កោះកុងៈ សមត្ថកិច្ចខេត្តកោះកុងកាលពីម៉ោង ២ រំលងអធ្រាត្រថ្ងៃទី ៣០ កញ្ញា បានចុះរុះរើតង់ ដែលពលរដ្ឋបោះនៅខាងមុខសាលាខេត្ត ដើម្បីតវ៉ាសុំពន្លឿនដំណោះស្រាយដីធ្លី និងបានឃាត់អ្នកតវ៉ាចំនួន ៤ នាក់យកទៅកាន់អធិការដ្ឋានក្រុងខេមរភូមិន្ទអស់ពេលជាច្រើនម៉ោងមុនដោះលែងវិញ។
លោក ង៉ែត ញ៉ាញ់ អាយុ ៥២ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ពលរដ្ឋជាង ១៩៣ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ២ ២០៩ ហិកតា តាំងពី ១២ ឆ្នាំមុនជាមួយក្រុមហ៊ុន Union Development នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បាននាំគ្នាមកបោះតង់តវ៉ានៅខាងមុខសាលាខេត្តតាំងពីថ្ងៃចន្ទទី ២៨ កញ្ញា ដើម្បីសុំឱ្យពន្លឿនដំណោះស្រាយក្រោយពីអាជ្ញាធរថ្នាក់ខេត្ត និងជាតិបានសន្យាជាច្រើនលើក តែនៅមិនឃើញដោះស្រាយ។
លោកបន្តថា នៅពេលការតវ៉ាឈានមកដល់ម៉ោង ២ រំលងអធ្រាត្រចូលថ្ងៃពុធ គឺអំឡុងពេលពលរដ្ឋប្រហែល ៣០ នាក់ កំពុងសម្រាកលង់លក់នៅក្នុងតង់ក៏ស្រាប់តែមានសមត្ថកិច្ចបានចុះមករុះរើតង់ និងបានឃាត់ខ្លួនមនុស្ស ៤ នាក់ ក្នុងនោះមានស្រី ៣ នាក់ អាយុចាប់ពី ៣៨ ដល់ ៧៦ ឆ្នាំ និងប្រុសម្នាក់អាយុ ៥៩ ឆ្នាំរួមទាំងរឹបអូសយកទូរស័ព្ទ ៥ គ្រឿង ចាន ឆ្នាំង និងអង្ករ។
លោកថា៖ «នៅពេលពលរដ្ឋទៅតវ៉ានៅភ្នំពេញខាងក្រសួងរៀបចំដែនដីហ្នឹងថា ឱ្យពលរដ្ឋមកដោះស្រាយនៅខេត្ត ហើយដល់ពេលមកដោះស្រាយនៅខេត្តគឺខេត្តអត់ដោះស្រាយឱ្យ។
នៅពេលពួកយើងទៅធ្វើផ្ទះក្រោយពីមានកូនចៅរៀបការហើយធ្វើផ្ទះបែកពីម៉ែឪ គឺគេទៅរុះរើអត់ឱ្យធ្វើ ដោយសារគេថា ជាដីរបស់ក្រុមហ៊ុន»។
ពលរដ្ឋជាង ១០០ គ្រួសារនេះ គឺបានតវ៉ាសុំដំណោះស្រាយកាត់ឆ្វៀលដីចេញពីក្រុមហ៊ុន និងស្នើសុំការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។ កាលពីថ្ងៃអង្គារ អ្នកតំណាងពលរដ្ឋ ៦ នាក់ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយអភិបាលខេត្តលោកស្រី មិថុនា ភូថង និងបានជជែកគ្នាអស់រយៈពេលប្រហែល ២ ម៉ោង។
អ្នកស្រី ម៉ៃ ពៅ ដែលបានចូលជួបលោកស្រី មិថុនា ភូថង បានថ្លែងដែរថា ក្នុងជំនួបនោះ គឺលោកស្រី មិថុនា ភូថង បានបញ្ជាក់ថា នឹងនាំសំណើរបស់ពួកគាត់ទៅកាន់ថ្នាក់លើ និងសន្យាផ្ដល់ដំណឹងអំពីការដោះស្រាយមកវិញក្នុងរយៈពេល ២ ខែទៀត។
