ភ្នំពេញៈ អាជីវករ​ដែល​លក់​នៅ​តាម​ចិញ្ចើមផ្លូវ​នៅ​ផ្សារ​សេនជូរីផ្លាហ្សា កាលពី​ម្សិលមិញ​បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី បន្ទាប់ពី​ពួកគេ​បាន​ប្រមូល​ស្នាម​មេដៃ​ដាក់ជូន​អាជ្ញាធរ​ខណ្ឌ ដើម្បី​ស្វែងរក​កិច្ចអន្តរាគមន៍​ឲ្យ​មាន​ដំណោះស្រាយ ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា​ពួកគេ​លក់​អនាធិបតេយ្យ និង​មិនមាន​តូប​ត្រឹមត្រូវ ដូច្នេះ​គ្មាន​គោលការណ៍​ក្នុង​ការដោះស្រាយ​ជូន​នោះ​ទេ​។


លោក សុខ វណ្ណៈ អាជីវករ​ផ្សារ​ម្នាក់​ឲ្យ​ដឹងថា ក្រោយ​ការប្រមូល​ស្នាម​មេដៃ​ពី​ក្រុមអាជីវករ​ប្រមាណ​ជាង ៣០០ នាក់​ក្រុមអាជីវករ​ក៏​បាន​យក​លិខិត​ទៅ​ដាក់​ជូន​អភិបាលខណ្ឌ​មុន​នឹង​ឈាន​ទៅ​ដាក់​លិខិត​នេះ​ជា​ផ្លូវការ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​ឲ្យ​ជួយ​អន្តរាគមន៍​។

លោក​បន្ត​ថា​នៅ​ពេល​ដាក់​លិខិត ក្រុម​អាជីវករ​ក៏​បាន​ជួបពិភាក្សា​ជាមួយ​អភិបាលខណ្ឌរង​ម្នាក់​ដោយ​ក្នុង​ការពិភាក្សា​នោះ​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុម​អាជីវករ​បញ្ជាក់​លេខ​តូប និង​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ក្នុង​នោះ​ក៏​បាន​អះអាង​ថា​តាម​គោលការណ៍​គឺ​ការដោះស្រាយ​ធ្វើ​ឡើង​ចំពោះតែ​អាជីវករ​ដែល​មាន​តូប​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ចំពោះ​សំណើ​ក្នុង​ការទាមទារ​កុំ​ឲ្យ​មាន​ការរុះរើ​ផ្សារ​ក៏​អាជ្ញាធរ​មិន​ទទួល​យក​ដែរ​។ «​ឲ្យ​ពួក​ខ្ញុំ​កត់​លេខ​តូប​លេខ​អី ឲ្យ​បាន​ច្បាស់លាស់ ក៏​ប៉ុន្តែ​ពួក​ខ្ញុំ​លក់​នៅ​តាម​ចិញ្ចើមផ្លូវ​នេះ​មាន​លេខ​តូប​ច្បាស់លាស់​មកពី​ណា​? ដោយសារ​តែ​បែប​នេះ​ទើប​អ្នក​លក់​នៅ​ខាង​ក្រៅ​ផ្សារ​ផ្ទុះ​ការតវ៉ា​ដោយសារ​តែ​ថា ពួកយើង​លក់​អនាធិបតេយ្យ ហើយ​អត់​មាន​តូប អត់​មាន​ដំណោះស្រាយ​»​។

អាជីវករ​ផ្សារ​សេនជូរី ម្នាក់​ទៀត​អ្នកស្រី ម៉ាក់ អាម៉ី និយាយ​ថា​ក្រុម​អាជីវករ​ទាំងអស់ ធ្វើការ​តវ៉ា​នៅពេល​នេះ​ក៏​ព្រោះ​តែ​មិន​ចង់​ឲ្យ​មាន​ការអភិវឌ្ឍ​ផ្សារ​នេះ​ទៅ​ជា​ផ្សារ​ទំនើប​។ អ្នកស្រី​បន្ត​ថា​អាជីវករ​ផ្សារ​ភាគច្រើន​សុទ្ធតែ​ក្រីក្រ ហើយ​បើ​ផ្សារ​នេះ​អភិវឌ្ឍ​ក្លាយ​ជា​ផ្សារ​ទំនើប តើ​អាជីវករ​មាន​លទ្ធភាព​ឯណា ដើម្បី​បន្ត​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ផ្សារ​។

ផ្សារ​សេនជូរីផ្លាហ្សា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​កាកាប​ ១ ខណ្ឌ​ពោធិ៍សែនជ័យ នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​ផ្សារ​ទំនើប​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ​។


លោក នួន ផារត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​សន្និសីទកាសែត​ពី​ម្សិលមិញ​ថា​លោក​នឹង​លើក​យក​សំណើ​ទាំងនេះ​ទៅ​ថ្នាក់លើ​ដើម្បី​ពិចារណា និង​សម្រេច ខណៈ​លោក​នៅតែ​អះអាង​ថា​ក្រុម​អាជីវករ​ភាគច្រើន​ដែល​លក់​នៅតាម​ចិញ្ចើមផ្លូវ​សុទ្ធ​តែ​លក់​ខុសច្បាប់​ដែល​ធ្វើឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​៕