ភ្នំពេញៈ លោកស្រី រ៉ូ​ណា ស្ម៊ីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម ៧ ថ្ងៃ​ នៅ​កម្ពុជា​ដោយ​បាន​ជួប​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ជាច្រើន​រូប ហើយ​បាន​ពិភាក្សា​ដោយ​បើក​ចំហ​អំពី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ប្រទេស​ កម្ពុជា។


លោកស្រី ស្ម៊ីត បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​មួយ​កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​រាជ​រដ្ឋាភិបាល លោក​ស្រី​ក៏មាន​ជួប​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួម​មាន​ប្រជាពលរដ្ឋ តំណាង​សង្គម​ស៊ីវិល សហគមន៍​ការទូត​និង​ក្រុម​អង្គការ​សហ​ប្រជាជាតិ ប្រចាំ​ប្រទេស ​កម្ពុជា។

លោកស្រី ស្ម៊ីត បាន​ថ្លែងថា៖ «ខ្ញុំ​បានបញ្ចប់​បេសកកម្ម​លើក​ទី ៧ របស់ខ្ញុំ ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​បំពេញ​ទស្សនកិច្ច​នាពេល​នេះ និង​ឆន្ទៈ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ដែល​បាន​យល់​ព្រម​ជួប​ប្រជុំ​ជាមួយ​ខ្ញុំ»។

លោកស្រី​ថ្លែងទៀត​ថា​៖​​ «​ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ចំពោះ​បញ្ហា​ទូ​ទៅ​ ស្តី​ពី​សិទ្ធិ​មនុស្ស​ ​និង​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​​។​ ​ក្នុង​ន័យ​នេះ ខ្ញុំ​មាន​ការ​សោ​ក​ស្តាយ​ចំពោះ​ការ​បំពេញ​ការ​ងារ​ ​និង​ការ​តស៊ូ​មតិ​ដើម្បី​លើ​ក​កម្ពស់​ និង​កា​រពារ​សិទិ្ធម​នុ​ស្ស ​បែរ​ជា​​​​​​ត្រូវ​បាន​គេប​ន្ត​ចាត់​ទុ​​ក​ថា​ជា​ផ្នែក​មួយ​នៃ​គណបក្ស​ប្រ​ឆាំង​ ឬ​មាន​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅវិញ»។​


​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ស្រី​បា​ន​បង្ហាញ​ការ​សោក​ស្ដាយ​ និង​នៅ​តែ​មាន​ការ​បារម្ភ​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​ និង​ការ​ដាក់​សម្ពាធ​ទៅ​លើ​សមា​ជិក​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំ​លាយ​ចោល​ដោយ​តុលាការ​កំពូល។​


​លោកស្រី​ ថ្លែង​ផងដែរ​ថា៖ «នៅ​គ្រ​​ប់​​បណ្តា​ប្រទេស​ទាំង​អស់​ ​បញ្ហា​សិទិ្ធ​​មនុស្ស​អាច​ជា​ចំណុ​ចរ​សើប​ផ្នែក​នយោ​បា​យ​ ​ហើ​យ​ខ្លឹម​សារ​នៃ​សិទ្ធិ​ពល​រដ្ឋ​និង​សិទ្ធិ​ន​យោ​​បាយ​គឺ​ទាក់​ទង​នឹង​លំ​ហ​ន​យោ​បាយ​។​ ​ក្នុង​ស្មារ​តី​នេះ​ដែរ​ ​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ ​ការ​លើក​ទឹក​ចិត្ត​របស់​ខ្ញុំ​ដល់​រដ្ឋា​ភិ​បាល​ ​ជា​ពិសេស​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ពង្រឹង​ការ​គោរព​សេរីភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី»។​ ​

លោក​ស្រី​ក៏បាន​បង្ហាញ​នូវ​ការទទួល​ស្គាល់​ផងដែរ​ថា​ ​ការ​ប្រ​មូល​ផ្តុំ​​ពាក់​ព័ន្ធ​​នឹង​ករណី​ដី​ធ្លី​ ​ជា​ពិសេស សហ​គមន៍​ដែល​ធ្វើ​ដំ​ណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញា​​ធរ​ពា​ក់​ព័​ន្ធ​ត្រូវ​បា​ន​អនុ​ញ្ញា​ត។​ ក៏ប៉ុន្តែ​ ​លោក​ស្រី ក៏កត់​សម្គាល់​ឃើញ​ថា​ ​ការ​អនុ​ញ្ញាត​ហែ​ក្បួន​នៅ​ទិ​វា​សិទ្ធិ​ម​នុស្ស ទិវា​សិទ្ធិ​នារី​អន្ត​រ​ជា​តិ​ ​និង​ទិ​វា​ពល​កម្ម​អន្តរ​ជាតិ​ ​ត្រូវ​បាន​បដិ​សេធ​ដោយ​សារ​តែ​មាន​ហេតុ​ផល​ថា​ ​អាច​មាន​ការ​រំខាន​ដល់​ចរាចរណ៍។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​សូម​រំឭក​ថា ​គោល​ការណ៍​ណែ​នាំ​សម្រាប់​អនុ​វត្ត​ ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិធី​ គូស​បញ្ជាក់​ថា​ កា​​រប៉ះ​ពាល់​ដល់​ចរាចរណ៍ ​​មិន​មែ​ន​ជា​មូល​ដ្ឋាន​ដើ​ម្បី​បដិ​សេធ​ការ​ស្នើ​សុំ​ហែក្បួន​នោះ​ឡើយ​»។​​​ ​

