តាកែវ: អភិបាល​ខេត្ត​តាកែវ​លោក អ៊ូច ភា បាន​អះអាង​​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​កំពុង​រក​ដំណោះស្រាយ​ជូន​ក្រុម​អាជីវករ​ផ្សារ​ព្រៃ​សណ្តែក​​ប្រមាណ​ជាង​ ១០ ​នាក់ បន្ទាប់ពី​ពួកគាត់​បាន​នាំ​គ្នា​តវ៉ា​ពាក់ព័ន្ធ​​នឹង​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ដំឡើង​តម្លៃ​តូប​ខ្ពស់​ជាង​មុន​។


លោក អ៊ូច ភា បាន​បញ្ជាក់​ថា​អាជីវករ​ជាង ១០ ​នាក់​បាន​អះអាង​ពី​ការបាត់​តូប និង​បាត់​ទំហំ​តូប​ដោយ​ទាមទារ​ឲ្យ​អ្នក​​វិនិយោគ​ផ្សារ​ផ្ដល់​សំណង​ និង​សុំ​បាន​លក់​នៅ​កន្លែង​ដដែល​ព្រម​ទាំង​សុំ​ឲ្យ​លក់​តូប​ក្នុង​តម្លៃ​សមរម្យ ប៉ុន្ដែ​ម្ចាស់​ក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អ៊ិនវេសមេន (​ខេ. វ៉ាយឌី. អ៊ី​) ​មិន​ព្រម ដោយ​លើក​ឡើង​ថា​ដោយសារ​ចំណាយ​លើ​ការសាងសង់​អស់​ច្រើន​។

លោក​បាន​បញ្ជាក់​ថា​៖ «​រឿង​ហ្នឹង​យើង​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​គឺ​សល់​ប្រហែល​ជាង​ ១០ ​នាក់​ទៀត​ទេ ព្រោះ​អាហ្នឹង​ជាធម្មតា​ទេ ក្រុមហ៊ុន​ហ្នឹង គាត់​បាន​សាងសង់​ផ្សារ​ថ្មី​មួយ​នៅ​លើ​ទីតាំង​ចាស់ ហើយ​គេ​ពង្រីក​ធំ​ជាង​មុន ហើយ​​តូប​លក់ដូរ​ហ្នឹង​ក៏​ច្រើន​ជាង​មុន​ដែរ​។ អ៊ីចឹង​វា​មាន​កិល​ទៅ​នោះ​តិច បាត់​ត្រង់​នេះ​តិច អ៊ីចឹង​ហើយ ហើយ​គាត់​ចង់​បាន​តែ​តូប​គាត់​ចាស់​ដដែលៗ​ហ្នឹង​»​។ ប៉ុន្តែ​លោក​ថា​អាជ្ញាធរ​នៅ​តែ​បន្ត​ជួយ​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​។

បើ​តាម​លោក អ៊ូច ភា កន្លង​មក​ក៏​ធ្លាប់​មាន​កិច្ចប្រជុំ​រវាង​ក្រុម​អាជីវករ​ផ្សារ​ និង​ម្ចាស់​វិនិយោគ​ផ្សារ​ក្រោម​ការ​សម្រប​សម្រួល​ពី​លោក ឈួន ផាន់នី អភិបាល​ស្រុក​ទ្រាំង និង​លោក ខឹម ឆន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត រួច​ហើយ​ដែរ ប៉ុន្ដែ​មិន​បាន​លទ្ធផល​ក៏​បញ្ជូន​មក​ឲ្យ​ខេត្ត​ជួយ​។


លោក ឈួន ផាន់នី អភិបាល​ស្រុក​ទ្រាំង​បាន​ថ្លែង​ថា​លោក​ធ្លាប់​បាន​សម្របសម្រួល ប៉ុន្ដែ​ក្រុម​អាជីវករ​មិន​ព្រម​ទទួល​យក​សំណើ បន្ទាប់មក​លោក​ក៏​បញ្ជូន​រឿង​នេះ​ទៅ​សាលា​ខេត្ត​។


លោក​បន្ត​ថា​ក្រុម​អាជីវករ​បាន​សំណូមពរ​ឲ្យ​លក់​សម្រាប់​អាជីវករ​ចាស់ ក្នុង​តម្លៃ​ ៥០០ ​ដុល្លារ និង​តូប​នៅ​ខាង​មុខ​តម្លៃ​តែ​ ២០០០ ​ដុល្លារ​បាន​ហើយ សម្រាប់​អ្នក​លក់ដូរ​យូរ​។

លោក​ថា​៖ «​ខ្ញុំ​សម្របសម្រួល​រួច​ហើយ ប៉ុន្ដែ​ភាគី​ទាំង​ ២ ​មិន​ទទួល​យក​ដំណោះស្រាយ ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​ដោះស្រាយ​ហើយ​»​។

