ភ្នំពេញៈ លោក ទៀង ច័ន្ទសារ អធិការ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​បុរស​ ៣ ​នាក់ ​ដែល​បាន​ស្លាប់​កប់​ក្នុង​ការដ្ឋាន​ខុនដូ​កំពុង​សាងសង់​មួយ​ដោយសារ​បាក់​រន្ទា​កម្ពស់ ១៦ ​ជាន់ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ ៦៥ ​ត្រង់​ចំណុច​ខាងកើត​សណ្ឋាគារ​ហូលីដេ​ក្នុង​សង្កាត់​ស្រះចក​។


ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ុន្តែ​សាកសព​ជនរងគ្រោះ​ទើប​តែ​ត្រូវបាន​ប្រទះឃើញ​កាលពី​យប់​ថ្ងៃ​អាទិត្យ និង​ត្រូវ​កាយ​យកចេញ​ពី​គំនរ​បាក់បែក​កាលពី​ថ្ងៃ​ចន្ទ​។ ជនរងគ្រោះ​ទាំង ៣ ​នាក់​មាន​ឈ្មោះ ទី​១ សុខ សម្បត្តិ អាយុ ២១ ​ឆ្នាំ ទី​២ យ៉ែម ទីន អាយុ ៣៥ ​ឆ្នាំ និង​ទី​៣ ឈ្មោះ ធីម ធីរ៉ង អាយុ ៣១ ឆ្នាំ​។

លោក ទៀង ច័ន្ទសារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​កិច្ចការងារ​នេះ​គឺ​យើង​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ពិនិត្យ​ការងារ​ទាំងអស់​ហើយ​។ ដោយឡែក​ការវាយតម្លៃ​សន្និដ្ឋាន​គឺ​ក្នុងនាម​សមត្ថកិច្ច​យើង​មិនអាច​កំណត់​បានទេ ព្រោះ​វា​មាន​គណៈកម្មការ​ដែល​មាន​មកពី​ភាគី​ពាក់ព័ន្ធ​នៅក្នុង​កិច្ចការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​នេះ​»​។

យ៉ាងណា​ក៏ដោយ​លោក ច័ន្ទសារ​ថ្លែង​ថា​ហេតុការណ៍​នេះ គឺជា​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ និង​មិនមែន​ជា​កំហុស​របស់​ភាគី​ណា​នោះ​ទេ​អាច​មកពី​ការធ្វេសប្រហែស​របស់​បុគ្គល ខណៈ​លោក​អះអាង​ថា​ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ទទួល​សំណង​ពី​ម្ចាស់​គ្រប់គ្រង​ការដ្ឋាន​រួចរាល់​អស់ហើយ​។


លោក​បញ្ជាក់ថា​៖ «​អ្វី​ដែល​វា​អាចឈាន​ទៅដល់​ការកើត​ហេតុនេះ​ឡើង វា​មិនមែន​កើតឡើង​ដោយ​ការគ្រោងទុក​នោះ​ទេ គឺ​ផ្តើមចេញ​ពី​បញ្ហា​បច្ចេកទេស​របស់​បុគ្គល ហើយ​មិនមែន​ផ្តើមចេញ​ពី​ការដ្ឋាន​នោះទេ​។ យើង​មិន​ចង់​និយាយ​សំដៅ​ទៅលើ​ (​ជនរងគ្រោះ​) ​ទាំងអស់​នោះទេ​»​។


លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ថ្លែងថា ការដ្ឋាន​សំណង់​ខុនដូ​នេះ​បាន​ទទួល​លិខិតអនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា នរណា​ជា​ម្ចាស់​ការដ្ឋាន​នេះ​ដោយ​អះអាង​ថា លោក​មិនទាន់​មាន​របាយការណ៍​ណាមួយ​ជុំវិញ​ឧបទ្ទវហេតុ​បណ្តាល​ឲ្យ​កម្មករ​ទាំង​ ៣ ​នាក់​ស្លាប់​។

លោក​បញ្ជាក់ដែរ​ថា​៖ «​គណៈកម្មការ​ដែល​បង្កើត​ក្នុងការ​ស៊ើបអង្កេត​ករណី​នេះ គឺ​មាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​ក្រសួង​បាន​ឲ្យ​ចុះ​ត្រួតពិនិត្យ ហើយ​ខាង​ខណ្ឌ​បាន​ផ្អាក​ការដ្ឋាន​សំណង់​នេះ​បណ្តោះអាសន្ន​ហើយ​»​។

បើ​តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​ ៣ ពួកគេ​បាន​ទទួល​សំណង​ពី​អ្នកគ្រប់គ្រង​ការដ្ឋាន​ក្នុង ​១ ​គ្រួសារ ៣ ​ពាន់​ដុល្លារ​ សម្រាប់​រៀបចំ​ពិធី​បុណ្យសព និង​ការ​បញ្ចប់រឿង​ដោយ​ពួកគេ មិន​បាន​ពេញចិត្ត​នឹង​សំណង​ទាំង​នោះទេ​។

