ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​ការ​ដង្ហែ​ក្បួន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​សហជីព​កម្មករ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៧០ ​នៃ​ការចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ក្រុម​មេដឹកនាំ​ក្រុម​យុវជន​បាន​និយាយ​ថា ពួកគេ​នឹង​នៅ​តែ​ធ្វើការ​ដង្ហែ​ក្បួន​។


ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស​កម្ពុជា​សហភាព​អឺរ៉ុប​ និង​ស្ថានទូត​ជាច្រើន​បាន​ប្រារព្ធ​ពិធី​ដ៏សំខាន់​មួយ​នេះ​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ពី​ថ្ងៃ​សៅរ៍​។

អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​សហជីព​គ្រោង​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​មួយ​ពាន់​នាក់​។ ចំណែកឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ផ្តល់​ការអនុញ្ញាត​សម្រាប់​ការ​ដង្ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ទៅកាន់​ទីតាំង​ថ្មី​ដោយ​បាន​លើកឡើង​ថា ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​ជួបជុំ​ និង​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ពុំ​មាន​ការ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​នោះ​ទេ​។

នៅក្នុង​លិខិត​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​លោក​ មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ពួកគេ​អាច​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ទិវា​សិទ្ធិមនុស្ស​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន ប៉ុន្តែ​ការដង្ហែ​ក្បួន​ត្រូវ​បាន​ហាមឃាត់​។

លោក​ មាន ចាន់យ៉ាដា ​ថ្លែង​ថា​៖ «​ក្នុង​ករណី​នៅតែ​ធ្វើការ​ជួបជុំ​ខុស​ពី​ទីតាំង​ដែល​បាន​អនុញ្ញាត​ជូន ហើយ​មាន​ការ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​នោះ​លោក​ តំណាង ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។


លោក ស ម៉ូរី អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ដែល​បាន​ទទួល​យក​សំណើ​នៃ​ការ​ដង្ហែ​ក្បួន​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា​លោក​មាន​ការ​ព្រួយបារម្ភ​ថា សារសំខាន់ៗ​អាច​នឹង​មិន​បាន​ទៅ​ដល់​សាធារណជន​ប្រសិន​បើ​ពួកគេ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​គ្មាន​ការដើរ​ដង្ហែ​ក្បួន​នោះ​។

លោក​ ម៉ូរី ​ថ្លែង​ថា​៖ « ហេតុផល​ដែល​យើង​ចង់​ដង្ហែ​ក្បួន​គឺថា​យើង​ចង់​ឲ្យ​គេ​ឮ​សារ​របស់​យើង​ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​នានា​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​»​។

លោក ស ម៉ូរី បាន​ថ្លែង​ដោយ​អះអាង​បន្ថែម​ថា​ការហាមឃាត់​ការ​ដង្ហែ​ក្បួន​នេះ​គឺ​វា​មិន​សមស្រប​នោះ​ទេ​ហើយ​វា​ផ្ទុយ​ទៅ​នឹង​ការប្រកាស​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ដែល​បាន​អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​សកម្មភាព​របស់​ពួកគេ​បាន​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​សកម្មភាព​របស់​ពួកគេ​៕ NS