំ​ដាំដុះ ចិញ្ចឹមសត្វ រួមមាន មាន់ ត្រី ទា ជ្រូក និង​គោ ជាដើម​។ អ្វីដែល​សំខាន់​ជាងគេ​នោះ​គឺ​យើង​ត្រូវខិតខំ​យ៉ាងណា​ដើម្បី​ស្វែងរក​ទីផ្សារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការលក់​ចេញ​នូវ​ផលិតផល​កសិកម្ម​ដែល​ផលិត​បាន​»​។


លោក​អភិបាល​បញ្ជាក់ថា​៖ «​នៅ​​ពេល​យើង​រក​ទីផ្សារ​បាន​ដល់​ការលក់​ចេញ​របស់​ពួកគាត់​ហើយ ខ្ញុំ​ជឿថា កំណើន​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុង​ខេត្ដ​នឹង​មាន​ការកើនឡើង​ច្រើនជាង​មុន​។


ពលរដ្ឋ​ខេត្ដ​ព្រៃវែង​គឺជា​មនុស្ស​ឧស្សាហ៍​ណាស់​ក្នុង​ការធ្វើ​ការងារ​កសិកម្ម​»​។

លោក ជា សុមេធី បាន​ឱ្យដឹង​​ថា លោក​កំពុង​កៀរគរ​វិនិយោគិន​ដើម្បី​មក​វិនិយោគ​ក្នុង​ខេត្ដ​ព្រៃវែង​។ ​វិស័យ​កសិកម្ម​ឈាន​ទៅ​មុខ​ហើយ ប៉ុន្ដែ​នៅឡើយ​តែ​វិស័យ​មួយ​ចំនួន​ទៀត​ដូចជា​វិស័យ​រោងចក្រ​ជាដើម​។

លោក​បាន​បន្តថា នៅពេល​មាន​ការវិនិយោគ​លើ​វិស័យ​រោងចក្រ​នឹង​កាត់បន្ថយ​ការធ្វើ​ចំណាក​ស្រុក​។ លោក​អភិបាល​អះអាង​ថា​៖ «​ជាក់ស្ដែង​នៅក្នុង​ខេត្ដ​ព្រៃវែង​យើង​គឺ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​រហូត​ដល់​ ២២ ​ម៉ឺន​នាក់​ក្នុង​នោះ​ការធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​មាន​ ១៧ ​ម៉ឺន​នាក់ និង​ទៅ​ក្រៅប្រទេស​មាន​ជាង​ ៥ ​ម៉ឺន​នាក់​»​។

លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​វិនិយោគិន​ឱ្យ​មក​វិនិយោគ​នៅ​ខេត្ដ​ព្រៃវែង ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅ​ខេត្ដ​ផ្សេង​ក៏ដូចជា​ទៅ​ក្រៅ​ប្រទេស​។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ព្រៃវែង​បាន​ថ្លែងថា តាម​ការផ្សព្វផ្សាយ​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​នេះ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​ ២០១៩-២០២០ ខេត្ដ​ព្រៃវែង​ផលិត​ស្បៀង​បាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ ២៥ ​រាជធានី ខេត្ដ​។

លោក​ថា​៖ «​ខេត្ដ​ព្រៃវែង​ត្រូវ​បាន​ចាត់ទុក​ជា​ខេត្ដ​លេខ​ ១ ​ក្នុង​ការផលិត​ស្បៀង​។ ​ខេត្ដ​ព្រៃវែង​ប្រៀប​ដូច​កូនក្រមុំ​លាក់​មុខ​ដែល​យើង​មិន​ធ្លាប់​ចាប់អារម្មណ៍​ថា មាន​សក្តានុពល​គ្រប់យ៉ាង​នោះទេ​។ ​ប៉ុន្ដែ​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​កសិកម្ម​ក្នុង​ខេត្ដ​មាន​ការកើនឡើង ជាពិសេស​គឺ​ដំណាំ​ស្រូវ​តែម្ដង​។ ក្នុង​ឆ្នាំ​ ២០១៩ ​និង​ឆ្នាំ​ ២០២០ យើង​ផលិត​ស្រូវ​បាន​ជាង ១ ៣០០ ០០០ តោន​ក្នុង​ ១ ​ឆ្នាំ​រួម​នឹង​ដំណាំ​កសិផល​ជាច្រើន​ទៀត​»៕