ភ្នំពេញ: ពលរដ្ឋរស់នៅលើអគារអង្គរជ័យដែលចាស់ទ្រុឌទ្រោមស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោមក្នុងខណ្ឌ ៧ មករា បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់ ក្រោយពីមានការរបេះដុំថ្មមកលើថ្នល់។ ប៉ុន្តែមន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា រដ្ឋបាលក្រុងមិនទាន់មានគម្រោងដោះស្រាយទេ ក្រៅតែពីផ្ដល់ព័ត៌មាន និងជំរុញឲ្យពលរដ្ឋចូលរួមគិតគូរ។
កាលពីថ្មីៗនេះនៅអគារដែលមានអាយុកាលប្រមាណ ៧០ ឆ្នាំនេះបានរបេះជ្រុះផ្នែកខ្លះនៃសំណង់មកលើផ្លូវ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ នេះបើតាមពលរដ្ឋរស់នៅទីនោះប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២ កញ្ញា។
លោក ឃុំ រស្មី ជាតំណាងពលរដ្ឋនៅអគារនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលរដ្ឋកំពុងមានការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពដោយខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង [ខ្លាចបាក់អគារ] ។
លោក រស្មី បានថ្លែងថា៖ «ការពិតយើងបារម្ភជាងអស់លោកថ្នាក់ដឹកនាំធំៗដែលគិតចំពោះពួកយើងទៅទៀត ប៉ុន្តែដូចថា ផ្ទះយើងនៅហ្នឹងទៅហើយ វាទាល់ហើយ មិនដឹងថាទៅស្នាក់នៅកន្លែងណាទេ ថ្ងៃមុនមានភ្លៀង បានរបេះធ្លាក់ថ្មជញ្ជាំង និងពិតានជាច្រើនដុំទៀតផង»។
បើតាមលោក រស្មី អគារនោះមានជាង ១០០ បន្ទប់ និងមានពលរដ្ឋរស់នៅ ៦៥ គ្រួសារ ក្នុងនោះភាគច្រើនមកស្នាក់នៅតាំងពីឆ្នាំ ១៩៩០ តែអ្នកខ្លះនៅពីឆ្នាំ ១៩៨០ ក៏មាន។ រីឯ បរិស្ថានក្នុងអគារនោះកខ្វក់ ជះក្លិនមិនល្អគ្រប់ពេល ហើយបន្ទប់ទឹកប្រើរួមគ្នាពិបាករស់នៅណាស់។
លោកបញ្ជាក់ថា៖ «បងប្អូនភាគច្រើនចង់ផ្លាស់ប្តូរលំនៅចេញពីទីនោះ ប៉ុន្តែក្នុងលក្ខខណ្ឌមួយសមស្របទើបឯកភាពគ្នាដូចថា យើងចុះចេញក្នុងតម្លៃមួយដែលអាចយកលុយទៅទិញកន្លែងថ្មីបាននៅអ៊ីចឹងទៅ មិនចង់បានអ្វីហួសហេតុពេកទេ» ។
លោកបន្ថែមថា ពលរដ្ឋខ្លួនឯងមិនអាចរកដំណោះស្រាយអ្វីល្អទេ មានតែពឹងលើអាជ្ញាធរ ឬថ្នាក់ដឹកនាំខាងលើជួយទើបអាចរកច្រកចេញបាន។
រីឯពលរដ្ឋម្នាក់ទៀតដែលរស់នៅទីនោះជិត ៣០ ឆ្នាំគឺលោក ហួស សុគន្ធា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ ២ កញ្ញាដែរថា លោក និងក្រុមគ្រួសារបារម្ភពីសុវត្ថិភាពជាខ្លាំង ពិសេសពេលភ្លៀងម្តងៗគឺតែងមានថ្មពិតានធ្លាក់មកទាំងដុំៗ។
លោកថា៖ «ខ្ញុំចង់ឲ្យមានការជួយដោះស្រាយឲ្យបានឆាប់ៗ អាចថាដូចការដោះស្រាយនៅអគារប៊ុលឌីងក៏បាន ឬក៏ថា មានកន្លែងមួយដោះដូរឲ្យពួកខ្ញុំអាចទៅរស់នៅធ្វើការងារប្រកបរបររកស៊ីអីបានក៏ល្អដែរ»។
ចំណែកបុរសវ័យ ៦៥ ឆ្នាំម្នាក់ដែលថា បានមករស់នៅក្នុងអគារនោះតាំងពីឆ្នាំ ១៩៩០ គឺលោក ជ័យ ជា បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា បើមានការសម្រួលណាមួយ លោកចង់បានជាថវិកាសមរម្យដែលអាចយកទៅទិញដីធ្វើផ្ទះ និងទិញរបស់ប្រើប្រាស់ផង។
លោកថា៖ «ប្រសិនបើមានការសម្រួលឲ្យទៅនៅកន្លែងផ្សេង ខ្ញុំមិនព្រមទេ ខ្ញុំសុំតែថវិកាមួយក្នុងទំហំសមរម្យខ្ញុំចេញហើយ ព្រោះអាហ្នឹង កាលណាយើងមានថវិកាយើងចង់ទៅឆ្ងាយក្រុងក៏បាន ជិតក្រុងក៏បានអែបៗហ្នឹងក៏បានស្រួលជាងលំនៅដែលគេប្តូរឲ្យ»។
ទាក់ទិននឹងបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃ ២ កញ្ញា ថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងរកវិធីដោះស្រាយជូនប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែមិនទាន់ឯកភាពជ្រើសរើសជម្រើសណាមួយ ដើម្បីដាក់ចេញជាដំណោះស្រាយនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់ចម្បងនាពេលនេះមាន ២ ចំណុច ទី ១ គឺផ្តល់ព័ត៌មានអំពីស្ថានភាពនៃភាពចាស់ទ្រុឌទ្រោមនៃអគារថា វាដល់កម្រិត ហើយពលរដ្ឋមិនគួរស្នាក់នៅបន្តទៀតទេ។ យើងការពារអាយុជីវិតពលរដ្ឋ ក្រែងលោពេលមានឧបទ្ទវហេតុអីកើតឡើង។ ទី ២ ចូលរួមគិតជាមួយគ្នា ដែលជាទូទៅយើងផ្តល់អាទិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការផ្តល់គំនិត ឬក៏ជ្រើសរើសនៃការដោះស្រាយណាមួយក្រៅពីពួកគាត់បានពិគ្រោះ បានឯកភាពគ្នាហើយ ទើបយើងគិតគូរយកមកដោះស្រាយរួមគ្នាបន្តទៀត»។
កាលពីចុងខែមុន អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានអញ្ជើញពលរដ្ឋដែលរស់នៅលើអគារនោះជិត ១០០ នាក់ឲ្យមកពិភាក្សាដើម្បីរកដំណោះស្រាយណាមួយ។
លោកបញ្ជាក់ថា៖ «អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយការប្រឈមមុខនឹងហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ»៕
វីដេអូ៖