ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដាក់​ឱសាន​វាទ ១០ ថ្ងៃ​ឲ្យ​ម្ចាស់​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​អស់ នៅ​ក្នុង​បឹង​សំរោង​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឲ្យ​រុះ​រើ​ចេញ​ជា​កំហិត ដោយ​ហេតុ​ផល​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​និង​រក្សា​មុខងារ​បឹង​ជា​អាង​ស្តុក​ទឹក សម្រាប់​ការ​រំដោះ​ទឹក​ជន់​លិច តែ​ម្ចាស់​ចិញ្ចឹម​ត្រី ថា​ឱសាន​វាទ​នេះ ដូច​សម្លាប់​ពួក​ខ្លួន​ព្រោះ​លឿន​ពេក។


សេចក្តីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ថ្ងៃទី ១៤ មករា លើក​ឡើង​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោងទំហំ ៣៣៦ ហិកតា ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ថែរក្សា​មុខងារ​បឹង​ជា​អាង​ស្តុក​ទឹក ដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច ១ ភាគពី​ក្នុង​រាជធានី​ភ្នំពេញ និង ១ ភាគពី​បណ្តា​ខេត្ត​នានា​នោះ​ខ្លួន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ស្តារ​បឹង​នេះ​ឡើង​វិញ។

លិខិត​នេះ​បញ្ជាក់ថា៖ «ដោយ​កន្លងមក បឹង​នេះ​ត្រូវបាន​រង​នូវ​ការទន្ទ្រាន​កាន់​កាប់ ការ​សាង​សង់​ទំនប់​លើ​ផ្ទៃ​បឹង ធ្វើ​ឲ្យ​ផ្ទៃ​បឹង​គោក​រាក់ និង​រួម​តូច​ទៅៗ លែង​បំពេញ​មុខងារ​របស់​ខ្លួន​ត​ទៅ​ទៀត​បាន រដ្ឋបាល​ខណ្ឌ​សង្ឃឹម​ជឿជាក់​ថា លោក លោកស្រី​នឹង​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការ​ស្តារ​បឹង​សំរោង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

លោក​ ហួត លាភ​ពិសិដ្ឋ អភិបាល​ស្តីទី​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​ការ​ស្តារ​បឹង​សំរោង​ឡើង​វិញ​ដំណើរការ​ទៅ​ដោយ​រលូន រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ តម្រូវ​ឲ្យ​លោក លោក​ស្រី​ដែល​ជា​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​អស់​ត្រូវ​រុះ​រើ​ចេញ​ក្នុង​រយៈពេល ១០ ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​ជា​កំហិត។ ក្នុង​ករណី​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ឡើយ។


លោក​បញ្ជាក់ថា៖ «ចំពោះ​ម្ចាស់​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​ដែលមាន​ត្រី​ធំ ត្រូវ​លក់​ឲ្យ​ហើយ ចំណែក​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ដែល​មាន​ត្រី​តូចៗ ត្រូវ​ទំនាក់​ទំនង​មក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ស្នើសុំ​ដោះស្រាយ​គោល​នយោបាយ​នៃ​ផល​ប៉ះពាល់​នេះ»។


តាម​អនុក្រឹត្យ​លេខ៦៥ ចុះ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ បានកំណត់​ផ្ទៃ​បឹង​សំរោង ដែល​ពី​មុន​ស្ថិត​ក្នុង​ឃុំ​សំរោង ស្រុក​ពញាឮ ខេត្ត​កណ្តាល ក្រោយ​មក​ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​វិញ​នៅ​ឆ្នាំ ២០១៤ ថា​ទុកជា​សម្បត្តិ​សាធា​រណៈ​របស់​រដ្ឋ។