អ្នកស្រី សុខ ថាវរី ជា​អាជីវករ​ដែល​លក់​នៅ​ផ្សារ​ព្រៃ​សណ្តែក​ជាយូរ​ឆ្នាំ​បាន​ថ្លែង​ថា អ្នកស្រី​មិន​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ស្រុក​ទេ ព្រោះ​ម្ចាស់​វិនិយោគ​បាន​លក់​តូប​ក្នុង​តម្លៃ​ខ្ពស់​ពេក​ពោល​គឺ​អាជីវករ​ចាស់​លក់​ក្នុង​តម្លៃ ២៧០០ ​ដុល្លារ​ និង​អ្នកថ្មី​តម្លៃ​លើស​ពី​​នេះ ជា​អ្វី​ដែល​អ្នកស្រី​ថា​ធ្វើ​ខុស​​ពី​កិច្ចសន្យា​ និង​ពន្យុះ​ឲ្យ​ប្ដឹង​។

អ្នកស្រី សុខ ថាវរី បញ្ជាក់​ថា​៖ «​ម្ចាស់​ផ្សារ​ថា ប្រសិន​បើ​អ្នកណា​មិន​សុខ​ចិត្ត​ឲ្យ​ទៅ​ប្តឹង​ទៅ​គាត់​មិន​ខ្លាច​ទេ ពេល​ពួកខ្ញុំ​ទាមទារ​យក​កន្លែង​តូប​របស់​ខ្លួន​វិញ ម្ចាស់​ផ្សារ​ហ្នឹង​សួរ​ថា​មាន​ប្លង់​សម្រាប់​បញ្ជាក់​កន្លែង​របស់​អ្នកឯង​ពី​មុន​ទេ​? ផ្ទុយ​ទៅ​វិញ​អ្នក​វិនិយោគ​ផ្សារ​នេះ​បាន​រក្សាទុក​តូប​នៅ​ផ្លូវកែង​ ឬ​តូប​នៅ​តាម​ច្រក​ចេញ​ចូល​ដែល​ជា​កន្លែង​ល្អ​គឺ​ទុក​សម្រាប់​លក់​ឲ្យ​អ្នកថ្មី ឬ​បក្ខពួក​របស់​ខ្លួន​»​។

យ៉ាងណា​ក្ដី​កាលពី​ថ្ងៃទី​ ៧ ​ធ្នូ​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​តាកែវ​បាន​ចេញ​លិខិត​មួយ​ដោយ​បញ្ជាក់​ថា សំណង់​ផ្សារ​ព្រៃ​សណ្តែក​គ្មាន​លិខិតអនុញ្ញាត​ទេ ក្រោយ​​ពី​លោក​ទៅ​ពិនិត្យ​ក្នុង​ពេល​ផ្សារ​មួយ​នេះ​សាងសង់​ជិត​រួច​ហើយ​នោះ​។

លិខិត​ដដែល​បាន​បញ្ជាក់​ថា​ «​ផ្សារ​ព្រៃ​សណ្ដែក​នេះ​គឺ​ពុំ​មាន​លិខិត​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ទេ ទំហំ​តូប​ថ្មី​គឺ​តូច​ជាង​ដែល​បាន​សន្យា​មុន​ពេល​សាងសង់ តូប​ថ្មី​ដែល​បាន​សាងសង់​មិន​គ្រប់​ចំនួន​តូប​ចាស់​ ឬ​តូប​ដែល​បាន​កក់​ប្រាក់ និង​អាជីវករ​ដែល​ទទួល​បាន​តូប​ថ្មី​គឺ​ខុស​​ពី​ទីតាំង​ចាស់​ ឬ​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ដែល​ខ្លួន​ធ្លាប់​លក់​»​។

តាម​ក្រុម​អាជីវករ​ថា​តំណាង​ក្រុមហ៊ុន​ប្រាប់​ពួកគេ​មុន​សង់​​ថា អាច​ទិញ​តូប​ខ្លួន​វិញ​ក្នុង​តម្លៃ​ថោក និង​ប្រាប់​ថា តូប​ជួរ​​មុខ​មាន​ទំហំ​ ៤x៣ ​ម៉ែត្រ ឯ​តូប​ខាង​ក្នុង​មាន​ទំហំ​ ៣x២ ​ម៉ែត្រ​កន្លះ ឮ​ដូច្នោះ​ក្រុម​អាជីវករ​ក៏​ព្រម​ផ្តិត​មេដៃ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ ប៉ុន្តែ​ពេល​សង់​បាន​ប្រហែល​ ៣០ ​ភាគរយ​ក៏​ឲ្យ​អាជីវករ​កក់ប្រាក់ ហើយ​បើ​មិន​កក់​ទេ​នឹង​​អត់​តូប​។

គួរ​បញ្ជាក់​ថា​ផ្សារ​ព្រៃ​សណ្ដែក​ថ្មី​នេះ​ត្រូវ​បាន​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អ៊ីនវេស មេន (​ខេ. វ៉ាយឌី. អ៊ី​) ប៉ុន្តែ​លោក វ៉ែន ចាន់ថូ ប្រធាន​ក្រុមហ៊ុន​នេះ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