ព្រះសីហនុៈ អ្នកភូមិចំនួន ១០ នាក់ត្រូវបានក្រុមមន្ត្រីឧទ្យានជាតិព្រះសីហនុរាម ចុះធ្វើការហាមឃាត់ និងអប់រំណែនាំឲ្យរុះរើតង់របស់ពួកគេចេញពីក្នុងតំបន់ព្រៃអភិរក្សខណៈពួកគេបានលួចឆ្មក់ចូលទៅបោះតង់ ដើម្បីតាំងទីលំនៅ និងកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទិ្ធដោយខុសច្បាប់។
លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កាលពីថ្ងៃពុធ ក្រុមមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិព្រះសីហនុរាមបានចុះល្បាតព្រៃ ហើយបានប្រទះឃើញក្រុមអ្នកភូមិ ១០ នាក់ កំពុងនាំគ្នាបោះតង់ដោយខុសច្បាប់ នៅចំណុចទួលតាប៊ិន ដែលជាតំបន់ហាមឃាត់។
លោក សុធារិទ្ធ បន្តថា ក្រោយពីឃើញសកម្មភាពបោះតង់មិនប្រក្រតីរបស់អ្នកភូមិទាំងនោះ ក្រុមមន្ត្រីឧទ្យានុរក្ស បាននាំគ្នាចូលទៅសាកសួរ ហើយដឹងថា ពួកអ្នកភូមិទាំងនោះ គឺជាអ្នករស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ហើយពួកគាត់ បានចូលទៅបោះតង់ក្នុងតំបន់ព្រៃហាមឃាត់ខាងលើនេះ ចំនួន ២ ថ្ងៃមកហើយ ក្នុងគោលបំណងចង់កាប់រានដីព្រៃក្នុងតំបន់នោះ ដើម្បីធ្វើចម្ការ។ បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់អ្នកភូមិទាំងនោះរួច ក្រុមមន្ត្រីឧទ្យានុរក្ស ក៏បានធ្វើការហាមឃាត់ និងពន្យល់ណែនាំដល់ពួកគាត់ ឲ្យបញ្ឈប់នូវរាល់សកម្មភាពល្មើសច្បាប់ទាំងនេះ និងបានបង្គាប់ឲ្យពួកគាត់រុះរើតង់ចាកចេញពីតំបន់ហាមឃាត់នោះជាបន្ទាន់។
លោក បញ្ជាក់ថា៖ «ក្រុមមន្ត្រីឧទ្យានុរក្សយើងមិនបានឃាត់ខ្លួនក្រុមអ្នកភូមិទាំងនោះទេ ដោយសារពួកគាត់ទើបតែចូលទៅកាន់តំបន់នោះ ហើយជាពិសេស ពួកគាត់បានស្ដាប់និងអនុវត្តតាមការពន្យល់ណែនាំរបស់យើង ដោយបាននាំគ្នារុះរើតង់របស់ពួកគាត់ចេញពីក្នុងតំបន់នោះ និងបានធ្វើកិច្ចសន្យាថា ពួកគាត់នឹងមិនត្រឡប់ចូលមករុករានដីព្រៃក្នុងតំបន់នេះជាថ្មីម្ដងទៀតឡើយ»។
លោក ហេង ស៊ីថា គឺជាអ្នកភូមិម្នាក់ ក្នុងចំណោមអ្នកភូមិ ១០ នាក់ ដែលបានលួចចូលទៅបោះតង់ក្នុងតំបន់ហាមឃាត់ខាងលើនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថាពួកលោកពិតជាមានបំណងចូលទៅកាប់ឆ្ការព្រៃក្នុងតំបន់ខាងលើនោះ ដើម្បីធ្វើចម្ការប្រាកដមែន ព្រោះដីក្នុងតំបន់នោះមានជីជាតិល្អ សម្រាប់ដំណាំហូបផ្លែ ដូចជា ចេក ដូង ស្វាយ ជាដើម។
លោកថ្លែងថា កាលពីថ្ងៃអាទិត្យ ពួកលោកបានចូលទៅក្នុងតំបន់នោះ ហើយឃើញមានដំណាំមួយចំនួន ដែលទើបត្រូវបានគេដាំក្នុងពេលថ្មីៗនេះ ប៉ុន្តែពុំឃើញមានមនុស្សនៅទីនោះទេ។ លុះដល់ថ្ងៃចន្ទ ពួកលោកបាននាំគ្នាទៅបោះតង់នៅទីនោះ ដើម្បីកាប់រានដីព្រៃ ធ្វើចម្ការ ប៉ុន្តែត្រូវបានក្រុមមន្ត្រីបរិស្ថានចុះល្បាតប្រទះឃើញ ហើយបានហាមឃាត់។
លោក ស៊ីថា បញ្ជាក់ថា៖ «ពួកយើងទទួលស្គាល់ថា យើងពិតជាខុសមែន ព្រោះតែពួកយើងទទួលស្គាល់កំហុសខ្លួនឯងនេះហើយ ទើបនាំគ្នារុះរើតង់ចេញពីតំបន់នោះដោយមិនមានការប្រកែកតវ៉ាអ្វីទាំងអស់គឺពួកយើងគោរព និងអនុវត្ត តាមការណែនាំពីមន្ត្រីជំនាញ»។
បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើង ក្រោមការបំផុសបំផុលពីក្រុមឈ្មួញរកស៊ីជួញដូរដីធ្លី ហើយ ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិ ដើម្បីទន្ទ្រានយកដីមកកាន់កាប់ជាកម្មសិទ្ធិឯកជនខុសច្បាប់ខ្លះ ត្រូវបានគេធ្វើឡើងមានច្រើនរូបភាព ដូចជាការបោះបង្គោលព្រំដី ការកាប់ត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវកាលដូចជាពោត ដំឡូង សណ្តែក និងដំណាំបន្លែរួមផ្សំ។ «ការយកពលរដ្ឋមកធ្វើជាលេស ដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឲ្យឡើយ»៕