លោក ម៉ិច សារី ម្ចាស់​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី ដែល​បានមក​អាស្រ័យ​ផល​លើ​បឹង​នេះ ជាង ១ ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ដាក់​ឱ​សាន​វាទ​នេះ ដូចជា​សម្លាប់​លោក ព្រោះ​ខ្លួន​មិន​អាច​រុះរើ​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​ដែល​ខ្លួន​អាស្រ័យ​ផល​ជាង ២ ម៉ឺន​ការ៉េ​នេះ​ឲ្យ​ទាន់​ពេល​វេលា​តាម​ការ​កំណត់​នោះ​ទេ។ លោក​បន្ត​ថា ចំណែក​ត្រី​ដែល​ខ្លួន​ចិញ្ចឹម​ប្រមាណ ១៥ ម៉ឺន​កូន ក៏​នៅ​តូចៗ​នៅ​ឡើយ ដែល​មិន​អាច​យក​ទៅ​ធ្វើ​អ្វី​បាន​ទេ​ក្នុង​ពេល​នេះ ហើយ​វា​នឹង​ធ្វើ​ឲ្យ​លោក​ខាតបង់​ដ៏​ច្រើន។

លោក​បញ្ជាក់ថា៖ «ព្រោះ​ដី​ខ្ញុំ​អាស្រ័យ​ផល​នេះ គឺ​ដី​ក្នុង​អនុក្រឹត្យ ដែល​ដី​របស់​រដ្ឋាភិបាល​ខ្ញុំ​អាច​ចិញ្ចឹម​បាន ខ្ញុំ​អាច​អាស្រ័យ​ផល​បាន អ៊ីចឹង​មក​ដាក់​ឱសាន​វាទ​ខ្ញុំ ១០ ថ្ងៃ ២០ ថ្ងៃ​អី​ដូច​ចាប់​ជំរិត​ខ្ញុំ។ សម្រាប់​ខ្ញុំ ចង់​ឲ្យ​ពេល​វេលា​យូរ​ក៏​អត់​បាន​ដែរ ព្រោះ​រដ្ឋាភិបាល​ត្រូវការ អ៊ីចឹង​ឱសាន​វាទ ១០ ថ្ងៃ​ដែល​ខ្ញុំ​ចំណាយ​ទុន​អស់ ២០ លាន​រៀល អាច​សង​ខ្ញុំ​បាន ២០ លាន​វិញ​អត់ ព្រោះ​ខ្ញុំ​ត្រូវការ​រស់ បើ​សង​បាន ខ្ញុំ​ដើរ​ចេញ​ហ្មង ខ្ញុំ​អត់​តវ៉ា​ឲ្យ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​អី​ទេ»។

ជុំវិញ​វិធានការ​នេះ លោក សារី សំណូមពរ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា និង​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​ចំពោះ​ពួក​លោក។

ម្ចាស់​ស៊ង និង​ស្រះ​ក្នុង​បឹង​សំរោង​ម្នាក់ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ស៊ង និង​ស្រះ​របស់​ខ្លួន មិន​ស្ថិត​ក្នុង​អនុក្រឹត្យ​ដែល​ជា​ដី​របស់​រដ្ឋ​នោះ​ទេ ព្រោះ​តែ​តំបន់​ដែល​ខ្លួន​នៅ​គឺ​ដី​របស់​ក្រុមហ៊ុន តែ​លោក​មិន​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ណា​នោះ​ទេ។

លោក​បញ្ជាក់ថា៖ «ខាងគេ​មាន​ប៉ះពាល់​ក្នុង​បឹង​សំរោង​នេះ តែ​ខាង​ខ្ញុំ​នេះ វា​ផុត​អនុ​ក្រឹត្យ​ផ្ទៃ​បឹង​ហ្នឹង ដែល​នៅ​ក្នុង​ដី​ក្រុមហ៊ុន​វិញ ប៉ះ​តែ​អ្នក​នៅ​កណ្តាល​អី»។

តាម​លោក​ ស៊ឹម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​និយាយ​ថា តាម​ការ​ចុះ​ស្រង់​ទិន្នន័យ គឺ​មាន​ប្រជា​ពលរដ្ឋ​ចំនួន ៣០២ គ្រួសារ ដែល​ពួកគេ​ទទួល​ស្គាល់​ថា បាន​ពឹង​អាស្រ័យ​ផល​នៅ​លើ​បឹង ដែល​ជា​បឹង​របស់​រដ្ឋ។ លោក​បន្ត​ថា ជា​គោល​ការណ៍ ពួកគេ​ត្រូវ​រុះរើ​ចេញ​ឲ្យ​ទាន់​ពេល​វេលា​តាម​ការ​កំណត់ ព្រោះ​អាជ្ញាធរ​មិន​ពន្យារ​ពេល​បាន​ទេ។

