បាត់ដំបង៖ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​សម្រេច​បន្ត​បិទ​ផ្នែក​ខាង​ក្នុង​ផ្សារ (តួផ្សារ) នៃ​ផ្សារ​ចំនួន ៨ ក្នុង​ក្រុង​បាត់ដំបង និង​ផ្សារ​ក្នុង​ស្រុក​ថ្មគោល ២ កន្លែង​ទៀត​ជា​បណ្ដោះ​អាសន្ន​រយៈពេល ៨ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃ ២៨ មេសា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​សហគមន៍។


សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ងួន រតនៈ ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ ស្តីពី​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ត្រូវ​បន្ត​បិទ​ផ្សារ​រហូត​ដល់​ថ្ងៃទី ២៨ មេសា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង។

លោក ងួន រតនៈ បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​សម្រេច​នេះ​ថា ផ្សារ​ចំនួន ៨ នៅ​ក្រុង​បាត់ដំបង និង​ផ្សារ​ចំនួន ២ ទៀត នៅ​ស្រុក​ថ្មគោល ដែល​ត្រូវ​បន្ត​បិទ​រួម​មាន ផ្សារ​ធំ​បាត់ដំបង (ផ្សារ​ណាត់) ផ្សារ​បឹងឈូក ផ្សារ ១៣មករា ផ្សារ​អប្សរា (ផ្សារ​លើ) ផ្សារ​រោងល្ខោន ផ្សារ​វត្តលៀប ផ្សារ​ពោធិ៍វង្ស និងទី​៨ គឺ​ផ្សារ​ទំនើប​ភូពុយ។ ដោយ​ឡែក​ផ្សារ​នៅ​ស្រុក​ថ្មគោ​ ចំនួន ២ រួម​មាន​ផ្សារ​ថ្មគោល និង​ផ្សារជ្រៃ​ក្នុង​ស្រុក​ថ្មគោល​ក៏​ត្រូវ​បិទ​ដែរ។

យ៉ាង​ណា​ក្ដី រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា ផ្សារ​ទាំង ១០ នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ផ្នែក​ខ្លះ​នៃ​បរិវេណ​ខាង​ក្រៅ​ផ្សារ​ដូចជា បន្លែ ត្រី សាច់ គ្រឿង​ឧបភោគ បរិភោគ ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ ដោយ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ការ​រក្សា​គម្លាត​សង្គម គម្លាត​បុគ្គល (ចាប់​ពី ១,៥ ម៉ែត្រ​ឡើង​ទៅ) ការ​ពាក់ម៉ាស់ និង​លាង​ដៃ។


ក្រៅ​ពី​ការ​បិទ​ផ្សារ​មួយរយៈ រដ្ឋបាល​ខេត្ត​បាត់ដំបង​ក៏​បន្ត​ដាក់​ចេញ​វិធានការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​រហូត​ដល់​ថ្ងៃទី ២៨ មេសា ដូច​គ្នា។


សេចក្តី​សម្រេច​បាន​ឱ្យ​ដឹង​ថា0 ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​ភោជនីយដ្ឋាន អាហារដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​កន្លែង​លក់​អាហារ​ដទៃ​ទៀត ដែល​ទទួល​អតិថិជន​ចូល​មក​ទទួល​ទាន​អាហារ ភេសជ្ជៈ ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំង​នោះ​អាច​លក់​ជា​លក្ខណៈ​វេចខ្ចប់​បាន។

ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ប្រមូល​ផ្តុំ ឬ​ការ​ជួបជុំ​គ្នា​ទទួល​ទាន​អាហារ ភេសជ្ជៈ ឬ​ទទួល​ទាន គ្រឿង​ស្រវឹង និង​ការ​លេងល្បែង​កម្សាន្ត និង​កីឡា​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ លើកលែង​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ដែល​រស់នៅ​ក្នុងលំនៅឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា។

សេចក្តីសម្រេចបានបញ្ជាក់ថា៖ «បន្តបិទរមណីយដ្ឋានទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និង រឹតបន្តឹងការធ្វើដំណើរចំពោះការដឹកជញ្ជូនមនុស្សដែលមានចំនួនច្រើន ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