ភ្នំពេញ: សហរដ្ឋអាមេរិក​តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៧៥ ០០០ ដុល្លារ​ ដើម្បី​អនុវត្ត​លើ​គម្រោង​អភិរក្ស​សម្លៀកបំពាក់ និង​សម្ភារ​នានា​ដែល​នៅលើ​ខ្លួន​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​ក្នុង​គោលបំណង​ថែរក្សា​ទុក​ឲ្យ​បានយូរ​អង្វែង​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។


ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ «​គម្រោង​អភិរក្ស​វត្ថុ​ជាតិពន្ធុ​នាសតវត្សរ៍​ទី​ ២០» រវាង​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក W. Patrick Murphy នៅ​មន្ទីរឃុំឃាំង​ ស-២១ ដែល​បច្ចុប្បន្ន​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។

លោកស្រី ភឿង សកុណា ថ្លែងថា គម្រោង​អភិរក្ស​វត្ថុ​ជាតិពន្ធុ​នាសតវត្សរ៍​ទី​ ២០ ដំណាក់កាល​ទី​ ២ ​នេះ​ត្រូវបាន​ផ្ដល់ជូន​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​បាន​ប្រើប្រាស់​ថវិកា​ចំនួន ៧៥០០០ ដុល្លារ​ដើម្បី​ផ្តោត​ទៅលើ​សិក្ខាសាលា​បណ្តុះបណ្តាល​ការអភិរក្ស ការកំណត់​ស្ថានភាព​វត្ថុ​សម្រាប់​អភិរក្ស ការថែទាំ​វត្ថុ​ទូទៅ ការចងក្រង​ឯកសារ​កាតាឡុក និង​ជ្រើសរើស​វត្ថុ​ពី​សុមច្ច័យ​វាយនភណ្ឌ​ជាង ៥០០០ ​ប្រភេទ​ដែល​អាច​ដាក់តាំង​បង្ហាញ​បាន​រយៈពេល​យូរ​។

លោកស្រី​បន្តថា គម្រោង​នេះ​នឹង​ផ្តោត​ទៅលើ​វាយនភណ្ឌ​នៅ​ជាន់​ផ្ទាល់​ដី​នៃ​សាលពិព័រណ៍​អគារ «​ខេ​» ដែល​សម្លៀកបំពាក់​ទាំង​នោះ​ដាក់តាំង​គរ​លើ​គ្នា​ក្នុង​ទូ​អស់​រយៈកាល​ជាង​ ៩ ​ឆ្នាំ​មកហើយ​។ ក្រៅពី​ការងារ​អភិរក្ស និង​ចុះបញ្ជី ក្រុមការងារ​ជំនាញ​នឹង​គិតគូរ​រក​បច្ចេកទេស​នៃ​ការដាក់​តាំង​ថ្មី​ដោយ​បង្កើត​ទូតាំង​ពិសេស​មួយ​ដែល​អាចជួយ​កាត់បន្ថយ ការខូចខាត​ពី​សត្វល្អិត និង​សំណើម​ពី​អាកាសធាតុ​។


លោកស្រី​បញ្ជាក់ថា​៖ «​សកម្មភាព​គាំទ្រ​របស់​សហរដ្ឋអាមេរិក​លើ​គម្រោង​នៅ​សារមន្ទីរ​ទួលស្លែង​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រសួង ក៏ដូចជា​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដ្បិត​ភ័ស្តុតាង​ទាំងអស់​នេះ​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​សិក្សា​ឈ្វេងយល់​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ស្លូតត្រង់​រាប់លាន​នាក់​រវាង​ឆ្នាំ​ ១៩៧៥-១៩៧៩»​។


លោក W. Patrick Murphy ថ្លែងថា គម្រោង​នេះ​នឹង​ជួយ​ដល់​ការអភិរក្ស​សម្ភារ​នានា​ដែល​នៅជាប់​លើ​ខ្លួន​ជនរងគ្រោះ​នៅក្នុង​សម័យ​ខ្មែរក្រហម​។ លើសពី​នេះ​វា​ថែមទាំង​បាន​ជួយសង្គ្រោះ​ដល់​វត្ថុតាង​ប្រវត្ដិសាស្ដ្រ​ក៏ដូចជា​ផ្ដល់​ប្រយោជន៍​សំខាន់​មួយ​ចំនួន​ទៀត​ដល់​សារមន្ទីរ​ទួលស្លែង ជាពិសេស​គឺ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​បន្ដ​និរន្ដរភាព​នៃ​ការជួសជុល​វិស័យ​នេះ​នា​ថ្ងៃ​អនាគត​។

