ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នៃ​ក្រសួង​ការពារ​ជាតិ និង​សហភាព​អឺរ៉ុប (EU) បាន​សហការ​គ្នា​រៀបចំ​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ ស្ដីពី​ការគ្រប់គ្រង​សារធាតុ​គីមី និង​កាកសំណល់​ពាក់ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ (SEAC-HEM) ​ដល់​សិក្ខាកាម​ប្រហែល ២០០ ​នាក់​។


ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​បាន​ចុះផ្សាយ​ថា​កាលពី​ថ្ងៃ​ចន្ទ លោក ផន ណារ៉ា អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និង​វិទ្យុសកម្ម​បាន​តំណាងឱ្យ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចូលរួម​ប្រកាស​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ដែលមាន​រយៈពេល​ ១២ ​ថ្ងៃ​គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ដល់​ថ្ងៃទី​ ២៩ ​ខែ​វិច្ឆិកា​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​រក​ប្រភព​ទាក់ទង​លោក​ ផន ណារ៉ា ដើម្បី​សុំ​អធិប្បាយ​បានទេ​ ខណៈ​លោក ប៉ែន ប៉ុណ្ណារី អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថ្លែងថា មិនបាន​ចូលរួម​ការប្រកាស​បើក​សិក្ខាសាលា​នេះ​ដោយសារ​លោក​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​។ ចំណែក លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានឡើយ​ដោយ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នកទទួល​។

ប៉ុន្តែ​សារព័ត៌មាន ហ្វ្រេសញូវ​បាន​ចុះផ្សាយ​ថា លោក ផន ណារ៉ា និង​លោក Andrew Proud Love ប្រធាន​ក្រុម​គម្រោង​លេខ​ ៦១ ​នៃ​សហភាព​អឺរ៉ុប​គឺ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​សិក្ខាសាលា​នេះ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ២០៥ ​នាក់​មកពី​ក្រសួង​ស្ថាប័ន​ចំនួន​ ២​។


អ្នកជំនាញ​មកពី​ក្រសួង​សុខភាព​សាធារណៈ​អង់គ្លេស វិទ្យាស្ថាន​សន្ដិសុខ​អន្តរជាតិ​ និង​ការគ្រប់គ្រង​ការសង្គ្រោះ​បន្ទាន់​នៃ​សាធារណរដ្ឋ​ស្លូវ៉ាគី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អឺរ៉ុប និង​អង្គការ​ដំណោះស្រាយ​យុត្តិធម៌​នៃ​បទឧក្រិដ្ឋ​ប្រកប​ដោយ​ចីរភាព​នឹង​បណ្ដុះបណ្ដាល​លើ​ប្រធានបទ ការត្រៀមខ្លួន ការឆ្លើយតប និង​ការស្ដារ​ឡើងវិញ​នៃ​ឧប្បត្តិហេតុ​សារធាតុ​អាវុធ​គីមី​។


សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ «​ទី​១ ​ផ្ដល់​ចំណេះដឹង និង​បង្កើន​សមត្ថភាព​លើ​ជំនាញ ការត្រៀម​រៀបចំ​ការឆ្លើយតប​ និង​ការស្ដារ​ឡើងវិញ​នៃ​ឧប្បត្តិហេតុ​សារធាតុ​អាវុធ​គីមី​។ ទី២ ការបង្កើន​ការយល់ដឹង និង​សមត្ថភាព​នៃ​ការគ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ឧប្បត្តិហេតុ ភេរវកម្ម និង​បទឧក្រិដ្ឋ​នៃ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ​។ ទី​៣ ការចេះ​ប្រើប្រាស់​ឧបករណ៍​រាវរក និង​ពិសោធ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​»​។

ចំណែក​ចំណុច​ទី​៤ ​គឺ​ការបោសសម្អាត និង​លាង​សម្អាត​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ​។ ទី​៥ វិធី​ជ្រើសរើស​សំណាក ការកំណត់​អត្តសញ្ញាណ និង​ការគ្រប់គ្រង​ហានិភ័យ​នៃ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ និង​ទី៦ ការដឹកជញ្ជូន ការថែរក្សា ការពារ​ដោយ​សុវត្ថិភាព​នៃ​សារធាតុគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​នៅក្នុង​ឃ្លាំង​។

សារព័ត៌មាន ហ្វ្រេសញូវ​បាន​ស្រង់​សម្ដី​លោក ផន ណារ៉ា ថា សិក្ខាសាលា​ថ្នាក់ជាតិ​ដែល​ត្រូវ​ចែកចេញ​ជា​ ៥ ​វគ្គ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត​ដោយសារ​មាន​គ្រូឧទ្ទេសនាម និង​អ្នកជំនាញ​ពី​អឺរ៉ុប​មក​បណ្ដុះបណ្ដាល​ផ្ទាល់​ ខណៈ​លោក​បាន​អះអាង​ថា​ការគំរាមកំហែង ដោយសារ​អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ វិទ្យុសកម្ម និង​សារធាតុគីមី​ពុល​ជាដើម គឺ​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ពិបាក​ក្នុង​គ្រប់គ្រង និង​ដោះស្រាយ​នៅ​ឡើយ​៕