បន្ទាយមានជ័យៈ អាជ្ញាធរសង្កាត់អូរអំបិលក្រុងសិរីសោភ័ណមិនអនុញ្ញាតឲ្យពលរដ្ឋរៀបចំពិធីឧទ្ទិសកុសលរំឭកខួប ៣ ឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នោះឡើយ បើសិនមិនបានសុំច្បាប់ត្រឹមត្រូវ។ តែពលរដ្ឋថា ការហាមនេះជាការរំលោភលើសិទ្ធិផ្នែកវប្បធម៌។
មនុស្សចំនួន ២២ នាក់ បានផ្ដើមគំនិត រៀបចំបុណ្យរំឭកខួប ៣ ឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងព្រឹក នៅកណ្តាលទីក្រុងភ្នំពេញ ដែលមានមនុស្សច្រើនកុះករ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦។
ពិធីនេះគ្រោងធ្វើឡើងនៅផ្ទះលោក សួន សៀប ក្នុងភូមិព្រហូត សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ប៉ុន្តែគម្រោងនេះ ត្រូវបានរំសាយពីទីតាំងខាងលើ ដោយអាជ្ញាធរបានប្រាប់ពួកគេថា ពួកគេមិនបានសុំច្បាប់តាមនីតិវិធីជាមុន។
លោក សួន សៀប ដែលជាម្ចាស់គេហដ្ឋាន និងជាអ្នកផ្ដើមបុណ្យម្នាក់ថ្លែងថា លោកបានទៅជួបចៅសង្កាត់អូរអំបិល លោក ធូ ណាគ្រី តាមការអញ្ជើញ កាលពីព្រឹកម្សិលមិញ ហើយលោក ណាគ្រី បានប្រាប់លោកថា អាជ្ញាធរឃុំ ឲ្យលោកសុំច្បាប់រៀបចំពិធីរំឭកនេះ។
លោកនិយាយថា៖ «ខ្ញុំបានទៅជួបគាត់ហើយ គាត់ឲ្យសុំច្បាប់ បើយើងមិនធ្វើច្បាប់ទេ មិនអាចធ្វើនៅផ្ទះយើងនៅអូរអំបិលបានទេ។ ច្បាប់ធ្វើត្រឹមឃុំនេះ។ តែកម្មវិធីមកដល់ថ្ងៃស្អែក (ថ្ងៃនេះ) ដូច្នេះយើងធ្វើច្បាប់អត់ទាន់ទេ។ យើងបានជូនដំណឹងពីម្សិល (ថ្ងៃចន្ទ) តែព្រឹកមិញគេហៅយើងឲ្យធ្វើច្បាប់វិញ»។
លោក សួន សៀប បន្តថា លោកមិនសុំច្បាប់ទេ ដោយលោកបានគិតទុកមុនថា អាជ្ញាធរនឹងមិនអនុញ្ញាត។ លោកថា លោកបានជូនពាក្យទៅអ្នករៀបចំពិធីបុណ្យនេះរួចហើយពីការរំសាយកម្មវិធី ព្រោះមិនមានកន្លែង។
លោកបន្ថែមថា លោកមិនបានសុំច្បាប់ទេ ព្រោះពិធីដែលគ្រោងនឹងធ្វើនេះ គឺជាការរៀបចំសូត្រមន្តបន្តិចបន្តួចដោយគ្មានការបំពងសំឡេង។ លោកបន្តថា លោកមិនប្រឆាំងនឹងអាជ្ញាធរទេ សុខចិត្តរំសាយកម្មវិធីនេះ។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងសុំការបញ្ជាក់ ពីចៅសង្កាត់អូរអំបិលបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ថ្លែងថាលោកមិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យនេះទេ ដោយសារតែអ្នករៀបចំកម្មវិធី មិនបានស្នើសុំតាមច្បាប់ ប៉ុន្តែបែរជាទៅជូនដំណឹងដល់អាជ្ញាធរទៅវិញ។
លោកថ្លែងថា៖ «ក្នុងនាមគាត់ជាប្រជាពលរដ្ឋម្នាក់ គាត់បែរជាប្រើលិខិត «សេចក្ដីជូនដំណឹង» ធ្វើជាលក្ខណៈសុំច្បាប់ អ៊ីចឹងគាត់ (ឃុំ) ហៅមកសួរនាំលើរឿងនេះ។ សេចក្តីជូនដំណឹង ជានីតិវិធីសម្រាប់តែអាជ្ញាធរទេ គឺជូនដំណឹងទៅប្រជាពលរដ្ឋដែលជាអ្នកក្រោម»។
លោកថា៖ «អាជ្ញាធរ អត់មានហាមឃាត់ទេក្នុងនាមប្រជាពលរដ្ឋម្នាក់ ប៉ុន្តែគ្រាន់តែស្នើសុំឲ្យគាត់ដាក់ពាក្យសុំច្បាប់តាមនីតិវិធីមកមិនមែនសេចក្តីជូនដំណឹងមកអាជ្ញាធរទេ។ ទី២ អត់ឲ្យធ្វើអី ឬថ្លែងសារពាក់ព័ន្ធនយោបាយទេ ព្រោះការងារនេះ ធ្វើឡើងក្នុងនាមប្រជាពលរដ្ឋម្នាក់»។
ប៉ុន្តែការស្នើឲ្យសុំច្បាប់នេះត្រូវបានលោក ឌិន ពុទ្ធិ ដែលជាអ្នកផ្ដើមពិធីបុណ្យម្នាក់ យល់ឃើញថា ជាការរឹត ត្បិតសិទ្ធិផ្នែកវប្បធម៌របស់មនុស្ស។
លោកថា៖ «តាមពិតនេះជាការបិទសិទ្ធិសេរីភាព សូម្បីតែធ្វើបុណ្យមិនបានចប់ហើយ។ តាមទម្លាប់មិនដែលមានអ្នកណាទៅសុំច្បាប់ធ្វើបុណ្យធ្វើទាន ព្រោះវាជាទំនៀមទម្លាប់ប្រពៃណីទៅហើយ។ បើធ្វើបុណ្យគ្រប់គ្នាយើងសុំច្បាប់គ្រប់គ្នាអ៊ីចឹងវាចូលលក្ខណ:ប្រទេសមួយមិនប្រជាធិបតេយ្យ បើឲ្យសុំច្បាប់គ្រប់សព្វបែបយ៉ាង»។
លោក ស៊ុំ ចាន់គា មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យបានថ្លែងថា វាជារឿងចម្លែកដែលអាជ្ញាធរមិនឲ្យមានការជួបជុំគ្នាធ្វើបុណ្យបែបនេះក្នុងរបបប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «នៅក្នុងកម្មវិធី មិនឃើញមានសារនយោបាយអីទេ។ យើងគិតថា មិនគួរណារឹតត្បិត។ ការធ្វើអ៊ីចឹង គឺជាការប្រឆាំងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិទាក់ទងនឹងសេរីភាពនៃការធ្វើបុណ្យ (វាជា)ការប្រឆាំង»។
លោកបន្តថា៖«បើសិនជាចលនាអបគមន៍ដើម្បីវាយ បង្កើតក្រុមភេរវកម្ម ធ្វើឲ្យផ្ទុះគ្រាប់បែកអាហ្នឹងបានគួរឲ្យភ័យ»៕