អ្នកស្រី ពៅ បញ្ជាក់ថា ក្រុមពលរដ្ឋបានសុំឱ្យអភិបាលខេត្តធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបោះត្រា ប៉ុន្តែលោកស្រី មិថុនា ភូថង បានបដិសេធ។
អ្នកស្រីថា៖ «បើគាត់សន្យាថាកាត់ឆ្វៀលដីឱ្យខ្ញុំ គឺគាត់ធ្វើលិខិតលាយលក្ខណ៍អក្សរឱ្យខ្ញុំមកប៉ុន្តែគាត់ថា គឺអត់ធ្វើលិខិតជាលាយលក្ខណ៍អក្សរឱ្យទេ។ អ៊ីចឹង!ពួកគាត់បានសន្យាខ្យល់ជាមួយពួកខ្ញុំអស់ ១២ ឆ្នាំ ហើយបានធ្វើឱ្យពួកខ្ញុំរងទុក្ខវេទនារហូត»។
ពលរដ្ឋទាំងនេះបានអះអាងថានឹងបន្តតវ៉ានៅខាងមុខសាលាខេត្តទៀត ថ្វីបើពលរដ្ឋ ៤ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនត្រូវបានដោះលែងវិញហើយក្ដី។
ស្នងការខេត្តកោះកុងលោក គង់ មនោ បានបញ្ជាក់ថា ពលរដ្ឋទាំង ៤ នាក់គឺត្រូវបានសមត្ថកិច្ចអញ្ជើញឱ្យមកអធិការដ្ឋានក្រុង ដើម្បីសុំឱ្យពួកគាត់ឈប់បោះតង់នៅខាងមុខសាលាខេត្តទៀត ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឱ្យមានសោភណភាពឡើងវិញ។
លោកថា៖ «(ការបន្តការតវ៉ា) កុំឱ្យតែបោះតង់ខូចសោភណភាពទីក្រុង និងធ្វើឱ្យប៉ះពាល់តំបន់ទេសចរណ៍»។
ចំណែកលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា អាជ្ញាធរមិនបានគេចវេះមិនដោះស្រាយដូចពលរដ្ឋអះអាងឡើយ។
លោកថា៖ «រឿងនេះគឺផុតពីដែនសមត្ថកិច្ចថ្នាក់ខេត្ត ហើយចូលដល់ដែនសមត្ថកិច្ចអាជ្ញាធរជាតិដោះស្រាយដីធ្លី ហើយខាងគណៈកម្មការជាតិដោះស្រាយវិវាទដីធ្លីនោះគឺគាត់កំពុងតែសិក្សាអំពីអត្តសញ្ញាណពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីធ្វើការសម្រេចថា តើគួរធ្វើដូចម្ដេច ហើយខេត្តជម្រាបជូនគាត់គឺដូចជា គ្រប់ពេលវេលាគឺមានព័ត៌មានយ៉ាងម៉េចបានធ្វើបច្ចុប្បន្នភាពជូនគាត់ទាំងអស់»។
លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួលសមាគមអាដហុកខេត្តកោះកុងបានលើកឡើងថា ការឃាត់ខ្លួនពលរដ្ឋជាសកម្មភាពគំរាមកំហែងឱ្យឈប់មកតវ៉ាទៀតនៅមុខសាលាខេត្ត។
លោកថា៖ «ពួកគាត់ទាំងហ្នឹងគឺមកតាមដានការដាក់ញត្តិដោយខេត្តមិនឆ្លើយ និងចេះតែសន្យាម្ដងហើយ ម្ដងទៀត ហើយដល់ថ្ងៃសន្យា គឺពួកគាត់បានមកសាលាខេត្តតាមការសន្យា»៕