លោក​ អ៊ីវ កុសល វ័យ​ ៤១ ឆ្នាំ​ ដែល​ត្រូវ​ជា​បងថ្លៃ​ជនរងគ្រោះ​ឈ្មោះ ធីម ធីរ៉ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ក្នុង​ន័យ​រារែក​ចិត្ត​ថា ពួកលោក​គ្មាន​សមត្ថភាព​ឯណា​ទៅ​តទល់​ជាមួយ​នឹង​ម្ចាស់​ការដ្ឋាន​សំណង់​នោះទេ ហើយ​ធ្វើ​ការបន្ត​ទាមទារ​សំណង​ទៅមុខ​ទៀត​គឺ​មាន​តែ​ការរំខាន​របរ​រកស៊ី​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជួប​បញ្ហា​ជីវភាព​តែប៉ុណ្ណោះ​។

លោក កុសល បន្ថែម​ថា​គ្មាន​ជម្រើស​គឺ​មានតែ​ការព្រម​ទទួល​យក​សំណង ដែល​មិន​សមរម្យ​ប៉ុណ្ណោះ​។ លោក​បន្តថា បើ​គណៈកម្មការ​នេះ​ពិតជា​អាចជួយ​រក​យុត្តិធម៌ ឬ​ការទាមទារ​សំណង​បន្ថែម​ពិតមែន នោះ​ប្រពន្ធ និង​កូនៗ​របស់​ជនរងគ្រោះ​នឹង​បាន​ទទួល​ប្រាក់​ទាំងនេះ​ទុក​គ្រាន់​ចិញ្ចឹមជីវិត ព្រោះ​សំណង​ដែល​ទទួល​បាន​ក្នុង​ពេលនេះ គ្រាន់​តែ​ចំណាយ​រៀបចំ​បុណ្យសព​មិន​ទាំង​គ្រាន់​ផង​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បាត់បង់​ជំនឿ​តាំងពី​ពេល​កើតហេតុ​ដំបូង យើង​បាន​ខ្នះខ្នែង​ទៅរក​អាជ្ញាធរ​ឲ្យ​ជួយ តែ​មិនមាន​ទេ មាន​តែ​ការទម្លាក់​កំហុស​មក​ជន​រងគ្រោះ​។ មាន​អ្នក​ខ្លះមក​ថា ប្អូន​ខ្ញុំ​ខុស​ស្រប​ពេល​ដែល​យើង​ទាមទារ​ឲ្យ​ជួយ​កត់​កំណត់ហេតុ​ឲ្យ​លឿន នឹង​អាល​បាន​យក​សព​ទៅ​ធ្វើ​បុណ្យ តែ​គ្មាន​ទេ ពន្យារពេល​មនុស្ស​ស្លាប់​ ៣ ​ថ្ងៃ​ហើយ​ទុក​ឡើង​ហើម​»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) ​បាន​និយាយថា ករណី​កម្មករ​ជួប​គ្រោះថ្នាក់​បែប​នេះ​មិនមែន​ជា​លើក​ទី​ ១ ​នោះ​ទេ ហើយ​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនោះ​ហាក់​ទទួល​បាន​យុត្តិធម៌ និង​សំណង​តិចតួច​បំផុត​។

ជាមួយ​នឹង​ការបង្កើត​គណៈកម្មការ​របស់​អាជ្ញាធរ​នេះ​ទៀតសោត លោក​ក៏​មិនមាន​ជំនឿ​នោះដែរ​ខណៈ​លោក​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​​មាន​វិធានការ​ការពារ​ដល់​កម្មករ​ជាមុន​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ទទួល​រង​អយុត្តិធម៌​ហើយ​បន្ថែម​ពី​ការទាមទារ​សំណង​ឲ្យ​បាន​សមរម្យ​នោះ ពួកគាត់​ប្រាកដ​ជា​ចង់បាន​ហើយ ព្រោះ​ជីវិត​មនុស្ស​មិន​អាច​កាត់ថ្លៃ​បានទេ​។ ដូច្នេះ​ពេល​ដែល​គាត់​ស្លាប់​ហើយ គួរតែ​ផ្តល់​សំណង​ណាមួយ​ឲ្យ​បាន​សមរម្យ​ឲ្យ​គាត់​ស្ងប់ចិត្ត ហើយ​ការ​ចោទប្រកាន់​របស់​ភាគី​ពាក់ព័ន្ធ​ដែល​ថា កម្មករ​ធ្វេសប្រហែស​អីហ្នឹង​ក៏​មិន​ល្អ​ដែរ ខ្ញុំ​មិនដឹងថា គាត់​យក​គំនិត​អ្វី​ទៅ​គិត ព្រោះ​ថា​គ្មាន​អ្នកណាម្នាក់​ចង់​ជួប​រឿង​បែបនេះ​ទេ​»​។

តាម​លោក សុខ គីន លើក​ឡើង​ថា​ក្នុង​ការដ្ឋាន​សំណង់ បើ​គោរព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​វិធានការ​ត្រឹមត្រូវ​នោះ​ការគ្រោះថ្នាក់​របស់​កម្មករ​នឹង​ត្រូវបាន​កាត់បន្ថយ ខណៈ​ការសិក្សា​របស់​លោក​កាលពី​ឆ្នាំ​ ២០១៧ បាន​រកឃើញ​ថា​កម្មករ ១៩ ​នាក់​ ក្នុង​ចំណោម ១០០ ​នាក់ ​ប្រឈម​នឹង​គ្រោះថ្នាក់​៕