លោក​បញ្ជាក់ថា៖ «ពេលដែល​ខ្ញុំ​ចុះ​ស្រង់ គាត់​បាន​ទទួលស្គាល់ថា​គាត់​ខ្ចី​ពីរ​ដ្ឋ ខ្ចី​ពី​អី គាត់​បាន​អាស្រ័យ​ផល​រយៈពេល​ប៉ុន្មាន​ឆ្នាំ គាត់​ទទួល​ស្គាល់ ហើយ តែ​គ្រាន់​នៅ​មាន​បញ្ហា​មួយ​ចំនួន ដែល​គាត់​បាន​ចិញ្ចឹម​ត្រី អ្នក​ខ្លះ​សល់​ត្រី​តូចៗ​អ៊ីចឹង សុំ​បន្ត​ចិញ្ចឹម​រហូត​ដល់​ត្រី​គាត់​ធំ ប៉ុន្តែ​នេះ​គោល​ការណ៍​យើង​អត់​មាន ព្រោះ​យើង​ត្រូវការ​ស្តារ​បឹង​ស្តារ​អី​ជា​គម្រោង​ការងារ​ដើម្បី អភិរក្ស​បឹង​ឲ្យ​បាន​ត្រឹមត្រូវ»។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ម្សិលមិញ​ថា កាល​ពី​មុន ប្រជាពលរដ្ឋ​បាន​សុំ​លោក ដោយ​មាន​កិច្ច​សន្យា​ត្រឹមត្រូវ ក្នុង​ការ​អាស្រ័យ​ផល​លើ​បឹង​នេះ ប៉ុន្តែ​ដោយ​មាន​ការ​រំលោភ​បំពាន ទើប​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល ចៀស​វាង​កុំ​ឲ្យ​បាត់បង់។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា លោក​បាន​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​បារម្ភ។

លោក​បញ្ជាក់ថា៖ «យើង​ហ្នឹង​ពិភាក្សា​ដោះស្រាយ​គ្នា ឧ​ទាហរណ៍​គាត់​ប្រើប្រាស់​កូន​ត្រី​អស់​ប៉ុន្មាន? អស់​ដើម​ប៉ុន្មាន? យើង​នឹង​ពិនិត្យ​ដោះស្រាយ ពិនិត្យ​គោល​នយោបាយ​ជូន​គាត់​មិន​ឲ្យ​គាត់​ខាត​បង់​អី​ទេ។ យើង​ត្រូវ​ថែរក្សា​បឹង​ឲ្យ​បាន​ល្អ ព្រោះ​ឥឡូវ​នេះ​ខូច​ទាំង​បឹង ប៉ះពាល់​ទាំង​បរិស្ថាន»។

លោក​មេធាវី សុក សំអឿន បាន​ពន្យល់ថា ស្ទឹង បឹងបួ​ព្រែក​ទាំងអស់ ជា​សម្បត្តិ​របស់​រដ្ឋ មិន​អាច​មាន​នរណា​ប៉ះពាល់​បាន​ទេ ទោះបី​ជា​ការ​អាស្រ័យ​ផល​បណ្តោះ​អាសន្ន​ក៏ដោយ ប៉ុន្តែ​ក្នុង​ច្បាប់ ក៏បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ព្រែក បឹងបួ​ទាំង​នោះ វា​បាន​បាត់​ភាព​ជា​បឹង ដោយសារ​សំរាម ឬ​គោក​ដោយ​កត្តា​ធម្មជាតិ ប្រជាពលរដ្ឋ​អាច​កាន់​កាប់​បាន។

​ប៉ុន្តែ​តាម​ផ្លូវច្បាប់ ដីសាធារណៈរបស់រដ្ឋ គឺមិនអាចចេញ​ប័ណ្ណកម្មសិទ្ធិបាន​ឡើយ។​ ការ​កាន់កាប់ដើម្បី​ទន្ទ្រានយក​ដី​សាធារណៈរបស់រដ្ឋជាមូលហេតុនៃជម្លោះដីធ្លីរ៉ាំរ៉ៃ៕