កំពតៈ អាជ្ញាធរខេត្តកំពត និងមន្ទីរពាក់ព័ន្ធបានបើកយុទ្ធនាការអប់រំណែនាំពីការចូលរួមធ្វើអនាម័យនៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ ការអភិរក្សជីវចម្រុះសមុទ្រ និងការពង្រឹងគុណភាពការផ្ដល់សេវាកម្មសាធារណៈដល់ពលរដ្ឋ និងអាជីវករក្នុងខេត្តនេះដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកទស្សនាពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅចុងខែធ្នូខាងមុខនេះ។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ខណៈមន្ទីរពាក់ព័ន្ធនានាដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពុងមមាញឹកជួសជុលកែលម្អផ្លូវថ្នល់នោះ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកំពតរបស់លោកក៏កំពុងបន្តសកម្មភាពអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ និងសួនច្បារសាធារណៈដោយរាប់ទាំងព្រែកនានាដែលជាប្រព័ន្ធដៃសមុទ្រនៅទូទាំងក្រុងកំពតផងដែរ។
លោកបានថ្លែងថា៖ «បច្ចុប្បន្នមន្ត្រីបរិស្ថានយើងកំពុងចលនាប្រជាជន និងអាជីវករចុះធ្វើអនាម័យបរិស្ថានប្រមូលសំរាមនៅតាមសួនច្បារសាធារណៈ មាត់ព្រែក និងនៅតាមឆ្នេរខ្សាច់ដោយឈរនៅលើគោលការណ៍ស្អាត ៣ យ៉ាងរួមមាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត»។
លោកបានបន្តថាសំរាមក្នុងក្រុងកំពតនាពេលបច្ចុប្បន្នមានប្រមាណជាង ៦០ តោនក្នុង ១ ថ្ងៃដែលមានការកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំ ២០១៥។ កំណើននេះគឺដោយសារចំនួនប្រជាជន និងភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តកំពតកើនឡើង។
ទាក់ទងនឹងគម្រោងអនាម័យបរិស្ថានក្នុងអំឡុងពេលនៃពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១-២២ ខែធ្នូឆ្នាំ ២០១៩ ខាងមុខនេះ លោក ធា បានបញ្ជាក់ថាក្រុមការងាររបស់លោកបានត្រៀមកម្លាំងចល័តជាង ២០០ នាក់សម្រាប់ប្រតិបត្តិការប្រមូលសំរាម និងកាកសំណល់ផ្សេងៗនៅទូទាំងក្រុងកំពត។
ស្រដៀងគ្នានេះដែរលោក ស៊យ ស៊ីណាល់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ពេលនេះក្រុមការងាររបស់លោកកំពុងបន្តចុះផ្សព្វផ្សាយអប់រំដល់អាជីវករក្នុងការរៀបចំបែបបទបញ្ជីរាយមុខម្ហូបអាហារ ដោយភ្ជាប់ជាមួយការកំណត់តម្លៃឲ្យបានសមរម្យសម្រាប់មុខម្ហូបនីមួយៗដើម្បីឲ្យភ្ញៀវមានការពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងការកេងបន្លំដែលនាំឲ្យភ្ញៀវអស់ទំនុកចិត្ត។
លោក ស៊ីណាល់ បានថ្លែងថា៖ «ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអំពីការងារផ្ដល់សេវាកម្មម្ហូបអាហាររបស់អាជីវករដល់ភ្ញៀវទេសចរ ក្រុមការងារយើងក៏បាន និងកំពុងរៀបចំវិថីម្ហូបអាហារមួយដើម្បីឲ្យក្រុមអាជីវករចុះឈ្មោះចូលលក់ម្ហូបអាហារក្នុងពិធីបុណ្យសមុទ្រ»។
បើតាមលោក ស៊ីណាល់ ខេត្តកំពតធ្លាប់បានរៀបចំពិធីបុណ្យសមុទ្រម្ដងរួចមកហើយកាលពីឆ្នាំ ២០១៥ ដែលពេលនោះបានធ្វើនៅលើឆ្នេរខ្សាច់ព្រែកកំពតភាគខាងត្បូងស្ពានឥន្ទធនូក្នុងក្រុងកំពត និងមានអ្នកចូលរួមប្រមាណជាង ៤០ ម៉ឺននាក់។ ដោយឡែកពិធីបុណ្យសមុទ្រនៅឆ្នាំនេះនឹងត្រូវរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពតដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីឆ្នេរព្រែកកំពតដែលត្រូវបានគេរំពឹងទុកថានឹងមានមនុស្សមកចូលរួមច្រើនជាងកាលពីឆ្នាំ ២០១៥៕