សៀមរាបៈ ​ក្រុមការងារ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​បន្ត​រៀបចំ និង​ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធ​ទុយោ​បាញ់​ទឹក កម្រាល​ឈើ​តាមផ្លូវ​ដើរ និង​ការជួសជុល​ប្រាង្គប្រាសាទ​នានា​ក្នុង​បរិវេណ​តំបន់​អង្គរ ដើម្បី​ធ្វើឱ្យ​ទី​រមណីយដ្ឋាន​ដ៏ល្បីល្បាញ​មួយ​នេះ​រឹតតែ​មាន​ភាពទាក់ទាញ​ដល់​ភ្ញៀវទេសចរ​បន្ថែមទៀត​។


លោក ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មាន​កិច្ចការងារ​ជាច្រើន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ​បន្តធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​នោះ​មាន​ការងារ​លើកកម្ពស់​សោភណភាព​ប្រាង្គប្រាសាទ និង​បរិវេណ​ជុំវិញ​ប្រាសាទ​ការងារ​ផ្នែក​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រមណីយដ្ឋាន​តាម​ប្រាង្គ​ប្រាសាទ​មាន​ភាពបៃតង ការរៀបចំ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ជាដើម​។

លោក​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេលនេះ​យើង​កំពុង​សម្រុក​ធ្វើ​កិច្ចការងារ​ជាច្រើន​នៅ​តំបន់​អង្គរ​នេះ​។ យើង​ក៏​កំពុង​រៀបចំ​កែលម្អ​ប្រព័ន្ធ​រំដោះ​ទឹក​នៅមុខ​ប្រាសាទ​អង្គរ ដាំ​កូនឈើ ដាំស្មៅ និង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នៅក្នុង​ប្រាសាទ ដើម្បី​ឱ្យមាន​ភាព​បៃតង​ទាំង​ខែប្រាំង និង​ខែវស្សា ជាដើម​»​។

លោក កុសល បានឱ្យ​ដឹងថា​បច្ចុប្បន្ន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន​កន្លែង និង​ច្រើន​គីឡូម៉ែត្រ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​បានរៀបចំ​ជួសជុល​រួចរាល់ ក្នុង​នោះ​ក៏មាន​ការរៀបចំ​ផ្លូវ​សម្រាប់​ភ្ញៀវទេសចរ​ជិះ​កង់​ផងដែរ​។ ចំណែក​ការងារ​ជួសជុល​ប្រាសាទ បច្ចុប្បន្ន​ក្រុមការងារ​កំពុង​បន្ត​ជួសជុល​ប្រាង្គប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់ និង​ទើបតែ​បានបញ្ចប់​ការជួសជុល​នៅ​ប្រាសាទ​អកយំ និង​កំពុង​បន្ត​ស្តារ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទ​អង្គរវត្ដ​ផងដែរ​។


លោក​បញ្ជាក់ថា​៖ «​តាម​ផ្នែក​រៀងៗ​ខ្លួន​គឺ​យើង​កំពុងតែ​យកពេល​នេះ​មមាញឹក​ក្នុង​ការជួសជុល​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​បរិវេណ​តំបន់​អង្គរ​។ យើង​ឃើញថា បច្ចុប្បន្ននេះ​បើទោះបី​ជា​មាន​បញ្ហា​ជា​ករណី​ប្រឈម ក៏ប៉ុន្ដែ​យើង​ក៏​ប្រែក្លាយ​វា​ទៅ​ជា​ឱកាស​ក្នុង​ការរៀបចំ​កិច្ចការងារ​ឱ្យ​បាន​ល្អប្រសើរ នៅពេលដែល​បញ្ហា​ជំងឺ​កូវីដ​១៩​ថមថយ​ទៅវិញ យើង​នឹង​មាន​លទ្ធភាព​ក្នុងការរៀបចំ​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​នេះ​ឱ្យ​បាន​ល្អប្រសើរ​តែម្ដង​»​។


ក្រុមការងារ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​កំពុង​រៀបចំ​កម្រាល​ឈើ​ថ្មើរជើង​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​។

លោក កុសល ឱ្យដឹងថា ការរៀបចំ​ជួសជុល​កម្រាល​ឈើ​ថ្មើរជើង​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ជួសជុល​ដោយ​អនុវត្ត​ជាប្រចាំ ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ និង​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការធ្វើដំណើរ​ទស្សនា​ប្រាសាទ​។

បើតាម​របាយការណ៍​របស់​អាជ្ញាធរ​អប្សរា​ក្នុង​រយៈពេល​ ៣ ​ខែ ដើម​ឆ្នាំ​ ២០២០ អាជ្ញាធរជាតិ​អប្សរា​បាន​ចូលរួម​សង់​បង្គន់​អនាម័យ​ជូន​ពលរដ្ឋ​បាន​ចំនួន ៧០ ​បង្គន់​ផងដែរ ដើម្បី​គិតគូរ​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ របាយការណ៍​នេះ​បញ្ជាក់ថា តាំងពី​ឆ្នាំ​ ២០១៨ រហូតមកដល់​បច្ចុប្បន្ន អាជ្ញាធរជាតិ​អប្សរា​បាន​ចូលរួម​ថវិកាបដិភាគ​ដើម្បី​សង់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១២០០ ​បង្គន់​រួចហើយ​។

លោក កែវ វណ្ណថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកទេសចរ​ចូល-ចេញ​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២០ ដល់ ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២០ ​មាន​ចំនួន​ ៩១០៤២០ ​នាក់​។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឱ្យ​ទេសចរ​បរទេស​ដែល​បាន​មកដល់​កម្ពុជា​ក្រោយ​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ ដែលជា​អ្នក​កាន់​ទិដ្ឋាការ​ទេសចរណ៍ (Visa T) អាច​បន្ត​ស្នាក់នៅ​តទៅទៀត​បាន​រហូត​ដល់​អាចមាន​លទ្ធភាព​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បាន ដោយ​មិន​មាន​ការផាកពិន័យ​ឡើយ ខណៈ​ដែល​ជើងហោះហើរ​ទៅកាន់​បណ្តា​ប្រទេស​ជាច្រើន​ត្រូវ​បាន​បិទ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី​ ៣ ខែ​មេសា ឆ្នាំ​ ២០២០៕