លើស​ពី​នេះ​ទៅ​ទៀត​ ​លោក​ស្រី​ក៏​បាន​​សូម​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ ចៀសវាង​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​នៅ​​ក្នុ​ង​ការ​គ្រប់​គ្រង​លើ​ការ​ប្រមូល​ផ្តុំ។​ ​ការ​ចូល​រួម​ប្រកប​ដោយ​អត្ថ​ន័យ​នៅ​ក្នុង​អភិ​បាល​កិច្ច​ ​និង​កា​រ​អភិ​វឌ្ឍក៏​បាន​រួម​បញ្ចូល​ផង​ដែរ​នូវ​សិទ្ធិ​ចូល​រួម​ចំ​ណែ​ក​នៅ​ក្នុង​ការ​រៀប​ចំ​កិច្ច​ការ​សាធារណៈ​ ដោយ​ផ្ទាល់​ ​ឬ​តាម​រយៈ​តំណាង​ដែល​បាន​ជ្រើស​រើស​ដោយ​សេរី។

​នៅ​ក្នុង​ករ​ណី​នេះ​ ​លោ​ក​​ស្រី​ ក៏បាន​​ស្វា​គ​ម​ន៍ចំ​ពោះ​ការ​លើក​លែង​ទោស​ដោយ​ព្រះ​មហា​ក្សត្រ ​និង​ការ​ដោះ​លែ​ង​សមា​ជិក​​ និង​សកម្ម​ជន​គណ​បក្ស​ប្រ​ឆាំង​មួយ​ចំនួន​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ក​ត់​សម្គាល់​ចំពោះ​ការ​អនុ​ម័ត​វិសោធ​ន​កម្ម​ច្បាប់​ស្តី​ពី​គណ​បក្ស​ន​យោ​បាយ​កាល​ពី​ខែ​ធ្នូ​ក​ន្លង​ទៅ ​ដែល​អនុ​ញ្ញាតឲ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​សកម្មភាព​នយោ​បាយ​ដោយ​តុលា​ការ​កំពូល​កាល​ពី​លើក​មុន​ ​អាច​ស្នើ​សុំ​សិទ្ធិ​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ឡើង​វិញ​ ​តាម​រយៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​ព្រះមហា​ក្សត្រ​»។

លោក​ស្រីក៏បាន​អះ​អាង​ផងដែរ​ ជាលទ្ធ​ផល​មាន​បុគ្គល​ចំនួន ​៩​ រូ​ប​ ក្នុង​ចំណោម ​១១៨​ រូប ដែល​ត្រូវ​បាន​ហាម​ឃា​ត់​ ​បាន​សម្រេច​ចិត្ត​ប្រើប្រាស់​ ​​ប​ទ​ប្ប​ញ្ញត្តិ​នៃ​វិ​សោធ​ន​កម្ម​ច្បាប់​នេះ​ ​និង​ត្រូវ​បាន​ស្តារ​នីតិសម្បទា​ឡើង​វិញ​។

​​ទោះ​ជា​យ៉ាង​ណាក៏ដោយ​លោក​ ​គឹម​ ​សន្ដិ​ភាព​ ​មន្ត្រី​នាំពា​ក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ដោយ​អះអា​ងថា ​មិន​យល់​អំពី​ទស្សនៈ​លើក​ឡើង​របស់​លោក​ស្រី រ៉ូ​ណា​ ស្មុីត​ អំ​ពី​ការ​ដាក់​សម្ពាធ​លើ​អតី​ត​សមា​ជិក​បក្ស​ប្រ​ឆាំង​នោះ​​​ទេ​ ព្រោះ​​ចំណាត់​ការ​របស់​តុលាការ​កន្លង​មកមិន​ដែល​ជាប់​​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​ឡើយ​ និង​មាន​តែ​មាន​ការ​អនុវត្ត​ចំពោះ​អ្នក​នយោបាយ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ប៉ុណ្ណោះ។​