លោក​បញ្ជាក់ថា​៖ «​ការអភិរក្ស​វត្ថុ​ជាតិពន្ធ​នាសតវត្សរ៍​ទី​ ២០ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ដំណាក់កាល​ទី​ ២ ​នេះ​គឺជា​ការរំលេច​ពី​ការខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​កម្ពុជា និង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក​ជាមួយ​អាជ្ញាធរ​នានា​របស់​កម្ពុជា​ក្នុង​ការចងក្រង​ឯកសារ​ស្តីពី​អំពើ​ឃោរឃៅ​សម័យ​ខ្មែរក្រហម​»​។

លោក ឆាយ វិសុទ្ធ ប្រធាន​ការិយាល័យ​នៃ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​បាន​ថ្លែងថា ក្រោយពី​ទទួល​បាន​ការផ្ដល់​ថវិកា​នេះ សារមន្ទីរ​បាន​អនុវត្ត​ការងារ​អភិរក្ស​វាយនភណ្ឌ​បាន​ចំនួន ៨៣៦​ វត្ថុ បំណែក​ក្រណាត់​ចំនួន​ ២១ ​កេស និង​ការរៀបចំ​ទុកដាក់​វាយនភណ្ឌ​ទាំងអស់​នោះ​នៅក្នុង​ឃ្លាំង​សរុប​ទាំងអស់​មាន​ចំនួន​ ៦៧ ​កេស​ក្នុង​ដំណាក់កាល​ទី​ ១​។ ចំណែក​ការអភិរក្ស​នៅ​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​ ២០២០ ​នេះ​តទៅ​។

លោក​បន្តថា រយៈពេល​ជិត​ ៤០ ​ឆ្នាំ​កន្លងមក​វត្ថុតាង​មួយចំនួន​ប្រឈម​នឹង​ការខូចខាត ជាពិសេស​គឺ​វាយនភណ្ឌ ឬ​សម្លៀកបំពាក់ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងៗ​របស់​ជនរងគ្រោះ និង​មន្ត្រី​ខ្មែរក្រហម​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​បែប​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ផ្ដល់ជំនួយ និង​អ្នកជំនាញ​បច្ចេកទេស​។

លោក​បញ្ជាក់ថា​៖ «​នា​អំឡុង​ឆ្នាំ​ ២០១៤ ក្រសួង​បាន​ណែនាំ​អ្នកជំនាញ​អភិរក្ស និង​ជួសជុល​វាយនភណ្ឌ​មកពី​សហរដ្ឋអាមេរិក គឺ​លោកស្រី ជូលា ប្រ៊ឺណិន មក​ជួយ​សិក្សា វាយតម្លៃ និង​លើក​គម្រោង​សម្រាប់​ការអភិរក្ស​វត្ថុតាង​ទាំងអស់នេះ​»​។

លោក ជុំ ម៉ី ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​គាំទ្រ​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ជួយ​លើ​គម្រោង​នៃ​ការអភិរក្ស​វត្ថុតាង​នានា​របស់​ជនរងគ្រោះ​នៅក្នុង​របប​ខ្មែរក្រហម ព្រោះ​ជាការ​ចូលរួម​ចំណែក​ថែរក្សា​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​សិក្សា​ឈ្វេងយល់​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ​នៃ​របប​នោះ​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ជំនាន់​ហ្នឹង ខ្ញុំ​គ្មាន​សង្ឃឹមថា បាន​រស់រាន​មាន​ជីវិត​ដល់​សព្វថ្ងៃនេះ​ទេ​។ សម្ភារ​ដែល​យើង​កំពុង​អភិរក្ស​នេះ​គឺ​មាន​ផ្នូរ​កប់​សព រណ្ដៅ​កប់​សព​រួមគ្នា ច្រវាក់ ខ្នោះជើង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ឧបករណ៍​ធ្វើ​ទារុណកម្ម ឯកសារ និង​សម្លៀកបំពាក់​ជនរងគ្រោះ​ផ្សេងៗ​ទៀត​»​។

គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំ​ ២០១៧ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទទួល​ថវិកា​ចំនួន ៥៥ ៥០០ ​ដុល្លារ ​ពី​សហរដ្ឋអាមេរិក​ម្តង​រួចមក​ហើយ​សម្រាប់​គម្រោង​អភិរក្ស​នា​ដំណាក់កាល​ដំបូង​។ គម្រោង​នេះ​ជា​សមិទ្ធផល​ដំបូង​ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ក្នុង​ការចងក្រង​ឯកសារ និង​អភិរក្ស​សម្លៀកបំពាក់​ជនរងគ្រោះ​នៃ​មន្ទីរស -២១ ​ដែល​រក្សាទុក​នៅ​សារមន្ទីរ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​៕