លោក​ ​គឹម​ ​សន្ដិ​ភាព​ ថ្លែង​ថា​៖​ «​តើ​កម្ពុជា​នឹង​ក្លាយ​ជា​​ប្រទេស​ប្រកាន់​នី​តិ​​រដ្ឋ​ឬ​ប្រកាន់​អំពើ​និ​ទ្ទណ្ឌ​ភាព​ ​ប្រសិន​តុលាការ​លើក​លែង​ទោស​ឱ្យ​អ្នក​នយោ​បាយ​ប្រព្រឹត្ត​បទ​ល្មើស​រួច​ខ្លួន​ តែ​មិន​លើក​លែង​ទោស​ចំពោះ​ពល​រដ្ឋ​សា​មញ្ញ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដូច​អ្នក​នយោបាយ។ ​ខ្ញុំ​មាន​ចម្លើយ​តែ​ប៉ុណ្ណឹ​ង​​ ​សុំ​កុំ​ឱ្យ​យក​ចំណាត់​ការ​របស់​តុលា​ការទៅ​ជា​ចំណាប់​ខ្មាំង​នៃ​អ្នក​នយោ​បាយ​ ​គឺ​តុលា​ការ​អនុ​វត្ត​ច្បាប់​ទៅ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ រាល់​បុគ្គល​ទាំង​ឡាយ​ណា​ប្រព្រឹត្ត​បទ​ល្មើស​ ​គឺ​ស្ថិត​ក្នុង​យុត្ថា​ធិការ​ព្រហ្ម​ទណ្ឌ​របស់​តុលាការ​ហើយ»។​

លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌត្យ​ស​ភា​កម្ពុ​ជា ​និង​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ជាទូ​​ទៅ​អ្នក​រាយ​ការណ៍​ពិ​សេស​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ អ​ស​ប​ ហាក់​ដូច​ជា​មាន​ជំហរ​ ​ឬ​ទស្សនៈ​ទៅ​កាន់​គណ​បក្ស​ប្រឆាំង​ច្រើន​ជាង ​ហើយ​ការ​បំពេញ​ទស្សនកិច្ច​​របស់​គាត់​គឺ​គាត់​មក​​តែ​ក្នុង​រយៈ​​ពេល​ខ្លី​ដោយ​មិន​បាន​ស្វែង​យល់​​ពី​សភាព​ការណ៍​ទូ​ទៅ​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣៦៥ ថ្ងៃ​ទេ។​ ​

លោក ​គិ​ន ​ភា​ ​បញ្ជាក់​ថា​៖ ​«គាត់​មក​មើល​តែ​ជ្រុង​ណា​មួ​យ​ ហើយ​ទស្សនៈ​របស់​គាត់​គឺ​ចាប់​អារម្មណ៍​ ជា​ពិសេស​ទៅ​លើ​ភាព​អវិជ្ជ​មាន​របស់​រាជ​រដ្ឋាភិបាល។​ ​អ៊ីចឹង​ហើយ ​រាល់​ពេល​ដែល​គាត់​ចេញ​របាយ​ការណ៍ ធ្វើ​ឱ្យ​ខាង​រដ្ឋាភិ​បាល​លោក​យល់​ថា​ជា​ជំហរ​មួយ​ដែល​ស្រប​ទៅ​នឹ​ង​ទស្សនៈ​របស់​បក្ស​ប្រឆាំង។​ ​អា​ហ្នឹង​គឺ​អ្នក​រាយការណ៍​ពិ​សេស​ខ្លួន​ឯង​គួរ​តែ​ពិនិត្យ​អំពី​ទិដ្ឋ​ភាព​ ​និង​វិជ្ជា​ជីវៈ​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ»។​

លោក​ ​គិន​ ​ភា ​បន្ត​ថា ​រដ្ឋាភិ​បាល​ក៏​គួរ​តែ​គិត​មើល​ឡើង​វិញ​ថា​ តើ​អ្វី​ដែល​ជា​អនុ​សាសន៍​ឬ​ក៏​កង្វល់​របស់​អ្នក រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​​មនុស្ស​របស់ ​អ​ស​ប​ វា​សម​ស្រប​ និង​ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍​ជាក់ស្តែង​ ​ហើយ​រដ្ឋាភិ​បាល​គួរ​យក​អនុ​សាសន៍​នោះ​មក​​ពិចារ​ណា​ធ្វើ​ការ​កែ​លម្អ​ដើ​ម្បី​លើក​កម្ពស់​សិទ្ធិ​នៅ​កម្ពុជា​ដែរ​ឬ​យ៉ាង​ណា?

លោ​ក​ ​ភា ​ថ្លែង​​ថា៖​ «​យើង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រ​ជាព​ល​រដ្ឋ​ក៏​ដូច​ជា​អ្នក​រាជ​ការ​ទាំង​អស់​រួម​ទាំង​តុលា​ការ​ជា ពិសេស​ហ្នឹង​គឺ​​​គោរព​គោល​ការ​ណ៍​នី​តិ​រដ្ឋ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ»។​

​លោក​ ​ផៃ ​ស៊ី​ផា​ន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជាកាល​ពី​ម្សិល​មិញ​​ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ៕​